ភ្នំពេញៈ ​មន្ត្រី​យោធា​ម្នាក់​ដែល​បាន​ផ្ទុះអាវុធ បង្ក​ការភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្នុង​ភូមិថ្មី សង្កាត់-ខណ្ឌដង្កោ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​នោះ​ត្រូវ​បាន​កម្លាំង​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​សម្រេច​បញ្ជូនទៅ​អង្គភាព​របស់ខ្លួន​ បន្ទាប់ពី​ប្រធាន​អង្គភាព​សាមី​របស់​មន្ត្រី​យោធា​រូបនោះ​បាន​ស្នើសុំ​យក​ទៅ​ធ្វើការ​អប់រំ​ណែនាំ និង​ដាក់ពិន័យ​ទៅតាម​ច្បាប់​កងទ័ព​។ នេះ​បើតាម​លោក ម៉ៅ សាភឿន មេបញ្ជាការរង​យោធភូមិ​ភាគ​ពិសេស​កាលពី​ថ្ងៃ​អង្គារ​។

លោក សាភឿន បាន​ថ្លែងថា លោក ពៅ សារ៉ន អាយុ​ ៤៣ ​ឆ្នាំ​ ជា​មន្ត្រី​យោធា​នៅ​ការិយាល័យ​ព្រំដែន​នៃ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ពិសេស​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ខណ្ឌដង្កោ​ចាប់​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ បន្ទាប់ពី​គាត់​បាន​បាញ់​អាវុធ​មួយ​គ្រាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ថ្មី សង្កាត់-ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

លោក​បញ្ជាក់ថា​៖ «​ដោយ​យល់ឃើញ​ថា ករណី​ផ្ទុះអាវុធ​នោះ​ពុំ​បង្ក​ឲ្យ​មាន​ជនរងគ្រោះ​ ឬ​គំរាមកំហែង​ដល់​ពលរដ្ឋ​ណា​ម្នាក់​ក្នុង​មូលដ្ឋាន​ខាងលើ​នេះ​អង្គភាព​យើង​ក៏​បាន​ស្នើសុំ​ឲ្យ​ខាង​កម្លាំង​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​មន្ត្រី​យោធា​ដែល​ល្មើស​ទៅនឹង​បទបញ្ជា ក្រមសីលធម៌​ និង​វិន័យ​របស់​កងទ័ព​ខាងលើ​នេះ​មក​កាន់​អង្គភាព​របស់​យើង ដើម្បី​ធ្វើការ​អប់រំ​ និង​ដាក់ពិន័យ​ទៅ​តាម​ច្បាប់​នៃ​កងកម្លាំង​»​។

លោក ស សុភ័ណ្ឌ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខណ្ឌដង្កោ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ក្រោយ​ការឃាត់​ខ្លួន​លោក ពៅ សារ៉ន សមត្ថកិច្ច​បាន​រឹបអូស​អាវុធខ្លី​ម៉ាក​ឡុក​មួយ​ដើម​មាន​គ្រាប់​ចំនួន ១០ ​គ្រាប់ និងបាន​រកឃើញ​សំបក​កាទូស​ចំនួន ១ ​គ្រាប់​ នៅ​នឹង​កន្លែង​កើតហេតុ​ដែល​ស្ថិតក្នុង​បរិវេណ​មុខផ្ទះ​របស់​ជនសង្ស័យ​។ ប៉ុន្តែ​នៅក្នុង​ហេតុការណ៍​នោះ​ពុំបាន​បង្ក​ឲ្យ​រងគ្រោះ​ដល់​អ្នកណាម្នាក់​ឡើយ​។

លោក​ថា​៖ «​នៅពេល​ឃាត់ខ្លួន ជនសង្ស័យ​ស្ថិតក្នុង​សភាព​ស្រវឹងស្រា​ហើយ​យើង​បាន​សម្រេច​បញ្ជូន​គាត់​រួមទាំង​វត្ថុតាង​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​បញ្ជាការរដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ភ្លាមៗ​តែម្ដង ដើម្បី​ចំណាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​»​។

ជុំវិញ​ករណីនេះ លោក​ អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ថ្លែងថា ជនសង្ស័យ​កំពុងស្ថិត​ក្រោម​នីតិវិធី​នៃ​ការស៊ើបសួរ​ចម្លើយ​ពី​ក្រុមមន្ត្រី​ជំនាញ​។ លោក​បញ្ជាក់ថា​៖ «​ជាទូទៅ​នៅក្នុង​ដំណាក់កាល​នីតិវិធី​នៃ​ការស៊ើបសួរ​របស់​មន្ត្រី​ជំនាញ ខ្ញុំ​មិន​អាច​ផ្ដល់​សេចក្ដី​លម្អិត​បានទេ​»​។

បើតាម​លោក សាភឿន អាវុធខ្លី ដែល​លោក សារ៉ន បាន​ប្រើប្រាស់​នោះ គឺជា​អាវុធ​របស់​អង្គភាព​បាន​ប្រគល់​ឲ្យ​គាត់​ប្រើប្រាស់​ក្នុង​ពេល​បំពេញ​ប៉េសកកម្ម​ការងារ​។ ទោះជា​បែប​ណា​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានសម្រេច​ដកហូត​អាវុធ​នោះ​ទុក​ធ្វើជា​វត្ថុតាង​នៃ​បទល្មើស ព្រោះ​វា​ត្រូវបាន​លោក សារ៉ន ប្រើប្រាស់​ខុស​បទបញ្ជា​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​៕