ភ្នំពេញៈ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការប្រមាណជាង ២០០ នាក់ត្រូវបានតែងតាំងនៅក្នុងជួររាជរដ្ឋាភិបាល និងរដ្ឋសភានៅក្នុងរយៈពេល ២ ខែចុងក្រោយដែលមន្ត្រីអះអាងថា ជាការជំរុញការងារឲ្យមានប្រសិទ្ធភាព និងផ្ដល់ឱកាសការងារដល់មន្ត្រី ខណៈអ្នកវិភាគបានរិះគន់ថាការតែងតាំងនេះជាការបែងចែកអំណាច និងធ្វើឲ្យខាតបង់ថវិកាជាតិយ៉ាងច្រើនលើសលប់។ នេះបើយោងតាមព្រះរាជក្រឹត្យចេញផ្សាយនៅក្នុងខែតុលា និងវិច្ឆិកាដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបាន។
យោងតាមព្រះរាជក្រឹត្យឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី ១០ ខែវិច្ឆិកាបានត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃចំនួន ៩ រូប និងព្រះរាជក្រឹត្យដោយឡែកទៀតនៅថ្ងៃទី ១០ ខែវិច្ឆិកា ត្រាស់បង្គាប់តែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងព័ត៌មានចំនួន ១៧ រូប។
យោងតាមព្រះរាជក្រឹត្យនៅថ្ងៃទី ១៨ ខែតុលា ដោយប្រមុខរដ្ឋស្ដីទីលោក សាយ ឈុំ បានសម្រេចតែងតាំងមន្ត្រី ៣២ រូបឲ្យធ្វើជាទីប្រឹក្សារបស់លោក ហេង សំរិន ប្រធានរដ្ឋសភាមានឋានៈស្មើអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ និងរដ្ឋមន្ត្រី។ ខណៈមន្ត្រី ១៥ រូបផ្សេងទៀតត្រូវបានតែងតាំងជាជំនួយការមានឋានៈស្មើអគ្គនាយកដែលការតែងតាំងនេះធ្វើតាមសំណើលោក ហេង សំរិន។
យោងតាមព្រះរាជក្រឹត្យដោយឡែកមួយទៀតនៅថ្ងៃទី ៥ ខែតុលា ប្រមុខរដ្ឋស្ដីទីក៏បានសម្រេចតែងតាំងមន្ត្រី ៤៦ រូបឲ្យធ្វើជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រីដែលមានឋានៈចាប់ពីអនុរដ្ឋលេខាធិការរហូតដល់ឋានៈស្មើរដ្ឋមន្ត្រី ខណៈដែលមន្ត្រី ៣៦ រូបផ្សេងទៀតត្រូវបានតែងតាំងជាជំនួយការមានឋានៈស្មើអគ្គនាយក។ ការតែងតាំងនេះធ្វើតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងថាការតែងតាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការនៅក្រសួង និងរដ្ឋសភាគឺដោយសារមានតម្រូវការតាមក្រសួង និងស្ថាប័ននីមួយៗ ហើយត្រូវទទួលខុសត្រូវចំពោះប្រសិទ្ធភាពការងារក្នុងការបម្រើមហាជន ហើយការតែងតាំងនេះនឹងជួយការងារក្រសួង និងស្ថាប័ននីមួយៗឲ្យកាន់តែមានប្រសិទ្ធភាព និងបានជួយផ្តល់ឱកាសការងារដល់យុវជនជំនាន់ក្រោយសម្រាប់បន្តវេនផងដែរ។
លោក ស៊ីផាន បានថ្លែងថា៖ «តម្រូវឲ្យរើសមន្ត្រីទាំងអស់នោះចូលទៅតាមសេចក្តីត្រូវការរបស់រដ្ឋមន្ត្រីនីមួយៗ ហើយរដ្ឋមន្ត្រីនីមួយៗត្រូវទទួលខុសត្រូវចំពោះផែនការ និងប្រសិទ្ធភាពការងារសម្រាប់បម្រើមហាជន។ ផ្តើមនៃការជ្រើសរើសយ៉ាងគំហុកដែលធ្វើឲ្យគេភ្ញាក់ផ្អើលតែចំពោះអ្នកដែលប្រកបការងារគេមិនភ្ញាក់ផ្អើលទេ។ ទី ១ យើងមានសមត្ថភាពក្នុងការផ្តល់ប្រាក់បៀវត្សរ៍»។
លោកបានបន្ថែមថា៖ «គឺដើម្បីធ្វើឲ្យការងារទទួលបាននូវប្រសិទ្ធភាពដើម្បីបម្រើមហាជនរបស់យើងហើយយើងបង្កើតឱកាស ការងារសម្រាប់យុវជន និងយុវនារី ហើយនឹងសម្រាប់យើងត្រៀមលក្ខណៈក្នុងការបន្តវេនសម្រាប់មន្ត្រីចាស់ៗ»។
លោក ស៊ីផាន ថ្លែងថាការតែងតាំងនេះមិនបានធ្វើឲ្យបាត់បង់ថវិកាជាតិ តែផ្ទុយទៅវិញបង្កើនការងារសម្រាប់យុវជននៅក្រសួង និងស្ថាប័នរដ្ឋ ហើយថាក្រសួងជាច្រើនបានធ្វើកំណែទម្រង់សមត្ថភាពមន្ត្រីរាជការដើម្បីធ្វើឲ្យមន្ត្រីទាំងនោះធ្វើការងារកាន់តែល្អ និងមានប្រសិទ្ធភាព។
លោកថ្លែងថា៖ «គួរឲ្យសោកស្តាយដែលគាត់ (អ្នកវិភាគ) មិនយល់ពីការងាររបស់រដ្ឋ»។
លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកមិនមានទិន្នន័យទាក់ទងនឹងចំនួនរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការទេ ហើយក៏មិនអាចធ្វើការប៉ាន់ប្រមាណបានដែរ។
លោកក៏បានអះអាងផងដែរថា មិនអាចប្រាប់ថារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាជំនួយការទទួលបានប្រាក់ខែចំនួនប៉ុន្មានដែរ ហើយក៏មិនអាចប្រាប់បានថា រដ្ឋាភិបាលថ្មីនេះមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការមានចំនួនច្រើនជាង ឬតិចជាងអាណត្តិមុននោះទេ។
លោក ប៊ុនធិន បានថ្លែងថា៖ «ខ្ញុំឆ្លើយមិនរួចទេទាន។ ទាល់តែអង្គុយបូកលេខ (ទាក់ទងនឹងប្រាក់ខែ) ខ្ញុំក៏ឆ្លើយមិនរួចដែរ»។
កញ្ញា លី ស្រីស្រស់ អ្នកវិភាគនយោបាយ និងសង្គមបានលើកឡើងបន្ទាប់ពីរដ្ឋាភិបាលត្រូវបានបង្កើត នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីផ្សេងទៀតបានស្នើសុំតែងតាំងជាបន្តបន្ទាប់ក្នុងនោះមានការតែងតាំងមានមន្ត្រីខុទ្ទកាល័យ ទីប្រឹក្សាផ្ទាល់ ជំនួយការ លេខា និងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា មានចំនួនច្រើនលើសលប់ និងថាជាការចែកអំណាច។
កញ្ញា លី ស្រីស្រស់ ថ្លែងថា៖ «គ្រាន់តែក្នុងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីជាង ៣០០ នាក់រួមទាំងទីប្រឹក្សាលេខាជំនួយការយើងមើលឃើញថាចំនួន ៣០០ នាក់គឺច្រើនគ្រាន់តែខុទ្ទកាល័យមួយ។ មិនថាតែអ្នកវិភាគផ្សេងៗទេ ថែមទាំងសាធារណជនមើលឃើញថា ជារដ្ឋាភិបាលដែលមានក្បាលធំ ហើយអ្នកកាន់តំណែងខ្លះមិនបានធ្វើការងារសកម្មទេគ្រាន់តែមានតំណែង។ វាគឺជាការបែងចែកឋានៈ ឬតំណែង»។
កញ្ញាបានបន្តថា៖ «ការតែងតាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការនេះធ្វើឲ្យបាត់បង់ថវិកាជាតិ «ការរីកចម្រើនហាក់បីដូចជាដើរយឺតណាស់មិនអាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ហើយការដោះស្រាយ និងការអភិវឌ្ឍទាក់ទងបញ្ហាដីធ្លីព្រៃឈើនៅមិនទាន់ល្អនៅឡើយ។ ការតែងតាំងវាអាចធ្វើឲ្យខ្ជះខ្ជាយថវិកាជាតិដោយសារតែថវិកាជាតិក៏ត្រូវបានបើកជូនមន្ត្រីទាំងអស់នោះ»។
រាជរដ្ឋាភិបាលបានបន្តស្នើសុំតែងតាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាជំនួយការបន្ទាប់រដ្ឋាភិបាលថ្មីបានបង្កើតឡើងដែលក្នុងនោះកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨ ព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្ដីទីបានតែងតាំងមន្ត្រី ៤៦ រូបជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានឋានៈចាប់ពីរដ្ឋលេខាធិការរហូតដល់ទេសរដ្ឋមន្ត្រី និងមន្ត្រី ៥៥ រូបផ្សេងទៀតត្រូវបានតែងតាំងជាជំនួយការមានឋានៈចាប់ពីអគ្គនាយករហូតដល់រដ្ឋលេខាធិការ និងយោងតាមអនុក្រឹត្យចេញកាលពីថ្ងៃទី ១៤ ខែកញ្ញាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចតែងតាំងសមាជិកក្រុមលេខារបស់លោកចំនួន ៨២ រូបសម្រាប់បំពេញការងារនៅខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕