ភ្នំពេញៈ ដោយ​ហាក់បី​ដូចជា​ការ​ខំប្រឹង​រួម​គ្នា​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ជាច្រើន​កាលពី​ម្សិលមិញ​ និង​យប់​ថ្ងៃ​ចន្ទ​បាន​និយាយ​ប្រឆាំង​នឹង​ «​ចលនា​សង្គ្រោះជាតិ​» ​ថ្មី​មួយ​ដែល​បង្កើត​ឡើង​ដោយ​លោក​ សម រង្ស៊ី ខណៈ​មន្ត្រី​ខ្លះ បាន​ហៅ​ក្រុម​នេះ​ថា​ជា​អង្គការ​ «​ភេរវកម្ម​»​។

លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែង​នៅ​ពិធី​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​កងរាជ​អាវុធហត្ថ​ថា​៖ «​ពួកគេ​ចង់​ចាប់ផ្តើម​ការ​វាយប្រហារ​ភេរវកម្ម ហើយ​វា​មិនមែន​ជា​ភេរវកម្ម​នយោបាយ​ទេ វា​ជា​ភេរវកម្ម​ដើម្បី​បង្ក​ចលាចល​»​។

លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ប្រកាស​អំពី​ការ​បង្កើត​ចលនា​នេះ​នៅ​សហរដ្ឋអាមេរិក​កាលពី​សប្តាហ៍​មុន​រួម​ជាមួយ​នឹង​អតីត​អនុប្រធាន​គណបក្ស​គឺ​លោកស្រី មូរ សុខហួរ​។ ​

លោក សម រង្ស៊ី បាន​ទៅ​រស់នៅ​បរទេស ដើម្បី​គេច​ពី​ការ​ជាប់​ពន្ធនាគារ​នៅ​ក្នុង​សំណុំ​រឿង​ជាច្រើន​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ផ្សេងៗ​លើក​ឡើង​ថា ជា​រឿង​នយោបាយ​ចាប់​តាំងពី​ឆ្នាំ​ ២០១៥ ហើយ​នៅ​ទីបំផុត​លោក​បាន​បង្ខំ​ចិត្ត​ចុះ​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស​។

លោកស្រី មូរ សុខហួរ បាន​គេច​ចេញ​ពី​ប្រទេស​ក្នុង​អំឡុង​ការ​បង្ក្រាប​នយោបាយ​កាលពី​ពេល​ថ្មីៗ​នេះ​ដែល​លោក កឹម សុខា ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ពី​បទ ​«​ក្បត់ជាតិ​» ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាច្រើន​ថ្កោលទោស​។

ចលនា​នេះ​ទំនង​ជា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ ខណៈ​លោក សម រង្ស៊ី ​បាន​សន្យា​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​។

ទោះ​យ៉ាង​ណា​ក្តី​លោក សៅសុខា ថ្លែង​ថា​គោលបំណង​ «​ស្នូល​» ​នៃ​ចលនា​នេះ​គឺ​ដើម្បី​ «​បំផ្លាញ​សាមគ្គីភាព​របស់​កងទ័ព​... និង​បំបែក​បំបាក់​ឆ្នឹង​ខ្នង​របស់​រដ្ឋាភិបាល​»​។

លោក​ក៏​បាន​ព្រមាន​ប្រជាពលរដ្ឋ​មិន​ឲ្យ​ពាក់​ឯកសណ្ឋាន​យោធា ហើយ​បាន​ថ្លែង​ថា​អ្នក​តវ៉ា​ណា​មួយ​ដែល​ឃើញ​ពាក់​ឯកសណ្ឋាន​យោធា​ «​នឹង​ស្លាប់​»​។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ទៀ បាញ់ បាន​ថ្លែង​ថា​ចលនា​នេះ​គឺជា​ «​ពស់​ពិស​»​។

បើ​ទោះបី​ជា​មាន​ការ​ប្រកាស​ជា​ដដែលៗ​ពី​លោក សម រង្ស៊ី ថា​ចលនា​នេះ​មាន​លក្ខណៈ​អហិង្សា​ក្តី ប៉ុន្តែ​លោក​ ទៀ បាញ់ បាន​អះអាង​ផ្ទុយ​ពី​នេះ​។

លោក បាញ់ ថ្លែង​ថា​៖ «​ឥឡូវ​នេះ​ចលនា​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា​ខ្លួន​នឹង​រៀបចំ​ឲ្យ​មាន​ហិង្សា​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​សូម​ត្រៀម​ខ្លួន​»​។ លោក​បន្ត​ថា យោធា​នឹង​ «​ចាត់ការ​ជា​មុន​» ​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ហិង្សា​។

អត្ថបទ​មួយ​របស់​សារព័ត៌មាន Fresh News កាលពី​យប់​ថ្ងៃ​ចន្ទ​ក៏​បាន​បង្ហាញ​ពី​ការ​រិះគន់​ចលនា​នេះ​ផង​ដែរ​។

នៅ​ក្នុង​អត្ថបទ​ផ្សេងៗ​គ្នា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក គឹម សន្តិភាព បាន​ហៅ​ចលនា​នេះ​ថា​ខុស​ច្បាប់ ខណៈ​អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ថ្លែង​ថា​វា​ជា​រណសិរ្ស​ដើម្បី​ប្រមូល​លុយ​។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ក៏​បាន​ប្រាប់​សារព័ត៌មាន Fresh News ផង​ដែរ​ថា​ចលនា​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​ហើយ​នរណា​ដែល​ពាក់ព័ន្ធ​នឹង​ចលនា​នេះ​នឹង​ប្រឈម​មុខ​នឹង​ចំណាត់ការ​ផ្លូវ​ច្បាប់​។

នៅ​ក្នុង​បទសម្ភាស​មួយ​កាលពី​ម្សិលមិញ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ថ្លែង​ថា​ការ​ប្រើ​ពាក្យ​ «​ភេរវកម្ម​» ​គឺ​ «​សមស្រប​»​។ លោក​បាន​ផ្តល់​ហេតុផល​ចំពោះ​ការ​លើក​ឡើង​នេះ​ដោយ​អះអាង​ថា​លោក​ សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ «​ទាហាន​បែរ​កាណុង​កាំភ្លើង​ទៅ​រក​រដ្ឋាភិបាល​របស់​ខ្លួន​»​។

ខណៈ​លោក សម រង្ស៊ី ពិត​ជា​បាន​និយាយ​អ្វី​ស្រដៀង​នេះ​នៅ​ក្នុង​វីដេអូ​មួយ​ពី​ឆ្នាំ ២០១១ ការ​អំពាវនាវ​របស់​លោក​នាពេល​ថ្មីៗ​ទៅ​ទាហាន​គឺ​ហាក់បី​ដូចជា​គ្រាន់​តែ​ជំរុញ​ឲ្យ​ទាហាន​កុំ​គោរព​តាម​បញ្ជា​ណា​ដែល​បញ្ជា​ឲ្យ​បាញ់​អ្នក​តវ៉ា​ប៉ុណ្ណោះ​។

លោក ស៊ីផាន ក៏​ថ្លែង​ផង​ដែរ​ថា​ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​បរទេស​គឺជា​ទម្រង់​ភេរវកម្ម​។

លោក​ថា​៖ «​ពួកគេ​ចង់​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អស្ថិរភាព​»​។ លោក​បន្ត​ថា​ពួកគេ​កំពុង​ប្រព្រឹត្ត​ «​ប្រឆាំង​នឹង​អត្ថប្រយោជន៍​របស់​ប្រទេស​»​។ លោក​បន្ត​ថា​នឹង​មិន​មាន​ការ​អត់ឱន​ចំពោះ​ការ​តវ៉ា​នោះ​ទេ បើ​សូម្បីតែ​សន្តិវិធី​ក៏ដោយ បើ​ទោះបី​ជា​សិទ្ធិ​តវ៉ា​ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏ដោយ​។

លោក ស៊ីផាន បន្ត​ថា​៖ «​យើង​ដឹង​ពី​ចលនា​ចាស់ៗ​...​ពួកគេ​សុំ​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី​ ប៉ុន្តែ​មិន​គោរព​តាម​នីតិរដ្ឋ​។ ការ​តវ៉ា​ដោយ​សន្តិវិធី​គឺ​គ្រាន់តែ​ជា​ពាក្យ​សម្តី​»​។ «​យើង​មិន​ចង់​ឃើញ​បញ្ហា​ ឬ​សកម្មភាព​ណា​មួយ​ទេ​» ​មុន​ពេល​ការ​បោះឆ្នោត​។

លោក សម រង្ស៊ី បាន​ថ្លែង​ថា​រដ្ឋាភិបាល​កំពុង​ភ័យខ្លាច​។ លោក សម រង្ស៊ី បាន​បង្វែរ​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​ថា​៖ «​ពួកគេ​ជា​រដ្ឋ​ភេរវកម្ម ពួកគេ​ចោទប្រកាន់​អ្នក​ប្រឆាំង​ដោយ​សន្តិវិធី​ថា​ជា​ភេរវករ​»​។

លោក Paul Chambers អ្នក​ជំនាញ​អំពី​អាស៊ីអាគ្នេយ៍​នៅ​សាកល​វិទ្យាល័យ Naresuan បាន​យល់​ស្រប​ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​បង្ហាញ​ភាព​ភ័យ​ខ្លាច​។ លោក​ថ្លែង​ថា​៖ «​វា​ហាក់បី​ដូចជា​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​រដ្ឋសភា​កំពុង​ព្យាយាម​ដំ​ដែកគោល​ទៅ​លើ​បេះដូង​របស់​ចលនា​របស់​លោក សម រង្ស៊ី​»​។

លោក Chambers បាន​ថ្លែង​បន្ត​ថា​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​ «​ឆ្លុះ​បញ្ចាំង​អំពី​ការ​ភ័យខ្លាច​របស់​រដ្ឋាភិបាល​ថា​ចលនា​សង្គ្រោះ​ជាតិ​អាច​គំរាម​កំហែង​ដល់​ការ​កាន់​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​»​។

ខណៈ​លោក​គិត​ថា​វា​ «​មិន​ទំនង​ជា​កើតឡើង​» ​ទេ​ដែល​ថា​ចលនា​សង្គ្រោះជាតិ​អាច​នឹង​វិវឌ្ឍ​ខ្លួន​ទៅ​ជា​បណ្តាញ​ភេរវកម្ម​លោក​បាន​ថ្លែង​ថា​ប្រជាពលរដ្ឋ​អាច​នឹង​បង្ក​ហិង្សា​ប្រសិន​បើ​រដ្ឋាភិបាល​មិន​ផ្តល់​ឲ្យ​ពួកគេ​នូវ​ជម្រើស​ផ្សេង​។

លោក​បន្ត​ថា​៖ «​ប្រសិន​បើ​ការ​ប្រឆាំង​ពិតប្រាកដ​មួយ​ប្រឆាំង​នឹង​លោក ហ៊ុន សែន មាន​លក្ខណៈ​មិន​បង្ហាញ​មុខ​នោះ​វា​អាច​នឹង​ធ្វើឲ្យ​មាន​ការ​ប្រឆាំង​ជា​សាធារណៈ​ទៅ​លើ​របប​របស់​លោក ហ៊ុន សែន ហើយ​នាំ​ឲ្យ​មាន​ការ​តវ៉ា​ហិង្សា​នៅ​តាម​ផ្លូវ​»៕ PS