ភ្នំពេញៈ ​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ​ លឿង ហុង អាយុ​ ៣០ ​ឆ្នាំ​ ដែល​មាន​លំនៅឋាន​ក្នុង​សង្កាត់​ផ្សារដេប៉ូ​ ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បានបង្ហាញ​ជំហរ​ថា​នឹង​ឈប់​ទិញ​រថយន្ត​គេចពន្ធ​ប្រើ បន្ទាប់ពី​រថយន្ត Lexus 570 ស៊េរី​ឆ្នាំ​ ២០១៥ របស់​លោក​ ១ ​គ្រឿង​ដែល​ទើប​ទិញ​ជិះ​បាន​ជិត​ ១ ​ខែ​ត្រូវ​សមត្ថកិច្ច​គយ និង​រដ្ឋាករ​ចាប់​ផាកពិន័យ​អស់​ជាង​ ១០ ​ម៉ឺន​ដុល្លារ​។

លោក​ លឿង ហុង កាលពី​ព្រឹក​ថ្ងៃទី​ ២១ ខែ​កក្កដា ​ឆ្នាំ​នេះ​ បាន​បង្ហោះ​សារ​មួយ​អមដោយ​រូបភាព​ជាច្រើន​សន្លឹក​តាម​ហ្វេសប៊ុក​លោក​ឈ្មោះ Hong Loeung ដោយ​រៀបរាប់​ថា​៖ «​ខ្ញុំ លឿង ហុង សូម​ស្បថ​ថា ​ថ្ងៃក្រោយ​នឹង​ឈប់​ទិញ​ឡាន​អត់​ពន្ធ ជិះ​ទៀត​ហើយ​ឡាន​នេះ ២ ​ថ្ងៃ​ទៀត​គឺ​ ១ ​ឆ្នាំ​គត់​ត្រូវ​ចាប់​។

(​ឡាន​នេះ ជិះ​បាន​តែ​ជិត​ ១ ​ខែ​ត្រូវ​ចាប់​) ឥឡូវ​ត្រូវ​បង់ពន្ធ​ 100% + ពិន័យ​ 10% = 102 303 $» ។

ជាមួយ​គ្នា​នេះ​លោក ហុង បាន​បកស្រាយ​ក្នុង​សារព័ត៌មាន​ខេប៊ីអិន​ (KBN.News) ​ពី​មូលហេតុ​ដែល​លោក​បង្ហោះ​សារ និង​រូបភាព​ទាំងនោះ​ថា ធ្វើឡើង​ក្នុង​បំណង​ចូលរួម​ដាស់តឿន​ក្រើនរំឭក​ដល់​អ្នក​ផ្សេងទៀត​កុំ​ឲ្យ​ត្រាប់​តាម​លោក​។ លោក​ថា ត្រូវ​ទិញ​ ឬ​ជិះ​រថយន្ដ​ដែល​មាន​ពន្ធ​ត្រឹមត្រូវ​​ទើប​មិន​ត្រូវ​រង​ការចាប់​ផាកពិន័យ​​ដែល​នាំឲ្យ​ខាតបង់​លុយកាក់​។

តាមរយៈ​សារព័ត៌មាន​ខេប៊ីអិន រថយន្ដ​នោះ​គាត់​ [​លឿង ហុង​] ​បាន​ទិញ​ក្នុង​តម្លៃ​ជាង​ ៦ ​ម៉ឺន​ដុល្លារ ប៉ុន្ដែ​ពេល​​សមត្ថកិច្ច​គយ និង​រដ្ឋាករ ត្រួតពិនិត្យ​រកឃើញ​ថា​រថយន្ត​នោះ​គ្មាន​លិខិត​បង់ពន្ធ​នាំចូល​ក៏​ផាកពិន័យ​ជាង​ ១០ ​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ទើប​ត្រឹមត្រូវ​តាមច្បាប់ ដូច្នេះ​រថយន្ដ​ ១ ​គ្រឿង​នេះ​ឡើង​តម្លៃ​រហូត​ដល់​ជាង ១៦ ​ម៉ឺន​ដុល្លារ​។

នៅ​ព្រឹក​ម្សិលមិញ ភ្នំពេញ​ប៉ុស្តិ៍​បាន​ទាក់ទង​ផ្ទាល់​ទៅ​លោក លឿង ហុង ដើម្បី​ស្នើសុំ​ការបំភ្លឺ​ជុំវិញ​ប្រភព​ដើម​នៃ​រថយន្ត​ដែល​លោក​បាន​ទិញ​មក​ប្រើ​នេះ ប៉ុន្តែ​លោក​បាន​បដិសេធ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​។ ទោះយ៉ាងណា​លោក​បាន​ថ្លែង​ថា ពេលនេះ​លោក​បាន​លុប​សារ និង​រូបភាព​ដែល​បាន​​បង្ហោះ​ពី​ព្រឹក​ថ្ងៃទី​ ២១ កក្កដា ចេញ​ពី​បណ្ដាញ​សង្គម​នោះ​អស់​ហើយ​។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​ ៨ ខែ​ កក្កដា ឆ្នាំ​ ២០២០ ​កន្លង​ទៅ​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ប្រកាស​ជូន​ដំណឹង និង​អញ្ជើញ​ជា​លើក​ចុងក្រោយ​ដល់​ម្ចាស់​យានយន្ត និង​ម្ចាស់​ទំនិញ​គេចពន្ធ​ដែល​ត្រូវបាន​បង្ក្រាប​ឲ្យ​ចូល​ខ្លួន​មក​បំពេញ​កាតព្វកិច្ច​ពន្ធអាករ និង​ពិន័យ​តាមច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន​។

តាមរយៈ​សេចក្ដី​ជូន​ដំណឹង​នោះ​​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​​បាន​ទុក​រយៈពេល​ ៦០ ​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​ដូច​ខាង​លើ​នេះ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ និង​ទំនិញ​គេចពន្ធ​ចូល​​ខ្លួន​ទៅ​ដោះស្រាយ​។ ប្រសិន​បើ​ម្ចាស់​មិន​ចូលខ្លួន​ដោះស្រាយ​តាម​កាលកំណត់​ទេ​នោះ រថយន្ត និង​ទំនិញ​គេចពន្ធ​ដែល​ត្រូវ​បាន​រឹបអូស​ទាំងនោះ​នឹង​ត្រូវ​ប្រកាស​ដាក់លក់​ដេញថ្លៃ​ជា​សាធារណៈ​តាម​នីតិវិធី​ជា​ធរមាន ដើម្បី​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​។

បើ​តាម​ការបញ្ជាក់​មន្ត្រី​ផ្នែក​ទំនាក់ទំនង និង​សម្របសម្រួល​កិច្ចការ​សាធារណៈ​ម្នាក់​នៃ​អគ្គនាយកដ្ឋាន​គយ​​ និង​រដ្ឋាករ​ដែល​ស្នើសុំ​មិន​បញ្ចេញឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រថយន្ត​អត់​ពន្ធ​នាំចូល​ដែល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បង្ក្រាប​ចាប់​បាន​នាពេល​កន្លង​មក​នេះ​មាន​ចំនួន ៨៤៦ ​គ្រឿង​។

មន្ត្រី​រូបនោះ​បាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ដ​អត់​ពន្ធ​នាំចូល​ដែល​ត្រូវ​មន្ដ្រី​គយ​ចាប់​ក្នុង​ពេល​កន្លង​ទៅ​ត្រូវ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ចេញ​លិខិត​អញ្ជើញ​ដាច់​ដោយឡែក​ពី​គ្នា ដើម្បី​ឲ្យ​ចូលខ្លួន​មក​បង់ពន្ធ​នាំចូល និង​ប្រាក់​ពិន័យ​ ១០ ​ភាគរយ​ទើប​បំពេញ​ភាពស្របច្បាប់​ត្រឹមត្រូវ​។ ​

ក្រោយពី​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​​បាន​ចេញ​សេចក្ដី​ជូនដំណឹង​ចុងក្រោយ​ដោយ​ទុកពេល​ឲ្យ​ ៦០ ​ថ្ងៃ​នោះ​មាន​ម្ចាស់​រថយន្ត​អត់​ពន្ធ​នាំចូល​មួយ​​ចំនួន​បាន​ចូល​ខ្លួន​មក​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​អាករ និង​បាន​បង់ប្រាក់​ពិន័យ​តាម​នីតិវិធី​ច្បាប់ ដើម្បី​ទទួល​បាន​រថយន្ត​របស់​ពួកគេ​ត្រឡប់​ទៅ​ប្រើប្រាស់​ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​​ផ្លូវច្បាប់​វិញ​ផង​ដែរ​៕