ឧត្តរមានជ័យៈ អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ​បដិសេធ​ចំពោះ​ការចោទប្រកាន់​ពី​សំណាក់​ជនពិការ​ ១ ​គ្រួសារ​ដែល​បានដាក់​ពាក្យបណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ស្នើ​ឲ្យ​ស៊ើបអង្កេត​រឿង​អយុត្តិធម៌​របស់​ពួកគេ និង​ចោទប្រកាន់​ថា ស្ថាប័ន​តុលាការ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​យោធា​ផ្កាយ​ ២ ដែល​ជា​ដើមបណ្តឹង ដើម្បី​បង្វែរ​រឿង​ជម្លោះ​ដីធ្លី​ទៅ​ជា​រឿង​បរិហារ​បង្កាច់​កេរ្ដិ៍​។

កាលពី​ថ្ងៃទី​ ២២ ខែ​មិថុនា ឆ្នាំ​ ២០២០ គ្រួសារ​ជនពិការ​ជើង​មួយ​ចំហៀង ដែល​ជា​អតីតយុទ្ធជន លោក ធឹម ឆន អាយុ ៥៤ ​ឆ្នាំ និង​អ្នកស្រី ញ៉េប ពៅ អាយុ ៤៤ ​ឆ្នាំ​រស់នៅ​ភូមិ​ស្រឡៅស្រោង ឃុំ​លំទង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​គ្រួសារ​លោក​។ យោងតាម​ពាក្យបណ្ដឹង​របស់​អ្នក​ទាំង​ ២ បាន​រៀបរាប់ថា អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ និង​លោក​ ទ្រី សុភ័ត ជា​ចៅក្រម​ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​លោក ទេស សំអាត មន្ត្រី​ផ្កាយ ២ ​នៃ​ក្រសួង​ការពារជាតិ​បាន​ចាប់ឃុំខ្លួន​ពួកគាត់​ទាំង​ ២ ​នាក់​ប្ដី​ប្រពន្ធ ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​។

២ ​នាក់​ប្តី​ប្រពន្ធ​បាន​អះអាង​ក្នុង​ពាក្យបណ្តឹង​ថា​៖ «​ចាប់​ឃុំខ្លួន​កាលពី​ថ្ងៃទី​ ១៧ ខែធ្នូ ឆ្នាំ​ ២០១៩​។ ខ្ញុំ​បាន​នៅក្រៅ​ឃុំ​នៅ​ថ្ងៃទី​ ៤ ខែមីនា ឆ្នាំ​ ២០២០​។ សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី​ ១០ ខែ​មិថុនា ឆ្នាំ​ ២០២០​។ ប្រកាស​សាលក្រម នៅ​ថ្ងៃទី​ ១៧ ខែមិថុនា ឆ្នាំ​ ២០២០ ដោយ​បង្វែរ​សំណុំរឿង​ជម្លោះ​ដី​ទៅ​ជា​រឿង​បរិហារ​បង្កាច់​កេរ្ដិ៍ និង​បើក​សវនាការ​សម្រេច​ក្តី​ឲ្យ​ខ្ញុំបាទ​នាង​ខ្ញុំ​សង​ជំងឺចិត្ត​លោក​ផ្កាយ​ ២ ទេស សំអាត ចំនួន ៥០០០ ​ដុល្លារ​»​។

ប៉ុន្តែ​លោក គង់ រតនា ព្រះរាជអាជ្ញារង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ករណី​នេះ​គឺ​មាន​ការប្តឹង​ចោទប្រកាន់​ពី​សំណាក់​ដើមបណ្តឹង លោក​ ទេស សំអាត ដែល​បាន​រង​ផលខូចខាត​បន្ទាប់ពី ២ ​នាក់​ប្តី​ប្រពន្ធ​នេះ​បាន​ប្តឹងទៅ​ក្រសួង​ការពារជាតិ ករណី​ដែល​ជា​រឿង​មិន​ពិត​។ លោក​បញ្ជាក់​ថា ការលើកឡើង​របស់​ ២ ​នាក់​ប្តី​ប្រពន្ធ​នេះ​គឺ​មិន​ត្រឹមត្រូវ​នោះទេ ហើយ​តំណាង​អយ្យការ និង​ភាគី​ដើមបណ្តឹង​ព្រមទាំង​ចៅក្រម​ក៏​មិន​បាន​ប្រព្រឹត្ត​អ្វី​ដូច​ការចោទប្រកាន់​ដែរ​។

លោក​អះអាង​ថា​៖ «​រឿង​ដែល​យើង​កាន់​នេះ​គឺ​ដោយសារ​តែ​ ២ ​នាក់​ប្តី​ប្រពន្ធ បាន​ប្តឹង​មួលបង្កាច់​ដើមបណ្តឹង​ដែល​ជា​ហេតុ​នាំឲ្យ​ដើមបណ្តឹង​ (​ទេស សំអាត​) គាត់​ប្តឹង​មក​តុលាការ​។ យើង​មិន​ដែល​ស្គាល់​លោក​ផ្កាយ ២ នេះ​ទេ ទាល់តែ​គាត់​ប្តឹង​មក​តុលាការ​បាន​យើង​មាន​ចំណាត់ការ​លើ​រឿងនេះ​។ ជាក់ស្តែង ខាងយើង​ក៏​មិន​ដែល​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​លោក​ផ្កាយ​ ២ ​នេះដែរ​»​។

បន្ថែម​ពីនេះ​លោក គង់ រតនា ថ្លែង​ថា​ចំពោះ​សំណុំរឿង​ដែល​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​បាន​សម្រេច​រួចហើយ បើ​ភាគី​ចុងចោទ​មិន​សុខចិត្ត​មាន​សិទ្ធិ​ប្តឹង​បន្តទៅ​សាលាឧទ្ធរណ៍​ដោយ​ដាក់​ភ័ស្តុតាង​មក​ការពារ​ខ្លួន​ដើម្បី​ឲ្យ​តុលាការ ស្វែងរក​យុត្តិធម៌​ជូន​បាន​។

តាម​ការរៀបរាប់​របស់​ ២ ​នាក់​ប្តី​ប្រពន្ធ​នៅក្នុង​ពាក្យបណ្តឹង​បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​ ២០០២ ពួកគេ​ទាំង​ ២ ​នាក់​ប្តី​ប្រពន្ធ និង​ប្រជាពលរដ្ឋ​ចំនួន ១២ ​គ្រួសារ​ផ្សេងទៀត​ត្រូវ​បាន​លោក​ផ្កាយ​ ២ ទេស សំអាត​ជួល​ឲ្យ​ទៅ​កាប់​រាន​ដីព្រៃ​របស់​រដ្ឋ យក​ធ្វើ​ជា​កម្មសិទ្ធិ​ចំនួន ២ ​ទីតាំង​មាន​ទំហំ ២២០ ​ហិកតា​ស្ថិត​នៅ​ភូមិ​លំទងចាស់ ឃុំ​លំទង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។

ពួកគេ​អះអាងថា​៖ «​នៅ​ឆ្នាំ​ដដែល​លោក​ផ្កាយ​ ២ ​អត់​មាន​ប្រាក់​ឈ្នួល​ឲ្យ ក៏​សុំ​ពួកគាត់​កាប់​រាន​ព្រៃឈើ​យក​ដី​រដ្ឋ​ចែក​គ្នា ដោយ​លោក​ផ្កាយ​ ២ នៅ​ចាំ​ការពារ​មិន​ឲ្យ​មេព្រៃ និង​បរិស្ថាន​ចាប់ និង​ចេញថ្លៃ​សាំង​ ៣ ​កាន អង្ករ​ ២ ​ការ៉ុង និង​តម្លៃ​ឈ្នួល​កាប់​ព្រៃ ៤០ ​ម៉ឺន​រៀល​ក្នុង ១ ​ហិកតា​។ រហូត​កាប់​ព្រៃ​រួចរាល់ ពួកគាត់​បាន​ស្នើឲ្យ​ទៅ​វាស់ដី​ចែក​គ្នា តែ​លោក​ផ្កាយ​ ២ ​យក​លេស​ថា ជាប់​រវល់​រហូត​។ ក្រោយមក​នៅ​ឆ្នាំ ២០១៤ លោក​ផ្កាយ​ ២ ទេស សំអាត បាន​គំរាម​លើ​គ្រួសារ​ខ្ញុំ​ទៀត​ផង​ដោយ​ដក​កាំភ្លើង​បាញ់​តែ​មិន​ផ្ទុះ​។ នៅ​ឆ្នាំ​ ២០១៣ ខ្ញុំ​ទៅ​សុំ​ក្រុមយុវជន​វាស់វែង​ធ្វើ​បណ្ណ​កម្មសិទ្ធិ​លើដី តែ​គេ​មិនទាន់​បាន​វាស់​ឲ្យ ក្រោយ​មក​ស្រាប់តែ​លោក​ផ្កាយ​ ២ ទៅ​លួច​ធ្វើ​បណ្ណ​កម្មសិទ្ធិ​យក​ដី​ទៅ​លក់​អស់​ទៀត​»​។

លោក ទេស សំអាត អាយុ ៤៨ ​ឆ្នាំ​ជា​មន្ត្រី​ផ្កាយ​ ២ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​បញ្ជូន​សារ​ក្រសួង​ការពារជាតិ​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ អភិវឌ្ឍន៍ ឃុំ​ត្រពាំងប្រិយ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​មិនអាច​ស្វែងរក​ប្រភព​ទាក់ទង ដើម្បី​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​។ ចំណែក​លោក​ចៅក្រម ទ្រី សុភ័ត ​ក៏​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានដែរ​។ ពី​ម្សិលមិញ ភ្នំពេញ​ប៉ុស្តិ៍​ក៏​បាន​ព្យាយាម​ទាក់ទង​ទៅ ACU ដើម្បី​ដឹង​ពី​ចំណាត់ការ​របស់​ស្ថាប័ន​នេះ​ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន​។

លោក​ ធឹម ឆន បញ្ជាក់​ក្នុង​ពាក្យបណ្តឹង​ដោយ​រំពឹង​ថា លោក ឱម យ៉ិនទៀង ប្រធាន ACU នឹង​ដាក់​ការស៊ើបអង្កេត​ក្នុង​រឿង​របស់​លោក និង​ផ្ដល់​ភាពយុត្តិធម៌​ជូន​គ្រួសារ​លោក​៕