មណ្ឌលគិរី: មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានបង្ហាញក្ដីបារម្ភពីការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនសត្វព្រៃក្រចកជើងចម្ពាមនៅដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច ខណៈចំនួនសត្វទន្សោងបានធ្លាក់ចុះប្រមាណ ៧២ ភាគរយ សត្វឈ្លូសប្រមាណ ៥២ ភាគរយ និងសត្វជ្រូកព្រៃ ១៨ ភាគរយ។
ការលើកឡើងនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចមួយដែលត្រូវបានរៀបចំដោយក្រសួងបរិស្ថាន និងអង្គការ WWF ទៅកាន់ដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច ខេត្តមណ្ឌលគិរី ដោយមានក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួនជាង ៣០ នាក់ មកពី ២៤ ស្ថាប័នបានចូលរួម។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានដែលដឹកនាំដំណើរទស្សនកិច្ចនេះថ្លែងនៅថ្ងៃទី ១៥ ខែមករាថា ចំនួនសត្វក្រចកជើងចម្ពាមនៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចបានធ្លាក់ចុះក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយនេះ ហើយបានបង្ហាញពីភាពចាំបាច់ក្នុងការដាក់ចេញវិធានការថ្មី និងប្រកបដោយភាពច្នៃប្រឌិតជាងមុនជាបន្ទាន់ ដើម្បីទប់ស្កាត់ស្ថានភាពធ្លាក់ចុះនេះ។
លោកបន្តថា ជាលទ្ធផលនៃការតាមដានសត្វក្រចកជើងចម្ពាមក្នុងចន្លោះឆ្នាំ ២០១០-២០២០ នៅក្នុងដែនជម្រកសត្វព្រៃទាំង ២ បង្ហាញថា ចំនួនសត្វទន្សោងបានធ្លាក់ចុះប្រមាណ ៧២ ភាគរយ សត្វឈ្លូសប្រមាណ ៥២ ភាគរយ និងសត្វជ្រូកព្រៃប្រមាណ ១៨ ភាគរយ។
ក្នុងនោះចំនួនសត្វរមាំងខ្ទីង និងប្រើសក៏នៅមានកម្រិតតិចតួចដែរ ព្រមទាំងរស់នៅរាយប៉ាយដាច់ដោយឡែកពីគ្នានៅក្នុងតំបន់ទាំង ២ នេះ។ លោក ភក្ត្រា បញ្ជាក់ថា៖ «ការធ្លាក់ចុះនេះជាការក្រើនរំឭកដល់យើងទាំងអស់គ្នា ប៉ុន្តែវាក៏ផ្តល់ជាឱកាសឱ្យយើងខិតខំបន្ថែមទៀតដើម្បីទប់ស្កាត់និន្នាការនៃការធ្លាក់ចុះ។ ស្ថានភាពនេះអាចនឹងធ្លាក់ចុះធ្ងន់ធ្ងរថែមទៀត ប្រសិនបើគ្មានការពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រងតំបន់ការពារយ៉ាងម៉ឺងម៉ាត់ទេ»។
បើតាមលោក ភក្ត្រា ចំនួនពពួកសត្វក្រចកជើងចម្ពាមនៅក្នុងដែនជម្រកស្រែពក និងភ្នំព្រេចបានធ្លាក់ចុះនេះបណ្ដាលមកពីការបរបាញ់ខុសច្បាប់ចាប់តាំងពីអតីតកាលមកដល់បច្ចុប្បន្នបូកផ្សំនឹងវិបត្តិអន្ទាក់ដែលជំរុញឱ្យការជួញដូរសត្វព្រៃខុសច្បាប់ សុទ្ធសឹងជាមូលហេតុចម្បងដែលបណ្តាលឱ្យសត្វក្រចកជើងចម្ពាមនៅដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចធ្លាក់ចុះ យ៉ាងធ្ងន់ធ្ងរបែបនេះ។
កញ្ញា Milou Groenenberg ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវចម្រុះនៃអង្គការ WWF បាននិយាយថា អន្ទាក់គឺជាកត្តាគំរាមកំហែងដ៏ចម្បងមួយ ចំពោះសត្វក្រចកជើងចម្ពាមនៅក្នុងដែនជម្រកទាំង ២ ហើយក៏ជាមូលហេតុដែលធ្វើឱ្យចំនួនសត្វខ្លារខិនដែលជាប្រភេទស៊ីសាច់សត្វក្រចកជើងចម្ពាមទាំងនេះជាអាហារក៏ត្រូវបានធ្លាក់ចុះគួរឱ្យព្រួយបារម្ភដែរ។
កញ្ញាបន្តថា បើទោះជារបាយការណ៍បានបង្ហាញពីស្ថានភាពធ្លាក់ចុះដ៏គួរឱ្យបារម្ភនេះក៏ដោយក៏ក្ដីសង្ឃឹមនៅតែមានក្នុងការជួយសង្គ្រោះសត្វព្រៃទាំងនេះ ពីការផុតពូជ។ ប៉ុន្ដែប្រសិនបើគ្មានវិធានការអភិរក្សបន្ទាន់ និងប្រកបដោយភាពច្នៃប្រឌិតថ្មី ដើម្បីទប់ស្កាត់កត្ដាគំរាមកំហែងចម្បងៗទាំងនេះទេ ជីវចម្រុះនឹងនៅតែបន្ដធ្លាក់ចុះបន្ដិចម្ដងៗរហូតដល់អាចបាត់បង់ទាំងស្រុងតែម្តង។
កញ្ញាបញ្ជាក់ថា៖ «អង្គការ WWF យើង និងក្រសួងបរិស្ថាន កំពុងសិក្សាពីលទ្ធភាពក្នុងការអនុវត្តកម្មវិធីស្ដារសត្វក្រចកជើងចម្ពាមឡើងវិញ ដែលជាតម្រូវការបន្ទាន់ក្នុងការបញ្ឈប់និន្នាការធ្លាក់ចុះនៃចំនួនសត្វទាំងនេះ និងចាត់វិធានការឆ្លើយតបទៅដល់ឫសគល់នៃការជួញដូរសត្វព្រៃខុសច្បាប់»។
លោក សេង ទៀក នាយក WWF ថ្លែងថា វាមិនទាន់យឺតពេលនៅឡើយក្នុងការកែប្រែស្ថានភាពនេះ ប៉ុន្តែវាតម្រូវឱ្យភាគីពាក់ព័ន្ធ ធ្វើសកម្មភាពអភិរក្សរួមគ្នាជាបន្ទាន់ចាប់ពីពេលនេះតទៅ។ ក្នុងនោះអង្គការកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន និងដៃគូនានា ដើម្បីរៀបចំវិធានការអភិរក្សឱ្យខ្លាំងក្លាជាងមុនក្នុងការកាត់បន្ថយការបរបាញ់ខុសច្បាប់ និងពង្រឹងការអនុវត្តច្បាប់។
លោកបញ្ជាក់ថា៖ «តាមរបាយការណ៍ដែលយើងបានរកឃើញកន្លងមកគឺបានបង្ហាញឱ្យឃើញពីតម្រូវការនៃដំណោះស្រាយបន្ទាន់និងថ្មីៗដើម្បីកែប្រែអត្រាធ្លាក់ចុះនេះ។ យើងក៏កំពុងស្វែងរកវិធីការគ្រប់គ្រងការប្រើប្រាស់ និងការបែងចែកធនធានធម្មជាតិឱ្យបានប្រសើរជាងនេះថែមទៀត»។
បើតាមរបាយការណ៍រួមរបស់ក្រសួងបរិស្ថាន និងអង្គការ WWF បច្ចុប្បន្នសត្វទន្សោងត្រូវបានប៉ាន់ប្រមាណថា នៅសេសសល់ប្រហែល ៣៧១ ក្បាល នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងប្រហែល ៤៨៥ ក្បាលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។
រីឯសត្វឈ្លូសប្រមាណ ១ ៤២៥ ក្បាល ដែលសេសសល់នៅដែនជម្រកសត្វព្រៃស្រែពក និងនៅភ្នំព្រេចសល់ចំនួន ៤ ៤៥៣ ក្បាល ខណៈអំបូរសត្វក្រចកជើងចម្ពាមដទៃទៀតក៏កំពុងស្ថិតនៅក្នុងក្ដីបារម្ភដែរ៕
វីដេអូ៖