ព្រៃវែងៈមនុស្ស​ចំនួន ៥ នា​ក់ ក្នុង​នោះ​មាន ​​២ នាក់​គឺជា​មន្ត្រី​ប៉ូលិស​ដែល​បាន​បាញ់សម្លាប់​លោក យ៉​ន រ៉ាវុ​ធ និ​​ង ​​៣ នាក់​ទៀត​ដែល​ជា​អ្នក​​ផ្ដល់​​ដំណឹង​មិន​ពិត​មក​ប៉ូលិស​ នឹង​ត្រូវ​បញ្ជូ​ន​ទៅ​សា​លា​ដំបូង​ខេត្ត​ព្រៃវែង​ នៅ​​ព្រឹក​ថ្ងៃ​ពុធ​នេះ។

លោក នេ​ត សាវឿន អគ្គស្នង​ការ​នគរបាល​ជាតិ​ បាន​ប្រាប់​​​ភ្នំ​ពេញ​ប៉ុស្ដិ៍​​កាល​ពីម្សិល​មិញ​ថា ក្រោយពី​មន្ត្រី​ប៉ូលិស​ឈ្មោះ ជឹ​ម រតនៈ មាន​តួនាទី​ ជា​អធិការរង​ស្រុក​ព្រះស្ដេច ​​ដែលជា​មន្ត្រី​ម្នា​ក់​ ក្នុងចំណោម​មន្ត្រី​ប៉ូលិស​ទាំង​ ២ នាក់​ ដែល​បាន​បាញ់​សម្លាប់​លោក យ៉​ន រ៉ា​វុ​ធ បាន​ព្រម​ប្រគ​ល់​​ខ្លួន​ឱ្យស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ចាត់វិធានការ​តាម​ផ្លូវ​​ច្បាប់​កាលពី​ថ្ងៃ​ម្សិល​មិញ​ម​ក គឺ​លោក​នឹង​សម្រេច​បញ្ជូន​មនុ​ស្ស ៥ នាក់​ក្នុងចំណោម​មនុស្ស​ទាំ​ង ៧ នាក់​ដែល​សមត្ថ​កិច្ច​បាន​សា​ក​​សួរ​ពី​ករណី​ឃាតកម្ម​លើ​លោក យ៉​ន រ៉ាវុធ ទៅ​តុលាការ​នៅថ្ងៃ​នេះ ពីបទ​ផ្ទុះអាវុធ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស ដើម្បីឱ្យ​តុលាការ​ដោះស្រាយ​តាម​នីតិវិធី។

លោក​​បញ្ជាក់​ថា៖ «នីតិវិធី គឺ​ខ្ញុំ​នឹង​ប្ដឹងទៅ​តុលាការ​ ពីបទ​ផ្ទុះ​អាវុធ​បណ្ដាលឱ្យ​ស្លាប់​មនុស្ស​។ អ្នកខ្លះ​យើង​គ្រាន់តែ​សាកសួរ ប៉ុន្តែ​ស្អែក​នេះ​បញ្ជូនទៅ​តុលា​កា​រ​​គឺ ៥ នាក់ អ្នកបាញ់​ ២ នាក់​គឺ​យើ​ង​យកបាន​ហើយនឹង ៣​ នា​ក់​ ជា​អ្នកប្ដឹង​ដំណឹង​មិន​ពិត​មក​នគរ​​បាលក៏ត្រូវ​បញ្ជូន​ទៅ​តុលា​ការ ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់»។

បើតាម​របាយការណ៍រ​បស់​មន្ត្រីនគរបាល​ខេត្ត​ព្រៃវែង​បញ្ជាក់ថា ក្រៅពី​ប៉ូលិស​ឈ្មោះ ជឹម រតនៈ ព្រម​ប្រគល់ខ្លួនគឺ​ក្នុ​ង​នោះ មាន​អ្នកពាក់ព័ន្ធ​ចំនួ​ន ៦ នាក់​ទៀត ដែល​ត្រូវ​ឃាត់ខ្លួន​ យកមក​សាកសួរ មាន​ដូច​ជា​ឈ្មោះជា ឡា​ឌី​ន ឋានៈ​ជា​អនុសេនីយ៍​ឯក​ និង​ជា​នាយ​នគរបា​​ល​ប៉ុស្ដិ៍​កំពង់​សឹង ស្រុក​ព្រះស្ដេច​ ដែលជា​អ្នកដឹកនាំ​កម្លាំង​ប្រព្រឹត្ត​បទល្មើស​ដោយ​ផ្ទាល់ ឈ្មោះ ជឹម វិ​ន ឋានៈ​ជា​អនុសេនីយ៍​ទោ​ និង​ជា​មន្ត្រីន​គរបាល​​ប៉ុស្តិ៍កំពង់​សឹង ហើយ​ជា​ក្មួយ​រប​​ស់​ឧកញ៉ាជឹម សុខឈ្មោះ វ៉ែន ប៊ុន​សារ៉ាក់ អ្នក​រួម​ដំណើរ​ ក្នុង​ប្រតិបត្តិការ​ប្រព្រឹត្ត​បទ​ល្មើស។

ក្រៅពី​នេះឈ្មោះ សេង ឈិន ជា​អ្នកប្ដឹង​ចោទ​ជនរង​គ្រោះ​ជា​ចោរ និង​មិត្តភក្ដិ​របស់​ជននេះ​២នាក់​ទៀត គឺឈ្មោះ ផាន់ សុ​ឌី ដែល​ស្គាល់​ថា​ អ្នក​យក​ឡា​ន​ជនរងគ្រោះ​ទើប​ទិញ​ទៅ​ជួល​ឱ្យ​ចិន និង​ឈ្មោះ ឈុន ឡាយ ក៏ត្រូវ​អាជ្ញាធរ​ចោទ​ពីបទ​ផ្ដល់​សក្ខីកម្ម​មិន​ពិត​នាំឱ្យ​ផ្ទុះ​អាវុធ​រហូត​ស្លាប់​ជន​រង​គ្រោះ។

លោក នេ​ត សាវឿន មិន​ទា​ន់​អាច​បញ្ជាក់​ឈ្មោះ​មន្ត្រី​ប៉ូលិស​ម្នាក់​ ដែលជា​អ្នកបាញ់​សម្លាប់​លោក យ៉​ន រ៉ាវុធ នៅ​ឡើយ​ទេ​។

កាលពី​ព្រឹក​​ម្សិល​មិញ លោក ជា សុ​មេ​ធី អភិបាលខេត្ត​ព្រៃ​វែង​ បាន​ដឹកនាំ​មន្ត្រីខេត្ត​ ទៅ​គោរព​វិញ្ញាណក្ខន្ធ​ និង​ចូលរួម​រំលែកទុក្ខ​ នៅក្នុង​ពិធី​បុណ្យស​ពលោ​ក យ៉​ន រ៉ាវុធ ដែល​ក្រុមគ្រួសារ​បាន​ប្រារព្ធ​ធ្វើឡើង​ នៅ​ស្រុក​កំណើត​ស្ថិតក្នុង​ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ។

លោក យ៉​ន រ៉ាវុធ អាយុ ៣២ ឆ្នាំ ជា​អ្នកម៉ៅការ​សំណង់​ និង​មាន​លំនៅ​បច្ចុប្បន្ន​ ស្ថិតក្នុង​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំ​ពេ​ញ បាន​បើករថ​យន្ត​ម៉ាកព្រូស​មួយ​គ្រឿង​ ចេញ​ពី​ភ្នំពេញ​ ទៅកាន់​ខេត្តព្រៃវែង ប៉ុន្តែ​ត្រូវបាន​ក្រុម​ប៉ូលិស​នៅ​ស្រុក​ព្រះស្ដេច​សហការ​គ្នាជាមួយ​កង​រាជ​អាវុធ​ហ​ត្ថ​​ខេត្តដែល​ទទួល​បណ្ដឹង​ថា លោ​ក យ៉​ន រ៉ាវុធ ជា​ចោរលួច​ឡាន បានចេញ​ប្រតិបត្តិការ​ដេញតាម​និង​ស្ទាក់​បាន​នៅ​ឃុំ រក្សជ័យ ស្រុក​បាភ្នំ ហើយ​មន្ត្រី​ប៉ូលិស​ឈ្មោះ ជឹម រតនៈ ជា​អ្នក​បាញ់​ប្រហារ​អស់​ជាច្រើន​គ្រាប់ បណ្ដាលឱ្យ​លោក យ៉​ន រ៉ាវុធ ស្លាប់ និង​អ្នក​អមដំណើរ​ជា​​មួយ​លោក​ម្នាក់​ទៀត​ឈ្មោះ វ៉ាន ខេមរិន រង​របួស។

ក្រោយពី​មាន​ករណី​បាញ់​មនុស្ស​ច្រឡំ​​ដែល​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​​របួស​ម្នាក់​បើ​ទោះ​​​បី​ជា​ជន​រង​គ្រោះ​​ គ្មាន​អាវុធ​នៅ​ក្នុង​​ដៃ​​ក្តី​ ​បានធ្វើឱ្យ​លោក​នាយ​ករដ្ឋមន្ត្រីហ៊ុន សែន លោក​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង និង​អគ្គស្នងការ​នគរបាល​ជាតិ លោ​ក នេ​ត សាវឿន បាន​ចេញ​មុ​ខ​​​សម្តែង​ការសោកស្ដាយ​និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​​ជា​បន្ត​បន្ទា​ប់​​គ្នា ហើយ​បានចេញ​បញ្ជា​ឱ្យ​តា​ម​​ចាប់ខ្លួន​មន្ត្រីនគរបាល​ដែល​ពា​ក់ព័ន្ធ​ករណី​ឃាតកម្ម​នេះ​យក​មក​​​ផ្ដន្ទាទោស និង​បាន​ណែនាំ​ឱ្យ​មន្ត្រី​កងកម្លាំង​ដទៃ​ទៀត មិនត្រូវ​ធ្វើឱ្យ​ករណី​បែប​នេះ​កើត​ឡើង​ទៀត​ឡើយ៕