ភ្នំពេញៈ លោក​ អ៊ុក សីហា មេបញ្ជាការរង កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​ពី​ម្សិលមិញ​បាន​ជួប​ប្រជុំ ទ្វេភាគី​ជាមួយ​លោក Joseph Felter ឧបការី​រង រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​ត្បូង​និង​អាស៊ី​អាគ្នេយ៍​ដោយ​ភាគី​ទាំង​សង​ខាង​បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​ទំនាក់​ទំនង​មិត្តភាព​នៃ​ប្រទេស​ទាំង ២។

លោក​ ទៀ សុខា មេបញ្ជាការរង​កង​ទ​ព័​ជើង​ទឹក និង​ជា​មេបញ្ជាការ​ទីបញ្ជាការ​ជួរ​មុខ គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​ឲ្យ​ដឹង​ថា៖ «ឯកឧត្តម​បណ្ឌិត Joseph Felter បាន​មក​ទស្សនកិច្ច​នៅ​ទីបញ្ជាការ​ជួរ​មុខ​នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ដើម្បី​ជជែក​ពិភាក្សា​ការងារ​មួយចំនួន​ដូចជា អគារ​ដែល​គាត់​បាន​សាង​សង់​ពី​ប៉ុន្មាន​ឆ្នាំមុន (ហើយ) គាត់​ក៏បាន​លើក​ឡើង​ពី​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង ២ សម្រាប់​ទីបញ្ជាការ​ជួរមុខ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ទំនាក់​ទំនង​គឺ​នៅ​ដដែល មិន​មាន​អ្វី​ប្រែប្រួល​ទេ តាម​គោល​នយោបាយ​រាជ​រដ្ឋាភិបាល​យើង»។

លោក Joseph បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីថ្ងៃ​ទី ១៥ ដល់​ថ្ងៃទី ១៦ ខែ​មករា ឆ្នាំ ២០១៩ ដែល​ទស្សនកិច្ច​ត្រូវបាន​គេ​មើល​ឃើញ​ធ្វើ​ឡើង​បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន ប្រកាស​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ការ​ធ្វើ​សម​យុទ្ធ​យោធា​ទ្វេភាគី​មាន​ឈ្មោះ​ថា «ឆ្មាំ​អង្គរ» ជាមួយ​គ្នា​កាល​ពី​ឆ្នាំ ២០១៧។

លោក​ ឈុំ សុជាតិ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ថ្លែងថា ក្នុងជំនួប​ទ្វេ​ភាគី​រវាង​យោធា​កម្ពុជា និង​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ពី​ការ​លើក​កម្ពស់​ទំនាក់​ទំនង​យោធា និង​កិច្ច​សហ​ប្រតិបត្តិការ​នៃ​ប្រទេស​ទាំង ២។ ចំណែក​សម​យុទ្ធ​រវាង​យោធា​កម្ពុជា និងអាមេរិក​អាច​ធ្វើ​ទៅ​បាន​នៅ​ពេល​ណា​កម្ពុជា​មាន​ពេល​វេលា​សម​ស្រប។

លោក សុជាតិ បាន​ឲ្យ​ដឹងថា៖ «ជួយ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង ២ និង​ជួយ​ពង្រឹង​នូវ​ទំនាក់​ទំនង​រវាង​យោធា​រវាង​ប្រទេស​អាមេរិក​និង​កម្ពុជា។ ទំនាក់​ទំនង​យើង​ជា​អចិន្រៃ្តយ៍​មក​មិន​មាន​បញ្ហា​អ្វី​ទេ​គឺ​ទំនាក់​ទំនង​យើង​គឺ​នៅ​តែ​ដដែល ហើយ​យើង​នឹង​ពង្រឹង​ទំនាក់​ទំនង​នា​ពេល​ខាង​មុខ​ថែម​ទៀត​ដើម្បី​រក្សា​សន្តិសុខ​ជាតិ និង​ទាំង​ក្នុង​តំបន់ យើង​សង្ឃឹម​ថា ទស្សនកិច្ច​នឹង ធ្វើ​ឲ្យ​ទំនាក់​ទំនង​មាន​ភាព​ល្អ​ប្រសើរ​ថែម​ទៀត»។

លោក សុជាតិ បាន​ថ្លែងថា ក្រសួងការពារជាតិ​នៃ​កម្ពុជា​មិន​យក ចិត្ត​ទុកដាក់​នោះ​ទេ ចំពោះ​លក្ខខណ្ឌ​ណា​ដែល​មិន​ពាក់ព័ន្ធ​ជាមួយ​ការងារ​ក្រសួង​ការពារ​ជាតិ ហើយ​អ្វី​ដែល​បាន​លើក​ឡើង​ដោយ​សហរដ្ឋ​អាមេរិក ស្នើ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ហើយ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដំណើរការ​ដោយ​សេរី​នោះ​គឺជា​ការងារ​របស់​តុលាការ។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា ប្រទេស​ កម្ពុជា​ តែង​តែ​បាន​រក្សា​ជំហរ​របស់​ខ្លួន និង​រក្សា​បាន​នូវ​អធិប​តេយ្យភាព​របស់​ខ្លួន ហើយ​ការ​លើក​ឡើង​របស់​ប្រទេស​មហា​អំណាច​ជា​សិទ្ធិ​របស់​ពួកគេ ទោះបី​ជា​ប្រទេស​កម្ពុជា​មិន​អនុវត្ត​តាម​ការ​លើក​ឡើង​របស់​សហរដ្ឋ​អាមេរិក ប្រទេស​កម្ពុជា​ក៏​មិន​បាត់បង់​ផល​ប្រយោជន៍​អ្វី​ដែរ។

លោក​បាន​បន្ថែមថា សហរដ្ឋអាមេរិក​បាន​ប្រើប្រាស់​អំណាច​របស់ខ្លួន ដើម្បី​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​កម្ពុជា​ដើម្បី​ផល​ប្រយោជន៍​របស់​ខ្លួន។

លោក Arend Zwartjes អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក បាន​បដិសេធ​ធ្វើ​អត្ថា​ធិប្បាយទេ ដោយ​សារ​តែ​រដ្ឋាភិបាល អាមេរិក​បាន​បិទ​ផ្នែក​ខ្លះ។

កាលពី​ថ្ងៃទី ១៥ ខែមករា លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​សង្កត់​ធ្ងន់​ថា អធិប​តេយ្យ​ភាព​កម្ពុជា មិន​អាច​ប្តូរ​ជាមួយ​ការ​ពង្រឹង​ទំនាក់​ទំនង​យោធា​អាមេរិក​បាន​ទេ។ ដោយ​លោក​បាន​លើក​ឡើង​ថា​ការ​ទាមទារ​ឱ្យ​ដោះ​លែង​លោក កឹម សុខា ដើម្បី​កិច្ច​សហ​ប្រតិបត្តិការ​យោធា គឺជា​រឿង​របស់​សហរដ្ឋ​អាមេរិក៕