ភ្នំពេញៈ មន្ត្រី​តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ (​អសប​) បាន​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​មួយ​នេះ​ថា ពលរដ្ឋ​កម្ពុជា​គ្រប់រូប​គឺអាច​អនុវត្ត​សិទ្ធិ​នយោបាយ​បាន​គ្រប់ៗ​គ្នា និង​អាច​ប្រើប្រាស់​សិទ្ធិសេរីភាព​បញ្ចេញមតិ​បាន​គ្រប់​រូបភាព​។ ការអះអាង​នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​របាយការណ៍​របស់​មន្ត្រី​នៃ​ការិយាល័យ UN ប្រចាំ​នៅ​កម្ពុជា​ដែល​ថា ចំណាត់ការ​របស់​រដ្ឋាភិបាល​នាំឱ្យ​ប៉ះពាល់​ដល់​ការអនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​។

ក្នុង​របៀបវារៈ​ទី​ ១០ ​នៃ​កិច្ចប្រជុំ​លើក​ទី​ ៤២ ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស​កាលពី​ថ្ងៃ​ទី​ ២៦ ​កញ្ញា លោក​ ណី សំអុល ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​លើកឡើង​ថា សិទ្ធិ​នយោបាយ​គឺ​កំពុង​ត្រូវ​បាន​អនុវត្ត​ដោយ​ពលរដ្ឋ​គ្រប់រូប និង​គ្រប់​គណបក្ស​នយោបាយ​ស្រប​ទៅ​តាម​ច្បាប់​របស់​កម្ពុជា​។

លោក​បន្តថា ​ប្រជាពលរដ្ឋ​ក៏​កំពុង​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​បាន​គ្រប់​រូបភាព និង​អាច​ទទួល​បាន​ព័ត៌មាន​គ្រប់​ប្រភេទ ដោយសារ​កម្ពុជា​មាន​សារព័ត៌មាន​អេឡិចត្រូនិក​ចំនួន​ ១៤៨ សារព័ត៌មាន​បោះពុម្ភ​ផ្សាយ​ចំនួន ៥៥០ ស្ថានីយ​វិទ្យុ​ចំនួន​ ២១១ បណ្ដាញ​ទូរទស្សន៍​ ១៣៤ និង​សមាគម​សារព័ត៌មាន​ចំនួន​ ៣៩​។

លោក​ថ្លែងថា​៖ «​លើសពី​នេះ​ទៅ​ទៀត​ក៏​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ៥ ៤០០ ​ដែល​បាន​ចុះបញ្ជី​រាប់បញ្ចូល​ទាំង​អង្គការ​ដែល​ធ្វើការ​លើ​ការលើកកម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​។ រដ្ឋាភិបាល​តែងតែ​ចាត់ទុក​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ដៃគូ​របស់ខ្លួន​»​។

លោក​ ណី សំអុល បន្ថែម​ថា​រដ្ឋាភិបាល​ក៏បាន​ប្រកាស​លុបចោល​ការជូនដំណឹង​មុន​រយៈពេល​ ៣ ​ថ្ងៃ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​វេទិកាសាធារណៈ ថែមទាំង​បង្កើត​ឱ្យ​មាន​កិច្ចសន្ទនា​គ្នា​ ២ ​ដង​ក្នុង​ ១ ​ឆ្នាំ​រវាង​រដ្ឋាភិបាល​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

ការលើកឡើង​របស់​មន្ត្រី​រូបនេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបង្ហាញ​របាយការណ៍​របស់​អគ្គលេខាធិការ​ស្ដីពី​តួនាទី និង​សមិទ្ធផល​របស់​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅក្នុង​ការផ្ដល់​ជំនួយ​ដល់​រដ្ឋាភិបាល​ និង​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការលើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​។ របាយការណ៍​លើកឡើង​ថា​ចំណាត់ការ​របស់​រដ្ឋាភិបាល​ជាច្រើន​ដែល​នាំឱ្យ​ប៉ះពាល់​ដល់​ការអនុវត្ត​សិទ្ធិ និង​សេរីភាព​នៅ​កម្ពុជា​នាពេល​កន្លងមក​។

របាយការណ៍​ក៏​បាន​លើក​ពី​ការរៀបចំ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨ ដោយ​គ្មាន​វត្តមាន​ចូលរួម​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​គណបក្ស​នេះ​ប្រហែល​ ៤៤% ​នៃ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​សរុប​ត្រូវ​បាត់បង់​សិទ្ធិ​ចូលរួម​ផ្នែក​នយោបាយ​។

ថ្វីដ្បិត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​​ (​គជប​) ​បាន​អះអាង​អំពី​ចំនួន​អ្នក​ទៅ​បោះឆ្នោត​មាន​ប្រហែល​ ៨៣% ​នៃ​ចំនួន​សរុប​នៃ​អ្នកបោះឆ្នោត​ក្ដី ប៉ុន្តែ​តាម​សេចក្ដី​រាយការណ៍​ថា ប្រជាពលរដ្ឋ​ត្រូវបាន​គេ​បំភិតបំភ័យ​ ឬ​ផ្ដល់ប្រាក់​ដើម្បី​ចេញ​ទៅ​បោះឆ្នោត​។ រីឯ​អង្គការ​សង្គម​ស៊ីវិល​បាន​ប្រឈម​នឹង​ការយាយី​នៅក្នុង​ដំណើរការ​មុន​ការបោះឆ្នោត​នេះ​។

របាយការណ៍​ដដែល​ក៏​បាន​លើកឡើង​នូវ​ការចាប់​ខ្លួន​លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​គេ​អះអាង​ថា ធ្វើ​ឡើង​តាម​អំពើ​ចិត្ត​។ ការរំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្សប្រឆាំង​ និង​ហាមឃាត់​មន្ត្រី​ជាន់ខ្ពស់​ ១១៨ ​រូប​របស់​អតីត​បក្ស​នេះ​ពី​ការធ្វើ​សកម្មភាព​នយោបាយ​ ៥ ​ឆ្នាំ​បាន​នាំឱ្យ​មាន​ការដាក់​សំណួរ​ជុំវិញ​ភាពត្រឹមត្រូវ​នៃ​ការបោះឆ្នោត​រួមទាំង​ក្ដីកង្វល់​ជុំវិញ​ការចាប់ខ្លួន​អ្នក​សារព័ត៌មាន អ្នកវិភាគ​នយោបាយ សកម្មជន​ដីធ្លី និង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​។

នៅក្នុង​របាយការណ៍​របស់​អគ្គលេខាធិការ​ស្ដីពី​តួនាទី និង​សមិទ្ធផល​របស់​ការិយាល័យ UN ប្រចាំ​កម្ពុជា​ក៏​បាន​ទទូច​ដល់​រដ្ឋាភិបាល និង​អ្នក​នយោបាយ​ជួប​សន្ទនា​គ្នា​ដើម្បី​កាត់បន្ថយ​ភាពតានតឹង​នយោបាយ និង​ធានា​ឱ្យ​មាន​ការគោរព​ឱ្យ​ពេញលេញ​ឡើងវិញ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ទាំងឡាយ​របស់​ពលរដ្ឋ​។

របាយការណ៍​សរសេរ​ថា​ «(​អគ្គលេខាធិការ​) ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការជជែក​ពិភាក្សា​សាធារណៈ​បើក​ទូលាយ​បន្ថែមទៀត​ជាមួយ​នឹង​ការគោរព​ឱ្យ​បាន​ពេញលេញ​នូវ​សិទ្ធិសេរីភាព​បញ្ចេញមតិ សេរីភាព​ជួបជុំ និង​សេរីភាព​ប្រមូលផ្ដុំ​ដោយ​សន្ដិវិធី និង​សិទ្ធិ​ចូលរួម​ក្នុង​កិច្ចការ​សាធារណៈ​ដោយផ្ទាល់​តាមរយៈ​អ្នកតំណាង​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​សេរី​»​។

ទោះជា​យ៉ាងណា​មន្ត្រី​តំណាង​កម្ពុជា​រូបនោះ​អះអាង​ថា ការ​ញុះញង់​អំពើ​ក្បត់ជាតិ និង​ការចង់​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ គឺ​មិនមែន​ជា​ការអនុវត្ត​សិទ្ធិ​នយោបាយ និង​ការអនុវត្ត​សិទ្ធិសេរីភាព​បញ្ចេញមតិ​នៅក្នុង​សង្គម​លទ្ធិប្រជាធិបតេយ្យ​នោះទេ​។ លើស​ពី​នេះ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ក៏​មិន​អាច​ឱ្យគេ​ប្លន់​យក​ទៅ​បម្រើ​គោលបំណង​នយោបាយ​ទុច្ចរិត​បាន​ដែរ​។

ជាមួយ​គ្នា​នេះ​លោក​ ជិន ម៉ាលីន មន្ត្រី​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ៣០ ​កញ្ញា​ថា​រាល់​អនុសាសន៍​ពាក់ព័ន្ធ​នឹង​អតីត​គណបក្ស​ប្រឆាំង​គឺ​ កម្ពុជា​មិន​ទទួល​យក​មក​អនុវត្ត​ឡើយ ហើយ​ចាត់ទុក​រាល់​អនុសាសន៍​ទាំងនោះ​មាន​ចរិត​នយោបាយ ដោយសារ​មិន​ផ្អែក​តាម​បច្ចេកទេស​នៃ​ការអនុវត្ត​សិទ្ធិ​សេរីភាព ថ្វី​ដ្បិត​អ្នករាយការណ៍​ពិសេស​លោកស្រី រ៉ូណា ស្ម៊ីត បាន​អះអាង​ថា​សិទ្ធិមនុស្ស​គឺ​ផ្ដោត​លើ​មនុស្ស និង​មិនមែន​សំដៅ​លើ​នយោបាយ​ក្ដី។

លោក​ ស៊ឹង សែនករុណា មន្ត្រី​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ​លើក​ឡើង​ថា ការបដិសេធ​របស់​រដ្ឋាភិបាល​មិន​ទទួល​យក​អនុសាសន៍​ ឬ​ការទទូច​ពី​អង្គការ​អន្តរជាតិ​ដើម្បី​ដោះស្រាយ​ភាពតានតឹង​នយោបាយ ប៉ុន្តែ​បែរជា​ចាត់ទុក​អនុសាសន៍​ថា​មាន​ចរិត​នយោបាយ​នោះ គឺ​រដ្ឋាភិបាល​គ្រាន់តែ​ចង់​ការពារ​របប​ដឹកនាំ​របស់​ខ្លួន ដោយ​មិន​គិត​អំពី​ប្រយោជន៍​រួម​របស់​ប្រទេសជាតិ​។

លោក​បន្តថា កន្លងមក​ប្រទេស​មួយ​ចំនួន​ដែល​មិន​ទទួលស្គាល់​អំពី​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ជុំវិញ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស ហើយ​មិន​ធ្វើការ​កែតម្រូវ បែរ​ជា​អះអាង​ថា​ខ្លួន​បាន​គោរព​តាម​គោលការណ៍​សិទ្ធិមនុស្ស ហើយ​បាន​ការពារ​អធិបតេយ្យ និង​សន្ដិភាព ប្រទេស​ទាំងនោះ​នឹង​មិនមាន​និរន្តរភាព​យូរអង្វែង​ឡើយ​គឺ​តែងមាន​ពលរដ្ឋ​របស់​ខ្លួន​ងើប​ផ្ដួលរំលំ​ដោយសារ​ការមិន​ពេញចិត្ត​នឹង​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​។

លោក​ ករុណា បាន​ថ្លែងថា​៖ «​ប៉ុន្តែ​បើ​ចេះ​ទទួល​យក​អនុសាសន៍​ទាំងអស់​ហ្នឹង គឺ​យើង​សម្គាល់​មើល​មាន​ការកែប្រែ​ច្រើន​។ ប្រជាជាតិ​របស់​ខ្លួន​មូលមាត់​គ្នា សហការគ្នា និង​រួមចិត្ត​រួម​កាយ​គ្នា ដើម្បី​ផ្ដល់​មតិយោបល់ និង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ដើម្បី​ប្រទេសជាតិ​ទាំងអស់​គ្នា​។ អាហ្នឹង​! ល្អ​មែនទែន ហើយ​ប្រទេស​ហ្នឹង​បាន​កសាង​ដើម្បី​ប្រយោជន៍​រួម​អ៊ីចឹង​ទៅ​»៕