ពោធិ៍សាត់ៈ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់កាលពីម្សិលមិញបានសាកសួរបុរស ២ នាក់ ក្នុងនោះមានម្នាក់ជាមេភូមិ បន្ទាប់ពីនគរបាលស្រុកវាលវែងឃាត់ខ្លួនពាក់ព័ន្ធនឹងការឈូសឆាយរំលោភដីព្រៃក្នុងតំបន់ការពារធម្មជាតិអស់ប្រហែល ១០ ហិកតា នៅក្នុងភូមិក្រសាំងព្នៅ ឃុំក្រពើ ២ ស្រុកវាលវែង។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា បុរស ២ នាក់ ដែលមានឈ្មោះ ពេញ សារ៉ន អាយុ ៤៩ ឆ្នាំ ជាមេភូមិក្រសាំងព្នៅ និងឈ្មោះ វង់ ផល្លា អាយុ ៥០ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ១៧ ខែមករា តាមបទបញ្ជារបស់លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់។ លោកបន្តថា លោក ពេញ សារ៉ន ជាមេភូមិបានចុះហត្ថលេខាលើឯកសារឱ្យមានកាន់កាប់ដីព្រៃដោយខុសច្បាប់ និងឈ្មោះ វង់ ផល្លា ជាម្ចាស់កន្លែងទីតាំងក្នុងតំបន់ព្រៃដែលត្រូវបានឈូសឆាយ។
លោកថា៖ «ដីហ្នឹងគឺជាដីក្នុងតំបន់ហាមឃាត់ ហើយត្រូវបានប្រជាពលរដ្ឋចេះតែចូលទៅកាន់កាប់ដីព្រៃនៅកន្លែងហ្នឹង។ ប្រជាពលរដ្ឋបានស្នើសុំធ្វើឯកសារនៅលើដីទាំងហ្នឹង ហើយមេភូមិ និងមេឃុំក៏បានស៊ីញ៉េចេញលិខិតឱ្យដោយខុសច្បាប់ ដោយគ្មានការអនុញ្ញាតពីថ្នាក់លើ។ អ៊ីចឹង!បទបញ្ជាថ្នាក់ដឹកនាំឱ្យឃាត់ខ្លួន ២ នាក់ហ្នឹង ហើយខាងខ្ញុំបានប្រគល់ទៅឱ្យជំនាញគឺមន្ទីរបរិស្ថានដើម្បីសិក្សា និងអនុវត្តនីតិវិធីបន្តហើយ»។
លោក ធាង ឡេង បន្ថែមថាដីព្រៃដែលគ្រោងនឹងឈូសឆាយបន្តនោះគឺមានទំហំជាង ១០០ ហិកតា។
លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានបានថ្លែងថា នគរបាលបានបញ្ជូនជនទាំង ២ នាក់ មកមន្ទីរបរិស្ថានខេត្តកាលពីល្ងាចថ្ងៃទី ១៩ មករា ហើយមន្ត្រីបានចាប់ផ្ដើមសាកសួរពួកគេនៅថ្ងៃទី ២០ មករា ដើម្បីប្រមូលយកភ័ស្ដុតាងបន្ថែមមុននឹងបញ្ជូនសំណុំរឿងទៅតុលាការចាត់វិធានការបន្តទៀត។ លោកបន្តថាក្នុងដំណាក់កាលសាកសួរគឺលោកមិនអាចលម្អិតអំពីសំណុំរឿងនេះបាននៅឡើយទេ។
លោកថា៖ «ឥឡូវយើងកំពុងសាកសួរ អ៊ីចឹង!ដល់ពេលថាយ៉ាងម៉េចឱ្យច្បាស់ គឺមិនទាន់អាចនិយាយបានទេ ព្រោះមិនទាន់សួរចម្លើយចប់នៅឡើយ»។
លោក ទាច សាន់ មេឃុំក្រពើ ២ បានថ្លែងថា ពលរដ្ឋបានចូលទៅទន្ទ្រានដីព្រៃក្នុងតំបន់ការពារធម្មជាតិនោះតាមរយៈការកាប់ឆ្ការព្រៃធ្វើចម្ការជាច្រើនកន្លែងតាំងពីឆ្នាំ ២០១៨ មក។
លោកបន្តថា កន្លងមកមានពលរដ្ឋមួយចំនួនស្នើសុំធ្វើលិខិតកាន់កាប់ដោយអង្វរឱ្យលោកចុះហត្ថលេខាទទួលស្គាល់ ដោយលើកហេតុផលថា ពួកគាត់មានភាពចាំបាច់យកលិខិតបញ្ជាក់អំពីកម្មសិទ្ធិដីទៅដាក់បញ្ចាំដើម្បីអាចខ្ចីលុយពីអង្គការ។
លោកមេឃុំបន្ថែមថា ការចុះហត្ថលេខា និងចុះហត្ថលេខាឱ្យពលរដ្ឋកាន់កាប់ដីព្រៃទាំងនោះគឺដោយសារដំបូងឡើយ លោកមិនបានដឹងថាជាដីព្រៃ ប៉ុន្តែក្រោយពីទទួលបានដំណឹងពីមន្ទីរបរិស្ថានថា ជាដីព្រៃត្រូវការពារ លោកក៏បានចុះទៅហាមឃាត់ប្រជាពលរដ្ឋទាំងនោះឱ្យឈប់កាន់ដីទាំងនោះវិញ។
ទោះជាយ៉ាងណា លោក ទាច សាន់ បញ្ជាក់ថាក្រោយពីលោកបានចុះហត្ថលេខាទទួលស្គាល់រួចមកគឺមានប្រជាពលរដ្ឋមួយចំនួនបានយកដីទាំងនោះទៅលក់ដូរបន្តឲ្យអ្នកភូមិផ្សេងទៀតដោយក្នុង ១ ហិកតាគេលក់តម្លៃពី ៤០០ ទៅ ៥០០ ដុល្លារអាមេរិក ។
លោកបានបញ្ជាក់ថា៖ «អ្នកខ្លះអង្វរថា ជាអ្នកក្រីក្រ ហើយដើម្បីយកក្រដាសហ្នឹងទៅខ្ចីលុយអង្គការ ហើយពួកគាត់ថា បើអត់មានក្រដាសហ្នឹង គេ (អង្គការ) នឹងអត់ឱ្យលុយខ្ចីទេ ហើយអ្នកខ្លះអង្វរថា កូនឈឺប្ដីឈីអ៊ីចឹងទៅ និងត្រូវការលុយ។ ក្រោយមកបន្ទាប់ពីខាងជំនាញ (មន្ទីរបរិស្ថាន) ថា មិនឱ្យធ្វើចម្ការលើដីទាំងនោះ ខ្ញុំក៏បានប្រាប់ទៅវិញថា គេឈប់ឱ្យធ្វើលើដីទាំងនោះហើយ»។
លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់មិនអាចសុំការបញ្ជាក់បន្ថែមពីករណីនេះបានទេកាលពីម្សិលមិញដោយសារទូរស័ព្ទរបស់លោកមិនមានអ្នកទទួល៕