ព្រះសីហនុៈ ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​កំពុង​កសាង​សំណុំរឿង​ជនសង្ស័យ​ ៣ ​រូប​បញ្ជូនទៅ​តុលាការ​ បន្ទាប់ពី​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១៣ ខែមីនា ​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​កាន់កាប់​រាន​ដីព្រៃ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ នៅក្នុង​តំបន់​ការពារ​ព្រែក​ទឹកសាប​ក្បាលឆាយ និង​ដី​គម្រប​ព្រៃឈើ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្ទឹងហាវ និង​ស្រុក​ព្រៃនប់​។

លោក​ សាមុត សុធារិទ្ធិ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ជនសង្ស័យ​ទាំង​ ៣ ​រូបនេះ​ កំពុង​ស្ថិតនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។ ពួកគេ​ក៏ត្រូវ​បាន​យក​សំណាក​ទៅធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩ ផងដែរ​។

លោក​ សុធារិទ្ធិ ​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​យើង​កំពុង​ធ្វើ​កិច្ចការងារ និង​ស្នើសុំ​យោបល់ ហើយ​សុខភាព​របស់​ពួកគាត់​មិនមាន​បញ្ហា​ទេ ។ យើង​នឹង​បញ្ជូនទៅ​អយ្យការ​តុលាការខេត្ត ដើម្បី​សម្រេច​។ នេះ​ជា​នីតិវិធី ខ្ញុំ​ធ្វើ​អ៊ីចឹង ហើយ​សម្របសម្រួល​ដោយ​ឯកឧត្តម​ព្រះរាជអាជ្ញា​»​។

បើតាម​លោក សុធារិទ្ធិ តាម​ចម្លើយ​របស់​ជនសង្ស័យ​ទាំង ៣ រូបនេះ​ ពួកគេ​បាន​ចូលទៅ​កាប់ឆ្ការ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ក្នុង​តំបន់​ការពារ​ព្រែក​ទឹកសាប​ក្បាលឆាយ​រយៈពេល ៣ ទៅ ៥ ថ្ងៃ​មកហើយ​។ ពួកគាត់​លួច​ចូលទៅ​កាប់​ទន្ទ្រាន នៅពេល​ទៀបភ្លឺ​។ មន្ត្រី​ឧទ្យានុរក្ស​ឃើញ​ដាន​បាន​ទៅ​ឃ្លាំមើល ទើប​ឈាន​ទៅដល់​ការឃាត់ខ្លួន​ពួកគាត់​ទាំង​ ៣ ​រូបនេះ​។

លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ថ្លែង​ថា ជនសង្ស័យ​មិន​ទាន់​បញ្ជូនមក​សាលាដំបូង​ខេត្ត​នៅឡើយ​ទេ​។

អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ព្រះសីហនុ លោកស្រី ជៀប សុធារី ​ថ្លែងថា លោកស្រី​មិនទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ជុំវិញ​ករណីនេះ​ទេ​។ ទោះជា​យ៉ាងណា​លោកស្រី​ថា កន្លង​មក​មាន​ករណី មន្ត្រី​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​ធ្លាប់​ចោទប្រកាន់​ទៅលើ​ពលរដ្ឋ​ថា​បាន​ចូលទៅ​កាប់​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​។

ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង​ គឺ​ប្រជាពលរដ្ឋ បាន​រស់នៅ​ក្នុង​តំបន់​នោះ​អស់​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ «​បើ​ករណី​មាន​ការទន្ទ្រាន​ថ្មីៗ​ហាក់បី​ដូចជា​មិនមាន​នោះទេ​។ ​អាហ្នឹង​រឿង​ដែល​ខ្ញុំ​ធ្លាប់​ដឹង​កន្លងមក ប៉ុន្តែ​អា​រឿង​ថ្មី​ហ្នឹង​ខ្ញុំ​អត់​ដឹង​ទេ​។ ភាគច្រើន​ពលរដ្ឋ​គាត់​រស់នៅ​យូរហើយ​។ ជាទូទៅ​គាត់ នៅពេល​ទំនេរ​នៅក្នុង​អំឡុង​កូវីដ​នេះ គ្មាន​បាន​ទៅ​ប្រកបមុខរបរ និង​រកស៊ី​កន្លែង​ផ្សេង គាត់​ក៏​ចាប់ផ្តើម កាប់ឆ្ការ​ចម្ការ ឬ​ឈូសឆាយ​ដំណាំ​បន្តទៀត​ទៅ​»​។ យ៉ាងណា​លោកស្រី​នឹង​បន្ត​ចុះទៅ​ស៊ើបអង្កេត​ចំពោះ​ករណីនេះ​។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៣ ខែ មីនា ឆ្នាំ​ ២០២១ ​ឱ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​នៅពេល​ដែល​កម្លាំង​ការពារ និង​មន្ត្រី​ឧទ្យានុរក្ស​កំពុង​ជាប់ដៃ​ក្នុង​ការការពារ​រោគ​រាតត្បាត​កូវីដ​១៩​ក្រុម​ឆ្លៀតឱកាស​ក៏បាន​លួច​ចូល​កាប់​ទន្ទ្រាន​ព្រៃកាស្យា​ក្នុង​តំបន់​ក្បាលឆាយ​ជា​បន្តបន្ទាប់​។

ដើម​កាស្យា និង​ព្រៃធម្មជាតិ​ជាច្រើន​ហិកតា ត្រូវ​បាន​ជន​ឆ្លៀតឱកាស​លួច​ចូលមក​កាប់រំលំ ដែល​សកម្មភាព​នេះ​តែងតែ​ធ្វើឡើង​នៅពេល​យប់​នៅ​ត្រង់​ចំណុច​ចម្ការ​ម្រេច​ស្ថិតនៅ​ភូមិ​ ៤ ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ​។ មន្ត្រី​ឧទ្យានុរក្ស​បាន​រង់ចាំ​ឃ្លាំមើល​តាំងពី​ម៉ោង​ ៦ ​ល្ងាច ថ្ងៃទី​ ១២ ​ខែមីនា ដល់​ម៉ោង​ ៣ និង​ ៤០ ​នាទី​ទៀបភ្លឺ​ថ្ងៃទី​ ១៣ ខែមីនា​ ទើប​ជនសង្ស័យ​ធ្វើ​សកម្មភាព ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣ ​នាក់​ រួម​ជាមួយ​គោយន្ត​ ២ ​គ្រឿង និង​រណារយន្ត​ ២ ​គ្រឿង​៕