ភ្នំពេញ: មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​កាលពី​ម្សិលមិញ​បាន​បញ្ជូន​មន្ត្រី​យោធា​ម្នាក់​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​តាម​នីតិវិធី​ច្បាប់​បន្ទាប់ពី​បាន​បាញ់​ចំនួន ៤ ​គ្រាប់ ​ទៅលើ​ហាង​ផឹកស៊ី​មួយកន្លែង នៅ​សង្កាត់​បឹងកក់​ទី​ ១ ខណ្ឌ​ទួលគោក ដោយ​មន្ត្រី​រូបនេះ​មិន​បញ្ជាក់​ពី​មូលហេតុ​។

លោក ឡុង វិចិត្រា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ខ្មាន់​កាំភ្លើង​ដែល​បាញ់រះ​ចំនួន ៤ ​គ្រាប់​នៅ​ខណ្ឌ​ទួលគោក កាលពី​ព្រឹក​ថ្ងៃទី​ ២ ខែ​កញ្ញា ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​ខណ្ឌ​ច្បារអំពៅ​នា​ល្ងាច​ថ្ងៃ​ដដែល​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​បញ្ជូន​ខ្លួន​ទៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​រួចរាល់​ហើយ​នៅ​ថ្ងៃទី​ ៣ ខែ​កញ្ញា​។ ការបាញ់​នេះ​មិន​បង្ក​ឲ្យ​មាន​របួសស្នាម​ទេ​។ ករណីនេះ​ហួស​ពី​ដែន​សមត្ថកិច្ច​ខ្ញុំ​ហើយ ខ្ញុំ​មិនអាច​និយាយ​អ្វី​ច្រើនជាង​នេះ​ទេ​»​។

លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ ជុំវិញ​ករណី​នេះ​ដោយ​លោក​បាន​បង្វែរ​សំណួរ​ឲ្យ​ទៅ​សួរ​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ប៉ុន្ដែ​លោក អេង ហ៊ី មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ​កាលពី​ម្សិលមិញ​ដោយ​ទូរស័ព្ទ​លោក​មិនអាច​ទាក់ទង​បាន​។

បើតាម Fresh News រាយការណ៍​ពី​ម្សិលមិញ​ថា ខ្មាន់កាំភ្លើង​ត្រូវ​អាវុធហត្ថ​ខណ្ឌទួលគោក​ចាប់​ខ្លួន​បាន​នៅ​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ​ដែល​មាន​ឈ្មោះ វណ្ណៈ ជា​មន្ដ្រី​យោធា​នៅ​ក្រសួង​ការពារជាតិ​។ ក្នុងនោះ​សមត្ថកិច្ច​ដកហូត​បាន​អាវុធខ្លី​មួយ​ដើម​ម៉ាក Glock និង​រថយន្ដ​ ១ ​គ្រឿង​ របស់​ជនសង្ស័យ​ផងដែរ​។

មិនអាច​សុំ​ការបញ្ជាក់​ពី​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ជុំវិញ​ករណីនេះ​បាន​ទេ​កាលពី​ម្សិលមិញ​ដោយ​ទូរស័ព្ទ​របស់លោក​មិនមាន​អ្នកទទួល​។

លោក លីម សុខលី បុគ្គលិក​រដ្ឋបាល​ប្រចាំ​ហាង​យីហោ ស៊ីកនេតឈ័រ ​(SINGATURE) ​នៅ​សង្កាត់​បឹងកក់​ទី​ ១ បាន​ថ្លែង​ពី​ម្សិលមិញ​ថា ហេតុការណ៍​ផ្ទុះអាវុធ​នេះ​បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​ប្រមាណ​ ៤ ​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃទី​ ២ ខែ​ កញ្ញា ឆ្នាំ​ ២០២០ នៅមុខ​ហាង​របស់លោក​។

លោក​បន្តថា មុនពេល​កើតហេតុ​បុរស​ខាងលើ​នេះ​បាន​ទៅ​ចូល​ផឹកស៊ី​នៅ​ហាង​របស់​លោកតាម​ធម្មតា​ ប៉ុន្ដែ​លោក​មិនបាន​ដឹងថា មានរឿង​អ្វី​នោះទេ ស្រាប់​តែ​បុរស​នោះ​ដក​កាំភ្លើង​ពី​ចង្កេះ​ហើយ​អាម៉េ​បញ្ចូល​គ្រាប់​រួច​ដាក់​លើ​តុ​។ ពេល​ឃើញ​បែប​នេះ មេការ​ហាង​លោក​បាន​ដើរទៅ​សួរនាំ និង​បាន​ស្នើសុំ​ឲ្យ​បុរស​រូបនោះ​យក​កាំភ្លើង​ទុក​វិញ ព្រោះ​ការធ្វើ​បែបនេះ​ធ្វើ​ឲ្យ​ភ្ញៀវ​ដទៃ​មាន​ការភ័យខ្លាច​។

លោក​បញ្ជាក់ថា​៖ «​ក្រោយមក​បុរស​នោះ​បាន​ឲ្យ​បុគ្គលិក​ហាង​គិតលុយ រួច​ចាកចេញ​ពី​ហាង​ខ្ញុំ បាន​មួយ​សន្ទុះ​ក្រោយមក​ស្រាប់តែ​គាត់​ជិះ​ម៉ូតូ​ត្រឡប់មកវិញ និង​បាន​ដក​កាំភ្លើង​បាញ់​ទៅលើ​ផ្ទាំង​យីហោ នៅ​ខាងមុខ​ហាង​ចំនួន​ ៤ ​គ្រាប់​តែម្ដង ទើប​ជិះ​គេច​ខ្លួន​បាត់ ប៉ុន្ដែ​មិន​បង្ក​ឲ្យ​មាន​អ្នករបួស​ទេ​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​ដឹង​គាត់​មាន​រឿង​អ្វី​ជាមួយ​នរណា​ទេ ព្រោះ​នៅក្នុង​ហាង​មិន​មាន​ទំនាស់​ជាមួយ​នរណា​ទេ ខ្ញុំ​គិតថា​ប្រហែល​គាត់​ខឹង​នរណា​មកពី​ណា ហើយ​ស្រវឹង​ផង ក៏​បាញ់​បែប​នេះ​តែម្ដង​»៕