ភ្នំពេញៈ ទំនាក់ទំនង​រវាង​លោក​ កឹម សុខា អតីត​មេបក្ស​ប្រឆាំង និង​លោក​ យ៉ង សាំងកុមារ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) ​នោះ​ថ្នាក់ដឹកនាំ​គណបក្ស​កាន់អំណាច​មិនទាន់​មាន​ចំណាត់ការ​អ្វី​ទេ ដោយសារ​ករណី​លោក​ កឹម សុខា ស្ថិត​ក្នុង​ដៃ​តុលាការ ហើយ​ថា ការផ្សព្វផ្សាយ​ពី​ជំនួប​រវាង​អ្នកនយោបាយ​ទាំង​ ២ ​ជា​ការស្ទង់​មើល​ជំហរ​តុលាការ​។ នេះ​បើ​តាម​មន្ត្រី​នាំពាក្យ​បក្ស​កាន់អំណាច​។

មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់អំណាច​លោក សុខ ឥសាន អះអាង​ពី​ម្សិលមិញ​ថា ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​មិនទាន់​មាន​ចំណាត់ការ​អ្វី​ទេ​ចំពោះ​ការលើកឡើង​របស់​មេធាវី​លោក​ កឹម សុខា អំពី​ទំនាក់ទំនង​រវាង​លោក​ កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ និង​លោក យ៉ង សាំងកុមារ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ព្រោះ​រឿងនេះ​ស្ថិត​នៅក្នុង​នីតិវិធី​របស់​តុលាការ​។

លោក​ សុខ ឥសាន ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា ការផ្សព្វផ្សាយ​ជា​សាធារណៈ​របស់​លោក​ ចាន់ ចេន មេធាវី​លោក​ កឹម សុខា អំពី​ទំនាក់ទំនង​របស់លោក​ កឹម សុខា ជាមួយ​លោក យ៉ង សាំងកុមារ គឺជា​ការចង់​ស្ទង់​មតិ​មើលថា តើ​តុលាការ​មាន​ប្រតិកម្ម​យ៉ាងម៉េច បន្ទាប់ពី​ការលើកឡើង​នេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនទាន់មាន​ព័ត៌មាន​ថា​ថ្នាក់ដឹកនាំ​គណបក្ស​ (​កាន់អំណាច​) ​លោក​មាន​ចំណាត់ការ​អ្វី​ទេ​។ ប៉ុន្ដែ​ជា​ការបណ្ដោយ​ឱ្យ​លោក​ កឹម សុខា ធ្វើសកម្មភាព​។ បើ​មិនទាន់​មាន​ការចោទ​ពី​តុលាការ​ទេ គណបក្ស​មិនទាន់​មាន​យោបល់​ទេ ព្រោះ​ស្ថិត​នៅក្នុង​ដៃ​តុលាការ​»​។

លោក​ឥសាន​បញ្ជាក់ថា​៖ «​សិទ្ធិ​មេធាវី គឺមាន​សិទ្ធិ​ហើយ ប៉ុន្ដែ​ការបញ្ចេញមតិ​របស់​មេធាវី​មាន​អាណត្តិ​របស់​លោក​ កឹម សុខា វា​ចូលទៅក្នុង​ក្របខ័ណ្ឌ​បម្រាម​របស់​តុលាការ​។ អ្វីដែល​ខ្ញុំ​មានមតិ គឺថា​កាលណា​ដែល [​កឹម សុខា​] ធ្វើ​សកម្មភាព​អ្វី​ផ្ទុយ​អំពី​បម្រាម​របស់​តុលាការ​នោះ វា​ចូល​កាន់តែ​បង្កើន​ពិរុទ្ធភាព​ទៅទៀត​។ ដូច្នេះ​ខ្ញុំ​និយាយ​ជា​ទ្រឹស្ដី​ភាគច្រើន និង​និយាយ​ពី​រឿង​គោលការណ៍​ច្បាប់​ និង​បម្រាម​របស់​តុលាការ​»​។

បើតាម​លោក ឥសាន ការលើកឡើង​របស់​មេធាវី​របស់​លោក​ កឹម សុខា គ្រាន់តែ​ជា គំនិត​ និង​ទ្រឹស្ដី​។ បើសិន​ជា​ការចងសម្ព័ន្ធភាព​ជាក់ស្ដែង​ទើប​ខុស​។

លោក​ថា​៖ «​ខ្ញុំ​និយាយ ខ្ញុំ​មិនមាន​ទៅ​បំពាន​តុលាការ​ឯណា ខ្ញុំ​និយាយ​ទៅតាម​គោលការណ៍​ច្បាប់​ទេ​។ បើកាលណា​ពួកគាត់​បំពាន​បម្រាម​តុលាការ អាហ្នឹង​វា​ខុស​ហើយ​។ បើ​ធ្វើ​ក្រៅពី​បម្រាម​តុលាការ អត់​មាន​ពាក់ព័ន្ធ​អី​ដូចជា គាត់​ (​កឹម សុខា​)​ ​ចុះ​ជួប​មហាជន អាហ្នឹង​វា​អត់​អី​ទេ​។ កុំ​ឱ្យតែ​និយាយ​ពី​រឿង​នយោបាយ កៀរគរ​កម្លាំង អាហ្នឹង វា​ខុស​។

លោក​ ចាន់ ចេន មេធាវី លោក កឹម សុខា បាន​សរសេរ​សារ​លើ​ហ្វេសប៊ុក​របស់​លោក​ដោយ​មាន​រូបថត​លោក កឹម សុខា និង​លោក យ៉ង សាំងកុមារ រួម​នឹង​សហការី​កាលពី​ថ្ងៃទី​ ៣០ មីនា ឆ្នាំ​ ២០២១ ​ថា​៖ «​ឈាម​រត់​រក​ឈាម កូន​កសិករ រត់​រក​កសិករ​។ អ្នកប្រជាធិបតេយ្យ ពិតប្រាកដ​ដែល​ស្មោះត្រង់​នឹង​ជាតិ​ដូចគ្នា គឺ​នៅ​បន្ត​រួមសុខ រួមទុក្ខ ជាមួយគ្នា មិន​រត់ចោល​គ្នា ទោះបី ស្ថានភាព​លំបាក​ ឬ​គ្រា​មាន​អាសន្នអន្ធ​ក្រ​យ៉ាងណាក៏ដោយ​»​។

លោក​សរសេរ​ថា​៖ «​លោក កឹម សុខា និង​លោក​បណ្ឌិត យ៉ង សាំងកុមារ [​អ្នកជំនាញ​ខាង​កសិកម្ម​] ​ព្រមទាំង​សហការី​បាន​ជួបគ្នា​លើ​ទឹកដី​ខេត្តមណ្ឌលគិរី​នាពេល​កន្លងមក​ដើម្បី​ស្វែងយល់​អំពី​ដំណាំ​កសិកម្ម​ [​កាហ្វេ តែ ផា​សិន​] និង​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​»​។

ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​ទាក់ទង​លោក ចាន់ ចេន ដើម្បី​បកស្រាយ​ជុំវិញ​រឿងនេះ​បាន​ទេ​ពី​ម្សិលមិញ ដោយ​ទូរស័ព្ទ​គ្មាន​អ្នកទទួល​។

លោក​ យ៉ង សាំងកុមារ ប្រាប់ថា រូបថត​ដែល​លោក​ ចាន់ ចេន បង្ហោះ​លើ​ហ្វេសប៊ុក​គឺជា​រូបថត​ដែល​ថត​ជាមួយ​លោក​ កឹម សុខា ពី​ឆ្នាំមុន​នៅ​ខេត្ដ​មណ្ឌលគិរី​ពេល​ចុះ​ស្វែងយល់​ពី​ដំណាំ​កសិកម្ម​។

លោក​ថា​៖ «​ខ្ញុំ​មិនអាច​ធ្វើការ​អ្វី​ជាមួយ​គាត់​បាន​ទេ ព្រោះ​គាត់​អត់​មាន​សេរីភាព​នយោបាយ​។ ដូច្នេះ​យើង​អត់​បាន​មាន​ជា​សកម្មភាព​អ្វី​ជាមួយ​គាត់​ទេ​។ គាត់​ក៏​អត់​ចង់​ដែរ ព្រោះ​ខ្លាច​ប៉ះពាល់​ទៅដល់​បញ្ហា​របស់គាត់​»៕

វីដេអូ៖