ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​សម្តែង​ការព្រួយបារម្ភ​ពី​ការគំរាមកំហែង​ដល់​អាយុជីវិត​សត្វព្រៃ តាមរយៈ​ការដាក់​ថ្នាំ​បំពុល​នៅ​តាម​វាលស្រែ បឹងបួ និង​ត្រពាំង​នានា ទី​ដែល​សត្វព្រៃ​ត្រូវ​ទៅរក​ចំណី ខណៈ​ដែល​ការប្រើ​ថ្នាំ​បំពុល​វា​ក៏​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​ផងដែរ​។

លោក កែន សិរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ (WCS) ​បាន​ថ្លែង​ពីថ្ងៃ​ទី​ ៦ ខែធ្នូ​ ថា សត្វព្រៃ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា បាន​ទទួល​ការគំរាមកំហែង​ខ្លាំង ខណៈ​ជនខិលខូច​កំពុង​ដើរ​បំពុល​ដោយ​ដាក់​ថ្នាំ​សម្លាប់សត្វ​ល្អិត​នៅតាម​រដូវកាល​នីមួយៗ​។ ខណៈ​រដូវនេះ​ចូលដល់​រដូវ​ទឹក​ស្រក ឬ​រដូវប្រាំង​ដែល​សត្វព្រៃ​ត្រូវ​បាន​គំរាមកំហែង​តាមរយៈ​ការដាក់​ថ្នាំ​បំពុល​នៅ​តាម​មាត់ទឹក​ដូចជា​បឹង ត្រពាំង ស្រះ ប្រឡាយ មាត់ទន្លេ និង​ទីតាំង​មួយចំនួន​ទៀត ទី​ដែល​សត្វព្រៃ​ទៅរក​ចំណី​។

លោក​បញ្ជាក់ថា​៖ «​យើង​សូម​ស្នើឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អប់រំ ផ្សព្វផ្សាយ និង​អន្តរាគមន៍​ចំពោះ​ជនល្មើស​កុំឱ្យ​ដាក់​ថ្នាំ​បំពុល​សត្វព្រៃ​បែបនេះ គឺ​ធ្វើយ៉ាងណា​ទប់ស្កាត់​ការដាក់​ថ្នាំ​បំពុល ឬ​ប្រើប្រាស់​ធាតុគីមី​ផ្សេងៗ​ទៀត​ក្នុង​គោលបំណង​ចាប់​យក​សត្វព្រៃ​ទៅ​ធ្វើ​ជា​អាហារ ឬ​យក​ទៅ​លក់​នៅ​ទីផ្សារ គឺ​ត្រូវតែ​បង្ក្រាប ដើម្បី​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​យើង ជាពិសេស​សត្វ​ស្លាប​ទាំងអស់​នេះ​»​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​នៅ​ថ្ងៃទី​ ៦ ​ខែ​ធ្នូ​ ថា ក្រសួង​បរិស្ថាន អ្នក​អភិរក្ស​ធនធាន​ធម្មជាតិ និង​សត្វព្រៃ​ក៏​ដូចជា​ស្ថាប័ន​មាន​សមត្ថកិច្ច មាន​ការព្រួយបារម្ភ​ចំពោះ​ការគំរាមកំហែង​ដល់​អាយុជីវិត​សត្វព្រៃ ពីព្រោះ​ក្រៅពី​អន្ទាក់ កាំភ្លើង​កែច្នៃ សុនខ​ប្រមាញ់ គឺ​ការប្រើប្រាស់​ថ្នាំពុល​ទាំង​ចេតនា និង​អចេតនា​ក្នុង​ការបំពុល​សត្វព្រៃ​ដែល​ដាក់​នៅតាម​មាត់ទឹក​បឹង និង​ត្រពាំង​នានា​។

កន្លងទៅ មន្ត្រី​ឧទ្យានុរក្ស រួម​នឹង​អ្នកពាក់ព័ន្ធ​បាន​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​នានា​កុំឱ្យ​ប្រើប្រាស់​ថ្នាំ​ពុល​បំពុល​សត្វព្រៃ ឬ​ប្រើប្រាស់​ថ្នាំ​បំពុល​សត្វល្អិត​ដាក់​ដំណាំ​របស់ខ្លួន ព្រោះ​វា​អាច​សម្លាប់​សត្វព្រៃ និង​ប៉ះពាល់​សុខភាព​ពួកគាត់ និង​អ្នក​ដទៃទៀត​។ ថ្នាំពុល​មិនមែន​ត្រឹមតែ​បំផ្លាញ​ជីវិត​សត្វព្រៃ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បំផ្លាញ​ជីវិត និង​សុខភាព​មនុស្ស​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ក្រសួង​បរិស្ថាន សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បញ្ឈប់​ការប្រើ​ថ្នាំពុល ដើម្បី​ចាប់​សត្វព្រៃ ព្រោះ​វា​បង្ក​ភាព​ហិនហោច​ដល់​សត្វព្រៃ និង​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​។ កន្លងទៅ​ប្រភេទ​សត្វ​មួយចំនួន​ដែល​រងគ្រោះ​ដូចជា សត្វ​ត្រយងយក្ស និង​សត្វ​ត្មាត​ជាដើម បាន​ថយចុះ​ដោយសារ​តែមួយ​ផ្នែក​ស្លាប់​ដោយ​កើត​ចេញ​ពី​ការបំពុល​»​។

យោងតាម​ឯកសារ​ស្រាវជ្រាវ​កម្រាស់ ៧១ ​ទំព័រ​របស់​អង្គការ WCS និង​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​អេឌីនប៊ឺគ​ (Edinburgh) សហការ​ជាមួយ​ក្រសួង​បរិស្ថាន បាន​ឱ្យ​ដឹងថា ពួកគេ​បាន​ធ្វើ​បទសម្ភាស​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ប្រជាសហគមន៍ និង​អ្នក​ដែល​ធ្លាប់បាន​ដើរ​ដាក់​ថ្នាំ​បំពុល​សត្វព្រៃ​។ ក្នុងនោះ​សម្ភាស​សហគមន៍​ចំនួន ១០ ក្នុង​តំបន់​ការពារ​ចំនួន ២ ​ក្នុង​គោលបំណង ដើម្បី​ផ្ដល់​នូវ​ការវាយតម្លៃ​ជា​ជំហាន​ដំបូង​។

ឯកសារ​ស្រាវជ្រាវ​បន្តថា ថ្នាំ​សម្លាប់សត្វ​ស្លាប​ភាគច្រើន​ត្រូវ​បាន​គេ​ប្រើប្រាស់​ប្រភេទ​ថ្នាំ​កណ្ដៀរ (Carbamates) ដែលមាន​​កម្លាំង​ខ្លាំង​ត្រូវបាន​ដាក់​ដោយ​ចេតនា​នៅ​តាម​ត្រពាំង​ដើម្បី​ចាប់​សត្វព្រៃ​សម្រាប់​ការប្រើប្រាស់​តាម​តម្រូវ​ការខ្លួន​។ វិធី​នេះ​ត្រូវបាន​គេ​យល់ថា ជា​វិធី​ដែល​ប្រើ​កម្លាំង​តិច ហើយ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ រីឯ​ការយល់ដឹង​អំពី​ហានីភ័យ​សុខភាព​មាន​លក្ខណៈ​ទាប និង​យល់​ខុសៗ​គ្នា​។

ឯកសារ​ស្រាវជ្រាវ​បន្ថែមថា អ្នក​ដែល​ប្រើប្រាស់​វិធី​នេះ​ភាគច្រើន​ជា​បុរស និង​កុមារ ប៉ុន្ដែ​វា​មិនទាន់​ច្បាស់​ទេ​ថា តើ​ការអនុវត្ត​នេះ​មាន​ទំនាក់ទំនង​ទៅនឹង​កត្តា​អសន្ដិសុខ​ស្បៀងអាហារ​ឬ​យ៉ាងណា​? ប្រភេទ​សត្វព្រៃ​ដែល​ងាយរង​ការគំរាមកំហែង​ខ្លាំង​រួមមាន ប្រភេទ​សត្វ​ត្រយងយក្ស ពពួកសត្វ​ត្មាត និង​ពពួកសត្វ​ស្លាប​មួយចំនួន​ទៀត​។ ការដាក់​ថ្នាំ​បំពុល នឹង​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ចំពោះ​សត្វព្រៃ សុខភាព​មនុស្ស និង​បរិស្ថាន​។

បើតាម​លោក នេត្រ ភក្ត្រា ការសិក្សា​ពី​ឥរិយាបថ​នានា​នៃ​ការបំពុល​សត្វព្រៃ​នេះ​នឹង​ផ្តល់​ព័ត៌មាន​សម្រាប់​ក្រសួងបរិស្ថាន និង​អ្នកជំនាញ ដើម្បី​អាចដាក់​ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការទប់ស្កាត់​សកម្មភាព​បំពុល​សត្វព្រៃ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការការពារ​ និង​អភិរក្ស​សត្វព្រៃ ក៏ដូចជា​បង្ការ​ផលប៉ះពាល់​ដល់​សុខុមាលភាព​របស់​ពលរដ្ឋ​៕