កំពង់​ចាមៈ ​មន្រ្តី​​នគរ​បាល​ខេត្ត​កំពង់​​ចាម​​ ពីរ​​នាក់​​ ត្រូវបានព្យួរ​ពី​​ការ​ងារ ​បន្ទាប់​ពី​​ការ​ថត​រូប​ ​ដែល​​ក្រោយ​មក​​ត្រូវ​បាន​ឃើញ​នៅ​លើ​ហ្វេស​ប៊ុក​ ​ក្នុង​ចំណោម​មន្រ្តី​នគរ​បាល​បី​នាក់​​ ដែល​បាន​ដេក​ក្នុង​អំឡុង​​ពិធី​​អប​អរ​ខួប​ទី ​១១​​ នៃ​ទិវា​អតី​ត​យុវ​ជន​​កម្ពុជា​ប្រចាំ​ឆ្នាំ ​នៅសាល​កោះ​ពេជ្រ​​ កាល​ពី​ថ្ងៃ​ចន្ទ​ ​ក្រោម​អធិបតី​​ភាព​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​។

ការ​ដាក់ទោស​ទណ្ឌ​​នេះ​​ បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​រូប​ថត​របស់​ពួក​គេ​ ត្រូវ​បាន​បង្ហោះ​និង​ចែក​ចាយ​​ពេញ​ហ្វេស​ប៊ុក និង​មាន​ការ​រិះ​គន់​​ជា​ច្រើន​ពី​សាធារណៈ​​ជន​។

លោក ខេង ស្រេង ​អធិការ​​ស្រុក​ចម្ការ​លើ​ ​បាន​ថ្លែង​ថា កាល​ពី​​ព្រឹក​ថ្ងៃ​ចន្ទ ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​មន្រ្តី​ដទៃ​ៗ​ទៀត​​ បាន​មក​ដល់​វេលា​ម៉ោង ​៦​ ព្រឹក​។ ​វា​​ជា​ការ​​ជួន​ពេល​ដែល​លោក​បាន​ឃើញ​មិត្ត​ភក្តិ​ចាស់​​កំពុង​ដេក ​ហើយ​បាន​ថត​រូប​។ ​​ទោះ​យ៉ាង​ណា​ក្តី​ រូប​ទាំង​នេះ ​ត្រូវ​បាន​ថត​មុន​ពេល​លោក​នាយក​រដ្ឋ​មន្រ្តី​​អញ្ជើញ​​​មក​ដល់​កន្លែង​កម្មវិធី។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​​នៅ​ពេល​ខ្ញុំ​​ក្រឡេក​ឃើញ​ពួ​ក​គេ​ដេក ​ខ្ញុំ​បាន​ថត​រូប​ និង​​​ផ្ញើ​រូប​​នោះ​ទៅ​មិត្ត​ភក្តិ​​តាម​ WhatsApp ... ​ហើយ​គាត់​ បាន​​​ចែក​ចាយ​ទៅ​ក្រុម​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​​។ ​ខ្ញុំ​ស្រឡាញ់​មិត្ត​ភក្តិ​របស់​ខ្ញុំ​ខ្លាំង​ណាស់ ​ហើយ​បាន​ថត​រូប​ពួកគេ​​​ដើម្បី​លេង​សើច​... ​ខ្ញុំ​មិន​ដឹង​ថា​​ នរណា​ចែក​ចាយ​រូប​នេះ​​នៅ​លើ​ហ្វេស​ប៊ុក​​ទេ​»។

លោក​បាន​ថ្លែង​ថា ​វា​​អចេតនា​ទេ​ ដែល​រូប​ថត​នេះ​​​ត្រូវ​បាន​ចែក​ចាយ​ទៅ​ក្នុង​ហ្វេស​ប៊ុក​ ​ហើយ​បាន​​ថ្លែង​ថា លោក​​​បាន​ទទួល​យក​ការ​ព្យួរ​នេះ ប៉ុន្តែ​​នឹង​សោក​ស្តាយ​ប្រសិន​បើ​លោក​​នឹង​ត្រូវ​បណ្តេញ​ចេញ​ពីការ​ងារ​​​នៅ​ពេល​ក្រោយ​ដោយ​សារ​ករណី​នេះ​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​​​ខ្ញុំ​​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​​ថា​តើ​​មេ​អនុញ្ញាត​​ឲ្យ​​ខ្ញុំ​​​ទៅ​វិញ​ឬ​អត់​... ​ខ្ញុំ​មិន​ទាន់​ដឹង​ថា ​តើ​​​​នៅ​ពេល​បន្ទាប់​ នឹង​មាន​ការ​ដាក់​ទោស​ទណ្ឌ​ប្រភេទ​អ្វី​នោះ​ទេ​​​។ ​ប្រសិន​បើ​​ពួក​គេ​ដាក់​ទោស​ទណ្ឌ​​រដ្ឋ​បាល​​ចំពោះ​ខ្ញុំ ​​នោះ​មិន​អី​ទេ ប៉ុន្តែ​ប្រសិន​បើ​ពួក​គេ ​ដាក់​ទោស​ទណ្ឌ​ខ្ញុំ​ ដោយ​​បណ្តេញ​ខ្ញុំ​ចេញ​​ ខ្ញុំ​នឹង​សោក​ស្តាយ​​អស់​មួយ​ជីវិត​ ដោយ​សារ​ខ្ញុំ​បាន​​ធ្វើ​ការ​អស់​​ប្រហែល ​៣១​ ឆ្នាំ​​ព្យាយាម​ជួយ​ប្រជា​ពល​រដ្ឋ​»។

លោក​បញ្ជាក់​ថា​៖«​ខ្ញុំ​សូម​បំភ្លឺ​ថា ​មន្រ្តី​ ៥​ នាក់​​កំពុង​​ទទួល​ទោស​ទណ្ឌ​​នេះ ​មន្រ្តី​បី​នាក់​​ដែល​ត្រូវ​បាន​ថត​រូបកំពុង​ដេក ​ខ្ញុំ​ផ្ទាល់ ​ដែល​ថត​រូប និង​​ម្នាក់​​ទៀត ​ដែល​ចែក​​ចាយ​រូប​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​។ ​ដូច្នេះ​ ៥​ នាក់ ហើយ​ឥឡូវ​នេះ​ យើង​កំពុង​ទទួល​ទោស​ទណ្ឌ​ពី​​ស្នង​ការ​​នគរ​បាល​ខេត្ត​»។​

​បើ​តាម​លិខិត​ណែ​នាំ​​របស់​ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់​ចាម​ ​លោក ឯម ​កុសល ចុះ​ថ្ងៃ​ទី​៥ ខែ​មិថុនា ​វរសេនីយត្រី ​ជីវ សេង​រស់ អនុ​ប្រធាន​​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​កំពង់​ចាម​ ​ត្រូវ​ទទួល​​តួនាទី​​ជា​ប្រធាន​ស្តីទី​ នៃ​​ការិយាល័យ​​​​ប្រឆាំង​គ្រឿង​ញៀន​​ខេត្ត​កំពង់​ចាម​ ជំនួស​វរសេនីយឯក​ អ៊ឹម ស៊ាង​ឌី ​ដែល​កំពុង​ទទួល​រង​ការ​ព្យួរ​ការ​ងារ​​ ចំពោះ​ការ​​ចែក​ចាយ​រូប​​នេះ ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​។

នៅ​ក្នុង​​លិខិត​ណែ​នាំ​ដោយ​ឡែក​មួយ​ទៀត​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក កុសល ​ ​បាន​ឲ្យ​ដឹង​ថា ​វរសេនីយត្រី​ យូ ភិរុន អធិការរង​​ស្រុក​ចម្ការ​លើ​ ​ដែល​ទទួល​បន្ទុក​កិច្ច​ការ​យុត្តិធម៌​ ​ឲ្យ​ទទួល​​តួនាទី​ជា​អធិការ​ស្តី​ទី​​ នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​​ចម្ការ​លើ​​ជំនួស​ ​វរសេនីយ ​ឯក​ ​ខេង​ស្រេង ដែល​កំពុង​ទទួល​ទោស​ទណ្ឌ​​ចំពោះ​ការ​ថត​រូប​នេះ​។

មន្រ្តី​នគរ​បាលម្នាក់​ទៀត​ ​ដែល​ចែក​រំលែក​ព័ត៌​មាន​នៅ​លើ​ WhatsApp ទៅ​ក្រុម​​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​ ​និង​ដែល​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ ​​មិន​បាន​ទទួល​​ការ​ដាក់​ទោស​ទណ្ឌ​​ចំពោះ​​ករណី​នេះ​ទេ​។

មន្រ្តី​នគរ​បាល ​​ក៏​បាន​បដិសេធ​​មិន​បង្ហាញ ​​ថា​តើ​មន្រ្តី​ទាំង​ពីរ​នោះ ​នឹង​ត្រូវ​ព្យួរ​ការ​ងារ​យូរ​ប៉ុណ្ណា​​នោះ​ដែរ។

ការ​ដក​បញ្ឈរជើង​អ្នក​ថត​មន្ត្រី​ប៉ូលិស​ដេក​នេះ បាន​​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ដោយ​អ្នក​លេង​ហ្វេស​ប៊ុក​ បាន​ចំអក​ថា អ្នក​ដេក​​នៅ​ក្នុង​អំឡុង​ពិធី​រួច​ខ្លួន​ ហើយ​បែ​ជា​មក​ដក​បញ្ឈរ​ជើង​អ្នក​ដែល​​ថត​រូប​ទៅ​វិញ។

អ្នក​លេង​ហ្វេស​ប៊ុក​ម្នាក់​ឈ្មោះ Vann Saray បាន​សរសេរ​បង្ហោះ​ថា អ្នក​ដេក​រួច​ខ្លួន​ដក​អ្នក​ថត និង​បង្ហោះ។ អ្នក​លេង​ហ្វេស​ប៊ុក​រូប​នេះ បាន​ចោទ​សួរ​​ថា​៖«អ៊ីចឹង​មាន​ន័យ​ថា លើក​ទឹក​ចិត្ត​អ្នក​ដេក​ឲ្យ​ដេក​បន្ត​ ហើយ​ជា​ការ​សម្លាប់​ជន​រាយ​ការណ៍ រាយ​ការណ៍​រឿង​ល្អ​បាន អាក្រក់​កុំ​រាយ​ការ​ណ៍​មែន?»៕ PS