ប៉ៃលិនៈ មន្ត្រី​ ៩ ​នាក់ ​បាន​នាំគ្នា​ផ្ដិតមេដៃ​ប្ដឹងទៅ​កាន់​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ដើម្បី​សុំ​ដោះដូរ​ប្រធាន និង​អនុប្រធាន​មន្ទីរ​ដែនដី​ខេត្ត​ប៉ៃលិន ដោយ​ចោទថា ខ្វះ​សមត្ថភាព​ដឹកនាំ គ្មាន​ជំនាញ​សុរិយោដី ប្រកាន់​បក្ខពួក និង​រើសអើង ក៏ប៉ុន្តែ​ការចោទ​នេះ​ត្រូវបាន​ប្រធាន​មន្ទីរ​​បដិសេធ និង​ថា ករណី​នេះ​ក្រសួង​មិនបាន​ធ្វើតាម​សំណើ​ទេ​។

យោងតាម​លិខិត​របស់​តំណាង​មន្ត្រីរាជការ​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន​ចុះ​ថ្ងៃ​ ៥ កុម្ភៈ ​​ដែល​ ភ្នំពេញ ​ប៉ុស្តិ៍ ទទួល​បាន​ពី​ម្សិលមិញ​បង្ហាញថា ការស្នើសុំ​ដោះដូរ​នេះ​ដើម្បីឱ្យ​មន្ទីរ​នេះ​មាន​ថ្នាក់ដឹកនាំ​ថ្មី​ដែល​អាចដឹកនាំ​ការងារ​បានល្អ​ទទួលបាន​នូវ​ការឯកភាព​ផ្ទៃក្នុង​បង្កើតឡើង​នូវ​បរិយាកាស​ថ្មី​មួយ គឺ​ស្មារតី​​សហការ​សាមគ្គី​រួមគ្នា​ជា​ធ្លុង​មួយ​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​ដែល​រដ្ឋ​បានប្រគល់​ជូន​។

លិខិត​នោះ​បញ្ជាក់ថា​៖ «​យើងខ្ញុំ​ទាំងអស់​គ្នា​មិន​ពេញចិត្ត​ការដឹកនាំ​របស់​លោក​ប្រធាន​មន្ទីរ សូ សុខុន និង​លោក​អនុប្រធាន​មន្ទីរ​ទទួល​បន្ទុក​សុរិយោដី កែវ សុវត្ថិ ពុំមាន​សមត្ថភាព​ដឹកនាំ និង​គ្មាន​ជំនាញ​លើ​កិច្ចការ​សុរិយោដី បក្ខពួកនិយម ខ្វះ​ការចូលរួម​មតិ និង​ការសម្រេចចិត្ត​នានា​ពុំ​ស្ថិតក្នុង​គន្លង​នៃ​រចនាសម្ព័ន្ធ​នៃ​ការចាត់តាំង និង​សេចក្តី​សម្រេច​ជាមួយ​នឹង​ការវាយតម្លៃ ចំពោះ​​បុគ្គល​ទាំង​ ២ ​រូបនេះ​ពុំ​ស័ក្ដិសម​ជា​មន្ត្រី​ដឹកនាំ​អង្គភាព​»​។

ក្នុង​លិខិត​នោះបាន​ចោទ​លោក សូ សុខុន ថា ពុំមាន​សមត្ថភាព​ដឹកនាំ​មន្ទីរ ហើយ​ការដឹកនាំ​គឺ​ទៅរក​ការ​ប្រេះឆា​ផ្ទៃក្នុង​ដ៏ជ្រាលជ្រៅ​។ ចាត់តាំង​ការងារ​ដល់​មន្ត្រី​ហើយ តែ​ពុំ​ទទួល​មន្ត្រី​នោះ​សម្រាប់​បំពេញការងារ ប្រកាន់​បក្ខពួក និង​រើសអើង បញ្ឈរជើង​មន្ត្រី​ក្របខ័ណ្ឌ មិន​ឱ្យ​បំពេញភារកិច្ច ប្រើប្រាស់​តែម​ន្ត្រី​កម្មសិក្សា មិន​ទទួល​យក​មតិ​កែលម្អ​ពី​មន្ត្រី​ជា​សេនាធិការ ប្រើប្រាស់​ថវិការដ្ឋ​មិន​ចំ​គោលដៅ របប​បេសកកម្ម បើក​ផ្តល់​ឱ្យតែ​ហាសិប​ភាគរយ ឃុបឃិត​គ្នា​ចេញ​បណ្ណ​ខុស​ប្រក្រតី ដើម្បី​តែ​ផលប្រយោជន៍​។

ចំណែក​លោក​ កែវ សុវត្ថិ វិញ ទទួល​បន្ទុក​ការងារ​សុរិយោដី ប៉ុន្តែ​បែរ​ជា​យក​អ្នកមាន​បរិញ្ញាបត្រ​សំណង់​មក​ធ្វើជា​អនុប្រធាន​ទទួល​ការងារ​ដីធ្លី​។ ប្រើប្រាស់​ជំនួយការ​កាន់​ឯកសារ​បម្រើ​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​គាំទ្រ​ការចេញ​បណ្ណ​ជា​ប្រព័ន្ធ ព្យាយាម​ពន្យារពេល មិន​ដោះស្រាយ តែងតែ​ទម្លាក់​បញ្ហា​ឱ្យ​ក្រុម​​ចុះបញ្ជី​ជា​ប្រព័ន្ធ​។ ជាមួយ​គ្នា​នោះ​​ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​លោក កែវ សុវត្ថិ បាន​រត់ការ​ប្លង់​ចុះបញ្ជី​ដាច់​ដោយ​ដុំ​ក្នុង​តំបន់​ប្រកាស​ធ្វើ​វិនិច្ឆ័យ​ចុះបញ្ជី​ជា​ប្រព័ន្ធ​ធ្វើ​ឱ្យ​ក្រុម​ទី​ ២ ដាច់​ប្រាក់​ស្នាក់នៅ​អស់​ចំនួន ២ ​ខែ​។

យ៉ាងណាក្ដី លោក​ សូ សុខុន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា រឿងនេះ​លោក​ទទួល​ដំណឹង​ថា លោក​ឧបនាយក​រដ្ឋមន្ត្រី​បាន​ចារ​ជា​ឯកសារ​​ទៅ​អ្នកប្តឹង​រួចហើយ​ដោយ​លោក​មិនមាន​ចំណាត់ការ​ទេ​។

ជាមួយ​នេះ​ដែរ លោក សុខុន បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ករណី​ថា លោក​ប្រកាន់​បក្ខពួក និង​រើសអើង ដោយ​​អះអាងថា កន្លងមក​លោក​មិន​ធ្លាប់មាន​បញ្ហា​អ្វី​ប៉ះពាល់​ដល់​​មន្ត្រី​ក្រោម​ឱវាទ​ទេ​។ ​រីឯ​សកម្មភាព​ការងារ​ប្រព្រឹត្ត​ទៅ​តាម​ធម្មតា​គ្មានអ្វី​ខុស​ប្រក្រតី​ឡើយ​។

លោក​ថា​៖ «​សកម្មភាព​ការងារ​​នៅទីនេះ អត់​មានអី​ទេ​គឺ​ធម្មតា រឿង​គាត់​ប្តឹង រឿង​គាត់​ហ្នឹង​ទៅ យើង​ធ្វើការ​ធម្មតា​អត់​មាន​បញ្ហា​អី​ផង​។ ​ក្នុងចំណោម​អ្នកប្តឹង​ហ្នឹង​មាន​ ២ ​នាក់​ ជា​មន្ត្រី​ដែល​បាន​ផ្ទេរ​ក្របខ័ណ្ឌ​ទៅ​ថ្នាក់ក្រោម​ជាតិ​អស់ហើយ​អត់​នៅក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​ទៀត​ទេ​»​។

លោកស្រី បាន ស្រីមុំ អភិបាល​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា ករណីនេះ​លោកស្រី​មិនទាន់​អាច​វាយតម្លៃថា​យ៉ាងណាទេ ចំពោះ​សកម្មភាព​ការងារ​របស់​មន្ត្រី​នៃ​មន្ទីរ​ដែនដី​នគររូបនីយកម្ម​សំណង់ និង​សុរិយោដី ប៉ុន្តែ​​លោកស្រី​កំពុង​តាមដាន​ការងារ​ដែល​មន្ត្រី​បាន​អនុវត្ត​។

លោកស្រី​ថ្លែងថា​៖ «​អត់​ទាន់​អាច​និយាយ​បាន​ថា ខាង​ណា​ល្អ ខាង​ណា​ខុស ខាង​ណា​ត្រូវ​ទេ ដោយសារ​យើង​ថ្មី យើង​ពិតជា​​ស្គាល់​ហើយ​បុគ្គល យើង​ស្គាល់​ហើយ​បងប្អូន​ទាំងអស់ ប៉ុន្តែ​សំខាន់​ការងារ​ខ្ញុំ​កំពុងតែ​តាមដាន និង​ស្រាវជ្រាវ រាល់​កិច្ចការងារ​ដែល​បាន​អនុវត្ត​ក្នុង​ពេល​​កន្លងទៅ​អ៊ីចឹង គឺ​ខ្ញុំ​អត់​ទាន់​ឆ្លើយ​​ថា យ៉ាងម៉េច​នោះទេ​»៕

វីដេអូ៖