ភ្នំពេញៈ មន្ត្រីយោធាម្នាក់បានចូលសារភាពដល់អាជ្ញាធរមូលដ្ឋានឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ក្រោយពីគ្រាប់កាំភ្លើងខ្លីមួយគ្រាប់បានផ្ទុះឡើង ខណៈពេលមានជម្លោះក្នុងពេលកំពុងបើកបរ ដោយហេតុរឿងប្រចណ្ឌ បណ្ដាលឲ្យប្រពន្ធស្លាប់ភ្លាមៗនៅក្នុងរថយន្ត។
មន្ត្រីអាវុធហត្ថម្នាក់នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបានថ្លែងដោយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖ «មូលហេតុនៃការផ្ទុះនេះដោយសារមន្ត្រីយោធានោះប្រចណ្ឌប្រពន្ធរបស់គាត់ជាមួយនឹងបុរសផ្សេងហើយពេលប្រតាយប្រតប់នោះធ្វើឲ្យកាំភ្លើង K59 ដែលនៅក្នុងដៃរបស់គាត់រាលកៃត្រូវចំក្រោមចង្កាតែ ១ គ្រាប់ទេ»។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងកាលពីម្សិលមិញថាមន្ត្រីជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបានកំពុងបន្តសាកសួរបុរសរូបនោះដែលមានឈ្មោះ ភឹម សារី អាយុ ៥៨ ឆ្នាំ ជាយោធានៃក្រសួងការពារជាតិមុនទៅសាលាដំបូងរាជធានីភ្នំពេញ។
លោក អេង ហ៊ី ថ្លែងថា៖ «ខ្ញុំមិនទាន់ដឹងប្រាកដថាបញ្ជូនគាត់ទៅតុលាការពេលណាទេ ចាំឲ្យគេធ្វើការសិន»។
មន្ត្រីអាវុធហត្ថដែលថ្លែងដោយសុំមិនបញ្ចេញឈ្មោះរូបនោះបានឲ្យដឹងថា មន្ត្រីយោធាដែលបានបង្កហេតុបណ្ដាលឲ្យប្រពន្ធស្លាប់នោះកំពុងស្ថិតនៅបញ្ជាការដ្ឋានអាវុធហត្ថព្រោះសមត្ថកិច្ចជំនាញកំពុងសាកសួរគាត់មុននឹងបញ្ជូនគាត់ទៅសាលាដំបូងរាជធានីភ្នំពេញ។
មន្ត្រីដដែលនោះបានអះអាងដោយយោងតាមចម្លើយជនសង្ស័យបានឲ្យដឹងថា ជនសង្ស័យរូបនោះជាយោធាថ្នាក់វរសេនីយ៍ត្រីបម្រើការនៅក្រសួងការពារជាតិមានស្រុកកំណើតនៅខេត្តបាត់ដំបង។ រីឯស្ត្រីជាជនរងគ្រោះ ស្លាប់ឈ្មោះ សោម សារៀប អាយុ ៥០ ឆ្នាំ មានស្រុកកំណើតខេត្តបន្ទាយមានជ័យ។
ក្រោយពីផ្ទុះអាវុធបណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់មក មន្ត្រីយោធានោះបានដឹកសពប្រពន្ធទៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល រួចបានទូរស័ព្ទប្រាប់សមត្ថកិច្ចឲ្យនគរបាលប៉ុស្តិ៍ឃុំព្រែកគយ មកឃាត់ខ្លួនតែម្តង។
លោក ទូច អ៊ីណាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាលបានឲ្យដឹងពីម្សិលមិញដែរថា មន្ត្រីយោធារូបនោះបានជិះរថយន្ត ១ គ្រឿង ជាមួយប្រពន្ធរបស់គាត់នៅតាមផ្លូវស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យស្រាប់តែមានការឈ្លោះប្រកែកគ្នាបង្កឲ្យទៅជាគ្រោះថ្នាក់៕