ភ្នំពេញៈ យុទ្ធនាការដោះស្រាយភាពកកស្ទះសំណុំរឿងព្រហ្មទណ្ឌកំពុងបន្តនីតិវិធី បើទោះជាតុលាការរាជធានី-ខេត្តលើកពេលជំនុំជម្រះដោយមូលហេតុព្រឹត្តិការណ៍ ២៨ វិច្ឆិកាក្តី ដែលក្រោយពីខែឧសភា ដល់ខែតុលា ឆ្នាំ ២០២០ នៅតាមតុលាការរាជធានី- ខេត្ត បានដោះស្រាយជាង ២៧ ៧០០ សំណុំរឿងស្មើនឹង ៧១ ភាគរយ។ នេះបើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
ករណីនេះត្រូវបានលោក ជិន ម៉ាលីន ប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី ១ ធ្នូ ថាយុទ្ធនាការដោះស្រាយភាពកកស្ទះសំណុំរឿងព្រហ្មទណ្ឌ គឺនៅតែបន្តទៅមុខដដែល។ ប៉ុន្តែការអនុវត្តយុទ្ធនាការនេះមានការបត់បែនទៅតាមវិធីសាស្រ្តផ្សេងៗ បើទោះបីមិនមានសវនាការក្តី តែដំណើរការនីតិវិធីនៅតែទៅមុខ។
លោក ម៉ាលីន ថ្លែងថា៖ «យុទ្ធនាការនៅតែទៅមុខ តែយើងយកអាទិភាពពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ១៩ដល់សហគមន៍។ យើងបត់បែនទៅតាមកាលៈទេសៈដែលច្បាប់តម្រូវ»។
បើតាមលោក ជិន ម៉ាលីន សាលារាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសលើកពេលបើកសវនាការជំនុំជម្រះបណ្តោះអាសន្នពីថ្ងៃទី ៣០ វិច្ឆិកា ដល់ថ្ងៃទី ១៤ ធ្នូ ដោយមូលហេតុចូលរួម និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩។ ប៉ុន្តែមិនមានន័យថាតុលាការនៅទូទាំងប្រទេសលើកពេលសវនាការទាំងអស់ទេ ដោយខាងតុលាការពិនិត្យមើលទៅតាមករណីជាក់ស្តែង មិនមែនផ្អាកសវនាការតែគ្រប់ករណីសំណុំរឿងទាំងអស់នោះដែរ។ បើសំណុំរឿងណាត្រូវជម្រះបានក៏ជម្រះ បើសំណុំរឿងណាត្រូវផ្អាកបានក៏ផ្អាកទុកសិន។
លោកប្រាប់ថាចំពោះការអនុវត្តយុទ្ធនាការលើភាពកកស្ទះសំណុំរឿងគឺក្រសួងយុត្តិធម៌កំពុងបូកសរុប ខណៈការអនុវត្តយុទ្ធនាការភាពកកស្ទះសំណុំរឿងបាន ១៥០ ថ្ងៃ និងលទ្ធផលបានជាង ២៧ ៧០០ សំណុំរឿងស្មើនឹង ៧១ ភាគរយ។ ក្រសួងយុត្តិធម៌នឹងធ្វើការបូកសរុបបន្តទៀតក្រោយតុលាការលើកពេលសវនាការ ១៤ ថ្ងៃ។
ពាក់ព័ន្ធនឹងការដោះស្រាយភាពកកស្ទះសំណុំរឿង ហើយដែលនាំឱ្យមានភាពធូរស្រាលដល់ភាពចង្អៀតណែននៃអ្នកជាប់ឃុំក្នុងពន្ធនាគារនោះត្រូវបានលោក នុត សវនា អ្នកនាំពាក្យពន្ធនាគារនៃក្រសួងមហាផ្ទៃប្រាប់ពីម្សិលមិញដែរថាការដោះស្រាយភាពកកស្ទះសំណុំរឿងគឺមានន័យថា ជំរុញការជំនុំជម្រះក្តីឱ្យបានឆាប់ដែលត្រូវទម្លាក់បទចោទ ឬក៏ត្រូវដោះលែងជនជាប់ចោទ។ ចំពោះករណីនេះលោកមិនទាន់បានសិក្សានៅឡើយទេ ប៉ុន្តែដោយសារមានគោលការណ៍ថ្មីចំពោះអ្នកដែលប្រើប្រាស់ថ្នាំញៀន គឺខាងពន្ធនាគារបានយកពួកគាត់ទៅដាក់ក្នុងមណ្ឌលបន្សាបគ្រឿងញៀនមានជាង ៥ ពាន់នាក់ហើយ។
ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងដំណើរការកកស្ទះសំណុំរឿងនោះលោក នុត សវនា បានប្រាប់ទៀតថាមានតែខាងអង្គតុលាការទេ ដែលអាចដោះស្រាយបានហើយតុលាការក៏បានអនុវត្តដោយដាក់ថ្ងៃជំនុំជម្រះបានញឹកញាប់ហើយដែរ។ បើការជំនុំជម្រះបានច្រើនជាងមុន ក៏ជាការពន្លឿននៃភាពកកស្ទះសំណុំរឿងដែរ។
លោក ស៊ឹង សែនករុណា មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បើតាមការអង្កេតរបស់លោកពាក់ព័ន្ធនឹងយុទ្ធនាការនៃការដោះស្រាយភាពកកស្ទះសំណុំរឿងនេះ លោកយល់ឃើញថាយុទ្ធនាការនេះ ជារឿងមួយល្អប្រសើរហើយ។ ប៉ុន្តែទន្ទឹមនឹងនេះលោកថា សមាគមរបស់លោកក៏មានការព្រួយបារម្ភដែរ។
ចំពោះការព្រួយបារម្ភនោះបើតាមមន្ត្រីសិទ្ធិមនុស្សរូបនេះ គឺការដែលជំរុញកុំឱ្យមានភាពកកស្ទះសំណុំរឿង ក៏អាចនឹងមានផលអវិជ្ជមានដែរ ដូចជាការអនុវត្តតាមនីតិវិធីបែបនេះ អាចធ្វើឡើងដោយមានការខ្វះចន្លោះ ឬក៏មិនត្រឹមត្រូវតាមផ្លូវច្បាប់។
លោកថ្លែងថា៖«ដូចជាការរកយុត្តិធម៌ពីភាគីពាក់ព័ន្ធ វាហាក់ដូចជាមានភាពឆាប់រហ័សពេក ឬក៏គ្មានភាពល្អប្រសើរ។ ប៉ុន្តែរឿងខ្លះក៏គួរតែជំរុញឱ្យមានការដោះស្រាយបញ្ហានីតិវិធីនៅដំណាក់កាលដែលរឿងខ្លះហ្នឹងក៏ផ្អិបទុកយូរ ដែលគួរតែជំរុញឱ្យមានភាពឆាប់រហ័សដែរ។ អ៊ីចឹងខ្ញុំយល់ថា លឿន ឬយឺតយ៉ាងម៉េច គួរតែមានការពិចារណាស្វែងរកយុត្តិធម៌ដល់ភាគីពាក់ព័ន្ធឱ្យមានភាពត្រឹមត្រូវ»៕