ភ្នំពេញៈ មន្ត្រី​ក្រសួង​ការងារ​បាន​ព្រមាន​លោក ទូច កុសល ប្រធាន​សហព័ន្ធ​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​ជុំវិញ​ករណី​ធ្វើ​កូដកម្ម​របស់​កម្មករ​ប្រមូល​សំរាម ស្រប​ពេល​ដែល​សាលា​រាជធានី​ភ្នំពេញ​បង្ហាញ​ការខកចិត្ត​ចំពោះ​កម្មករ​ដែល​មិន​​ព្រម​ចូលធ្វើការ​វិញ ខណៈ​តាម​បណ្ដា​ខណ្ឌ​កំពុង​ប្រមូល​កម្លាំង​ដោះស្រាយ​បញ្ហា​ជាមួយ​នឹង​ការអំពាវនាវ​ឱ្យ​ពលរដ្ឋ​វេចខ្ចប់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​។

លោក ជ្រុន ថេរ៉ាវង្ស ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​​វិជ្ជាជីវៈ​បាន​ឱ្យដឹង​តាមរយៈ​លិខិត​ព្រមាន​ពី​ម្សិលមិញ ដោយ​បញ្ជា​ឱ្យ​លោក ទូច កុសល បញ្ឈប់​ជាបន្ទាន់​នូវ​ការញុះញង់​កម្មករនិយោជិត​ឱ្យ​ប្រព្រឹត្ត​កំហុស​ធ្ងន់​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​សហព័ន្ធ​ដឹកនាំ​ធ្វើ​កូដកម្ម​ខុសច្បាប់​។

លោក​បាន​ថ្លែងថា​៖ «​ផ្អែក​តាម​សកម្មភាព​របស់​លោក ទូច កុសល ដែល​បាន​ប្រព្រឹត្ត​នៅ​​ក្រុមហ៊ុន​ស៊ីនទ្រី​គឺជា​សកម្មភាព​ដែល​ល្មើសច្បាប់​ដូច​មាន​ចែង​ក្នុង​មាត្រា​ ៦៥ នៃ​ច្បាប់​ស្តីពី​​សហជីព និង​មាត្រា​ ៨៣ នៃ​ច្បាប់​​ស្តីពី​ការងារ​»​។

លោក ជ្រុន ថេរ៉ាវង្ស បាន​បញ្ជាក់ថា ក្នុងករណី​ពុំមាន​ការកែប្រែ ឬ​ផ្គើន​ចំពោះ​លិខិត​ព្រមាន​នេះ អង្គការ​វិជ្ជាជីវៈ​របស់​លោក ទូច កុសល អាច​នឹងត្រូវ​ប្តឹង​ដើម្បី​រំលាយចោល ឬ​ទទួល​នូវ​វិធានការ​ផ្សេងៗ​ទៀត​តាម​ការកំណត់​ច្បាប់​ជា​កំហិត​។

ទោះបី​ជា​យ៉ាងណា​លោក ទូច កុសល ដែល​រង​ការព្រមាន​នេះ​បាន​បដិសេធ​កាលពី​ម្សិលមិញ​នូវ​រាល់​ការលើកឡើង​របស់​នាយកដ្ឋាន​វិវាទ​ការងារ​ដោយ​លោក​ថា ក្រសួង​ការងារ​មិនមាន​​មូលដ្ឋាន​ច្បាស់លាស់​ក្នុង​ការអះអាង​ថា លោក​នៅ​ពីក្រោយ​ការធ្វើ​កូដកម្ម​នេះ​ទេ​។

លោក​ថា​៖ «​វា​ជា​រឿង​អយុត្តិធម៌​បំផុត​ដែល​ក្រសួង​បាន​ចោទប្រកាន់​ខ្ញុំ​គ្មាន​មូលដ្ឋាន​។ ​ខ្ញុំ​គ្មាន​ពាក់ព័ន្ធ​នឹង​ការធ្វើ​កូដកម្ម​នេះ​ទេ​។ ខ្ញុំ​គ្រាន់តែ​ចូលខ្លួន​ទៅ​ជួយ​​សម្របសម្រួល និង​ផ្សះផ្សា​ឱ្យ​បាន​ឆាប់​សះជា​គ្នា​វិញ​»​។

លោក​ ទូច កុសល ទាមទារ​ឱ្យ​​ក្រសួង​បង្ហាញ​ភ័ស្តុតាង​ដែល​បាន​ចោទថា លោក​បាន​ដឹកនាំ និង​ញុះញង់​កម្មករ​ស៊ីនទ្រី​ឱ្យធ្វើ​កូដកម្ម​នេះ​។

ទាក់ទិន​នឹង​បញ្ហា​នេះ​កាលពី​ថ្ងៃ​ម្សិលមិញ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ក៏បាន​ចេញ​លិខិត​មួយ​ផងដែរ ដោយ​បង្ហាញ​​ពី​ការសោកស្តាយ​ចំពោះ​ទង្វើ​កម្មករ​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​មួយ​ចំនួន​ដែល​មិនបាន​គោរព​តាម​ការព្រមព្រៀង​ដែលថា​ចូល​ធ្វើការ​​វិញ​ដូចដែល​បាន​ចែង​ក្នុង​កំណត់ហេតុ​នៃ​ការប្រជុំ​កាលពី​ថ្ងៃ​ពុធ​ទី​ ៧ តុលា កន្លងមក​។

បើ​តាម​លិខិត​ដដែល​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិង​កំពុង​ប្រើ​កម្លាំង​សរុប មធ្យោបាយ​សរុប​​ដើម្បី​ប្រមូល​សំរាម​ដែល​កកស្ទះ​នៅ​រាជធានី​ភ្នំពេញ​ឱ្យអស់​ក្នុង​រយៈពេល​ខ្លី​ខាងមុខនេះ​។

លោក រ៉ង សារ៉ាយ តំណាង​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី​បាន​ប្រាប់​​ពី​ម្សិលមិញ​ថា កម្មករ​ប្រមាណ​ជាង​ ២ ០០០ ​នាក់​នៅ​បន្ត​ធ្វើ​កូដកម្ម​នៅខាង​មុខ​ក្រុមហ៊ុន​ដដែល​ដោយ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​តាម​លក្ខខណ្ឌ​របស់​ពួកគេ​។

លោក​ថា​៖ «​ពី​ម្សិលមិញ​មាន​​កម្មករ​យើង​មួយ​ចំនួន​មិន​យល់ច្បាស់​ពី​អ្វីដែល​អភិបាលក្រុង​បាន​និយាយ ដែល​ធ្វើឱ្យ​ពួកគាត់​យល់ព្រម​ចូល​ធ្វើការ​វិញ ប៉ុន្តែ​​ជាក់ស្តែង​ពួកយើង​មិន​ព្រម​ចូល​ធ្វើការ​វិញ​ទេ រង់ចាំ​ទាល់តែ​មាន​ដំណោះស្រាយ​ទាំង​ ៥ ​ចំណុច​ដែល​កម្មករ​ទាមទារ​»​។

ដោយឡែក​នៅ​តាម​បណ្តា​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ អាជ្ញាធរ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​វេចខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ចូលរួម​សហការ​ក្នុង​ពេល​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ីនទ្រី​នៅតែ​បន្ត​ធ្វើ​កូដកម្ម​នេះ​។

លោក​ ហែម ដារិទ្ធ អភិបាលខណ្ឌ​ពោធិ៍សែនជ័យ​បាន​ថ្លែងថា ដោយសារ​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ីនទ្រី​ធ្វើ​កូដកម្ម​មិន​ធ្វើការ មន្ត្រី​ខណ្ឌ​របស់​លោក​បានចេញ​ប្រតិបត្តិការ​ការងារ​នេះ​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​ខណ្ឌ​លោក​នឹង​ខិតខំ​ដើម្បី​បំពេញ​ការងារ​នេះ​សម្រាប់​ពលរដ្ឋ​ក្នុង​ទីក្រុង​លើ​ការប្រមូល​សំរាម​តាម​ទីតាំង​នីមួយៗ​។

ជាមួយ​គ្នា​នេះ​លោក​បាន​ប្រកាស​ជ្រើសរើស​កម្លាំង​បន្ថែម​ ៩០ ​នាក់​ សម្រាប់​ខណ្ឌ​ពោធិ៍សែនជ័យ​ដោយ​លោក​នឹង​ជូន​ថវិកា ​៤៥ ០០០ ​រៀល​ក្នុង​ ១ ​ថ្ងៃ​។

លោក​ថា​៖ «​យើង​ជា​អាជ្ញាធរ​​បាន​ចាត់ចែង​ធ្វើការ​ប្រមូល​សំរាម​ដោយសារ​ក្រុមហ៊ុន​ស៊ីនទ្រី​មិនមាន​កម្មករ​សម្រាប់​ប្រមូល​សំរាម​​ដែល​យើង​មាន​រថយន្ត​សម្រាប់​ដឹក​សំរាម​ពី​សាលាក្រុង​ចំនួន​ ១០ ​គ្រឿង​ក្នុង​ការប្រតិបត្តិការ ប៉ុន្តែ​យើង​ខ្វះ​កម្លាំង​ប្រមូល​សំរាម​​ទៅ​ដាក់​ឡាន​រហូត​ ៩០ ​នាក់​»​។

លោក ហែម ដារិទ្ធ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មាន​កាយសម្បទា​មាំមួន ឬ​អ្នក​រើស​អេតចាយ​អាចមក​ដាក់​ពាក្យ​ធ្វើការ​ងារ​នេះ​បាន និង​ផ្តាំផ្ញើ​ដល់​ពលរដ្ឋ​ជួយ​សហការ​យក​សំរាម​ដាក់​ក្នុង​រថយន្ត​ដឹក​សំរាម​។

ចំណែក​លោក សុខ ពេញវុធ អភិបាលខណ្ឌ​ដូនពេញ​បាន​ប្រាប់​​ ភ្នំពេញ ​ប៉ុស្តិ៍ ​ថា ក្នុង​ខណ្ឌ​របស់​លោក​មាន​រថយន្ត​ និង​ម៉ូតូ​ទំនើប​សម្រាប់​ប្រតិបត្តិការ​ដឹក​សំរាម​ចំនួន​ជិត​ ៣០ ​គ្រឿង​។

លោក​បាន​បន្តថា​៖ «​យើង​បាន​ប្រើប្រាស់​កម្លាំង​សរុប​ ១០៥ ​នាក់​ ជា​ប្រជាការពារ​សង្កាត់-ខណ្ឌ​​ ដែល​យើង​បាន​ផ្តល់​ថវិកា​ដល់​ពួកគាត់​ក្នុង​ម្នាក់ ២ ​ម៉ឺន​រៀល​ក្នុង​ ១ ​ថ្ងៃ និង​ផ្តល់​បាយ​ចំនួន​ ២ ​ពេល​ គឺ​ថ្ងៃត្រង់ និង​ល្ងាច​។ ​សម្រាប់​ថ្ងៃទី​ ៧ ក្នុង​ ១ ​ជើង យើង​ដឹក​បាន​ចំនួន​​ ៨ ​ឡាន​ដែល​ក្នុង​ ១ ​ឡាន​មាន​សំរាម​ប្រមាណ​ជា​ ១ ​តោន​ ហើយ​យើង​ប្តេជ្ញា​ប្រមូល​ និង​ដឹក​ឱ្យបាន​ ៤ ​ជើង ​ក្នុង​ ១ ​ថ្ងៃ​»​។

លោក ពេញវុធ ក៏បាន​អំពាវនាវ​​ផងដែរ​ឱ្យ​ពលរដ្ឋ​រក្សាទុក​សំរាម​​បាន​ត្រឹមត្រូវ ដោយ​ដាក់​តាម​​មុខ​ផ្ទះ​រៀងៗ​ខ្លួន​ចៀសវាង​ដាក់​​នៅតាម​ផ្លូវ ឬ​កណ្តាលផ្លូវ ដែល​នាំឱ្យ​កកស្ទះ​ចរាចរណ៍​។ មិនគួរ​​បញ្ចេញ​សំរាម​មក​ខាងក្រៅ និង​កាត់បន្ថយ​ការបញ្ចេញ​សំរាម​ក្រៅ​​ហើយ​កុំ​បញ្ចេញ​សំរាម​នៅពេល​មន្ត្រី​ខណ្ឌ​សង្កាត់​ប្រមូល​សម្អាត​​សំរាម​រួចហើយ​។

ស្រដៀង​គ្នា​នេះ​លោកស្រី គឹម ញឹប អភិបាល​ខណ្ឌដង្កោ​ក៏​បាន​ប្រកាស​ជ្រើសរើស​កម្មករ​​ប្រមូល និង​ដឹកជញ្ជូន​សំរាម​សំណល់​រឹង​ផងដែរ ដោយ​លោកស្រី​បាន​ថ្លែងថា ក្នុង​ដំណាក់កាល​អន្តរកាល​នេះ រដ្ឋបាល​ខណ្ឌ​ត្រូវការ​កម្មករ​ចំនួន​ ៣៦ ​នាក់​ដើម្បី​បំពេញ​ការងារ​។

ទន្ទឹម​នឹង​នេះ​លោកស្រី​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅក្នុង​ខណ្ឌដង្កោ​ត្រូវ​វេចខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​​យក​មក​ទុកដាក់​នៅ​ទីតាំង​ប្រមូលផ្ដុំ ដើម្បី​ងាយស្រួល​ដល់​រថយន្ត​រដ្ឋាករ​ស្វយ័ត គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ និង​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​បន្ត​ជួយប្រមូល​ និង​ចូលទៅ​ដឹកជញ្ជូន​ឱ្យ​បាន​ទាន់ពេល និង​មិន​បង្ក​ក្លិនស្អុយ​ដែល​​ធានា​បាន​នូវ​បរិស្ថាន​ល្អ​៕

វីដេអូ៖