រតនគិរីៈ កម្លាំង​បញ្ជាការ​ឯកភាព​ស្រុក​អូរយ៉ាដាវ និង​កម្លាំង​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​កាលពី​ថ្ងៃទី​ ៤ មករា បាន​រួម​សហការ​គ្នា​ចុះ​អន្តរាគមន៍ និង​ពន្យល់​ណែនាំ​ដល់​ប្រជាកសិករ​នៅក្នុង​ឃុំ​ចំនួន​ ៣ អំពី​វិធី​ការពារ និង​បណ្ដេញ​ហ្វូងសត្វ​ដំរីព្រៃ​ដោយ​សន្តិវិធី​។

លោក សឹម លីន អភិបាលរង​ស្រុក​អូរយ៉ាដាវ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៤ មករា ថា​ដំរីព្រៃ​ ២ ​ហ្វូង​មាន​ចំនួន​ ១៥ ​ក្បាល​បាន​ចូល​អុកឡុក​ស៊ី​ផលដំណាំ និង​បំផ្លាញ​ខ្ទម​ចម្ការ​ចំនួន​ ២២ ​ខ្ទម​របស់​ប្រជាកសិករ​ក្នុង​ឃុំ​ចំនួន​ ៣ រួមមាន ឃុំ​ប៉ក់ញ៉ៃ ឃុំ​បរខាំ និង​ឃុំ​យ៉ាទង់ ដែល​គិត​ត្រឹម​ថ្ងៃទី​ ៤ មករា មាន​រយៈពេល​ ៥ ​ថ្ងៃ​មកហើយ​។

លោក​ លីន ថ្លែង​ថា​៖ «​តាម​ការអះអាង​របស់​ប្រជាកសិករ ហ្វូង​ដំរី​ទាំងនេះ បាន​បង្ហាញខ្លួន និង​អុកឡុក​ស៊ី​ផលដំណាំ​របស់គាត់​នៅ​ពេល​យប់ ហើយ​ពេល​ថ្ងៃ​ពួកវា​បាន​ចុះ​ទៅតាម​ដងអូរ​ដើម្បី​លាក់ខ្លួន​នៅក្នុង​ព្រៃ​វិញ​»​។

បើ​តាម​លោក សឹម លីន ប្រជាកសិករ​ដែល​ជា​ម្ចាស់​ចម្ការ​មាន​ការខឹងសម្បា​នឹង​ហ្វូង​ដំរី​ទាំងនោះ​ជាខ្លាំង ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​តតាំង​នឹង​ពួកវា​ឡើយ ព្រោះ​ខ្លាច​ល្មើសច្បាប់​។ ម្យ៉ាងទៀត​ក្នុង​ចំណោម​ហ្វូងដំរី​ទាំងនោះ​មាន​ឈ្មោល​ ២ ​ក្បាល​ដែល​មាន​ចរិត​កាច​សាហាវ​បាន​បំផ្លិចបំផ្លាញ ខ្ទម​ចាំចម្ការ សម្ភារ​ប្រើប្រាស់ និង​ផលដំណាំ​មួយចំនួន​ទៀត​។

ដើម្បី​ទប់ស្កាត់​ហ្វូងដំរី​ចូល​មក​អុកឡុក​ និង​បំផ្លិចបំផ្លាញ​ផលដំណាំ​នៅ​រសៀល​ថ្ងៃទី​ ៤ ខែ​មករា កង​បញ្ជា​ការឯកភាព​ស្រុក​អូរយ៉ាដាវ​សហការ​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​បរិស្ថាន​បាន​ចុះ​ផ្សព្វផ្សាយ​ពី​វិធីសាស្ត្រ​បណ្ដេញ​ហ្វូង​ដំរី​ទាំងនោះ​ដល់​ប្រជាកសិករ​ក្នុង​ឃុំ​ទាំង​ ៣ ​ខាង​លើ​នេះ​។

លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​រតនគិរី​បាន​ប្រាប់​កាលពី​ថ្ងៃទី​ ៤ មករា ថា​ទីតាំង​ក្នុង​តំបន់​ដែល​ហ្វូង​សត្វ​ដំរី​ចូលមក​អុកឡុក​នោះ​កាលពី​ដើមឡើយ គឺជា​ទីជម្រក​របស់​សត្វ​ដំរីព្រៃ​រស់នៅ និង​ឆ្លងកាត់​តាម​រដូវកាល​។ តំបន់​នោះ​សម្បូរ​ទៅដោយ​ល្បាស់​ដែល​ជា​ចំណីអាហារ​របស់​ពួកវា និង​មាន​ជ្រលង​ដងអូរ​ដែល​អាច​ឲ្យ​ពួកវា​ផឹក និង​លេង​ទឹក​តាម​ចរិត​ និង​ជីវសាស្ត្រ​របស់​វា​។ ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​បាននាំគ្នា​ចូលទៅ​រស់នៅ និង​អាស្រ័យផល​បង្កើត​ជា​ភូមិតូចៗ​ដែល​ធ្វើឲ្យ​មាន​វិវាទ​ជាមួយ​នឹង​សត្វ​ដំរី​ទាំងនោះ​។

លោក​ថ្លែងថា​៖ «​វិធីសាស្ត្រ​ដែល​យើង​បាន​ផ្សព្វផ្សាយ​ដល់​អ្នកភូមិ​នាពេលនេះ ​គឺ​មេរៀន​បង្ការ និង​បណ្ដេញ​ហ្វូង​សត្វ​ដំរី​ដោយ​សន្តិវិធី​។ ធ្វើយ៉ាងណា​មិន​ឲ្យ​អ្នកភូមិ​តតប​នឹង​ហ្វូង​ដំរី​ដោយ​ប្រើ​ហិង្សា​ដែល​នាំឲ្យ​មាន​គ្រោះថ្នាក់​ដល់​សត្វ​ដំរី ក្លាយ​ជា​ជនល្មើស​ច្បាប់​»​។

បើ​តាម​លោក​​ ខេមរិន្ទ វិធីសាស្ត្រ​នោះ​គឺ​ត្រូវ​បង្កើន​កម្លាំង​យាម​ឃ្លាំមើល​ទាំងយប់​ទាំង​ថ្ងៃ និង​យក​ប៉ោត ឬ​ធុង ឬ​បំពង់​ឫស្សី មក​វាយ ឬ​គោះ បង្កើត​ជា​សំឡេង ដើម្បី​បណ្ដេញ​ហ្វូង​ដំរី​ទាំងនោះ​កុំ​ឲ្យ​ចូល​អុកឡុក​ស៊ី​ផលដំណាំ​នៅក្នុង​ចម្ការ​។

ជុំវិញ​ករណីនេះ​លោក សេន វឿន នាយនគរបាល​ប៉ុស្តិ៍​យ៉ាទុង​ប្រាប់​ថា នៅពេល​នេះ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ប្រជាការពារ និង​មន្ត្រី​ឧទ្យានុរក្ស​បាន​សហការ​គ្នា​ជួយ​ដល់​អ្នកភូមិ​ក្នុង​ការឃ្លាំមើល និង​បណ្ដេញ​ហ្វូង​ដំរី​ទាំងនោះ​កុំ​ឲ្យ​ចូល​ក្នុង​ចម្ការ ឬ ក្នុងភូមិ និង​ដើម្បី​ឲ្យ​ពួកវា​ឆ្លងទៅ​ត្រើយម្ខាង​នៃ​អូរត្រាង ដែល​មាន​ព្រៃក្រាស់​ធំៗ​វិញ​។

លោក​ វឿន ថ្លែងថា​៖ «​យើង​មិនអាច​ចាប់ ឬ​បាញ់​ហ្វូង​សត្វ​ដំរី​នោះ​បាន​ទេ តែ​យើង​ក៏​មិន​អាច​ឲ្យ​ពួកវា​ចូលមក​បំផ្លិចបំផ្លាញ​ផលដំណាំ​ក្នុង​ចម្ការ​របស់​ប្រជាកសិករ​យើង​បាន​ដែរ​។ វិធីសាស្ត្រ​ដែល​មន្ត្រី​ជំនាញ​បាន​ណែនាំ​ផ្សព្វផ្សាយ​មកនេះ​គឺ​ល្អ​ខ្លាំងណាស់​»​។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​សត្វដំរីព្រៃ​អាស៊ី​ប្រមាណ​ពី​ ៤០០ ទៅ​ ៦០០ ​ក្បាល​ កំពុង​រស់នៅក្នុង​តំបន់​ព្រៃ​អភិរក្ស មណ្ឌលគិរី រតនគិរី ជួរ​ភ្នំក្រវាញ និង​តំបន់​ដែន​ជម្រក​សត្វ​ផ្សេងទៀត​៕