ភ្នំពេញៈ ​ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​ ៩ ខែធ្នូ​ បាន​បន្ត​ពិនិត្យ​ពិភាក្សា​សេចក្តី​ព្រាងច្បាប់​ស្តីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​ជាមួយ​មន្ត្រី​​បច្ចេកទេស​ដើម្បី​ធានាបាន​នូវ​សុចរិតភាព និង​ប្រមូល​ធាតុ​ចូល​​ថ្មីៗ​បន្ថែមទៀត​តាម​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​។

តាម​របាយការណ៍​នៃ​កិច្ចប្រជុំ​របស់​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា កិច្ចពិភាក្សា​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ប៊ុន ហុន និង​លោក ឡាំ ជា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​តំណាង​អគ្គនាយកដ្ឋាន​នានា​របស់​ក្រសួង​មហាផ្ទៃ​មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់ និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

របាយការណ៍​នេះ​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​សិក្សា​បន្ត​ទៅលើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​គោលបំណង​ធានាសុចរិតភាព​នៃ​ការប្រើប្រាស់ ការគ្រប់គ្រង​ប្រព័ន្ធ​កុំព្យូទ័រ ទិន្នន័យ​កុំព្យូទ័រ និង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ការការពារ​សិទ្ធិសេរីភាព​បុគ្គល ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​»​។

លោក ប៉ាង រ៉ាស៊ី អនុប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា នេះ​គឺជា​ការប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​មុនពេល​បន្ដ​កិច្ចប្រជុំ​ជាមួយ​អន្តរក្រសួង​បន្ថែមទៀត​ដើម្បី​ប្រមូល​ធាតុ​ចូល​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​។ កិច្ចប្រជុំ​នេះ​ទទួល​បាន​លទ្ធផល​ល្អ​ដោយបាន​កែលម្អ​លើ​ចំណុច​ជាច្រើន​តាម​ការផ្ដល់​មតិ​ពី​ក្រុម​អ្នកបច្ចេកទេស ខណៈ​សេចក្ដី​ព្រាងច្បាប់​នេះ​គ្រោង​បញ្ជូន​ទៅ​គណៈរដ្ឋមន្ដ្រី​នៅ​ឆ្នាំក្រោយ​។

លោក​ថា​៖ «​យើង​បានដឹង​ហើយ​ថា ច្បាប់​ទាក់ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មាន​នេះ គឺ​វា​មាន​ការវិវឌ្ឍ​លឿន ដូច្នេះ​សេចក្ដី​ព្រាង​ដែល​យើង​បាន​ធ្វើ​ទុក​តាំងពី​ ២-៣ ​ឆ្នាំមុន​មក​នោះ ចំណុច​មួយ​ចំនួន​យើង​ត្រូវការ​បញ្ចូល​សេចក្ដី​បន្ថែមទៀត​»​។

លោក​បញ្ជាក់ថា​៖ «​ច្បាប់​ពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​មាន​គោលបំណង​ការពារ​ទាំង​អ្នកប្រើប្រាស់ និង​អ្នកផ្ដល់​សេវា ជាពិសេស​ការពារ​ផលប្រយោជន៍​សាធារណជន​ទូទៅ​ទាំង​អស់​ពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​»​។

បើ​តាម​របាយការណ៍​ដដែល​ច្បាប់​នេះ​មាន ៧ ​ជំពូក ៤៨ មាត្រា ​ដែល​វិសាលភាព​អនុវត្ត​ចំពោះ​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​ប្រព្រឹត្ត​ទាំង​ក្នុង​ ឬ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេល​អំពើ​នោះ​ធ្វើឱ្យ​ប៉ះពាល់​​ដល់​រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀប​រៀបរយ​សាធារណៈ​ ឬ​ផលប្រយោជន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕