
ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ករណីវាយសម្លាប់មន្ត្រីយោធាម្នាក់ស្លាប់ កាលពីម្សិលមិញ។ រូបថត ប៉ូលិស
ត្បូងឃ្មុំៈ មន្ត្រីយោធាម្នាក់យាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ត្រូវបានបុរសជាអ្នកជំងឺកូវីដ ១៩ ដែលញៀនថ្នាំញៀនម្នាក់វាយសម្លាប់កាលពីល្ងាចថ្ងៃទី ២៥ ឧសភា ក្នុងគោលបំណង ដើម្បីរត់ចេញពីមន្ទីរពេទ្យ ខណៈមន្ត្រីយោធារូបនោះកំពុងអង្គុយយាម។ ជនសង្ស័យត្រូវបានកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនបានភ្លាមៗ។
លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ជនសង្ស័យបានបម្រុងរត់ចេញពីកន្លែងព្យាបាល ហើយបានប៉ះជាមួយមន្ត្រីយោធា ដែលកំពុងអង្គុយយាមក៏បានវាយទៅលើជនរងគ្រោះ ដោយប្រើដំបង និងចបបណ្តាលឱ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុ។
លោកបានថ្លែងថា៖ «កម្លាំងសមត្ថកិច្ចចម្រុះបានចាប់ខ្លួនជនសង្ស័យភ្លាមៗ បន្ទាប់ពីរូបគេបានវាយសម្លាប់មន្ត្រីយោធា ហើយពេលនេះសមត្ថកិច្ចនគរបាលកំពុងតែធ្វើការតាមនីតិវិធី»។
លោក ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែកបានឱ្យដឹងថា អ្នកជំងឺកូវីដ ១៩ បានសម្លាប់មន្ត្រីយោធាកាលពីល្ងាចថ្ងៃទី ២៥ ខែឧសភា ខណៈរូបគេបម្រុងរត់គេចចេញពីមណ្ឌលធ្វើចត្តាឡីស័ក ដែលដាក់ព្យាបាលអ្នកជំងឺកូវីដ ១៩។
លោកថ្លែងថា៖ «ពេលដឹងរឿងភ្លាម ខ្ញុំបានឱ្យកម្លាំងចុះទៅអន្តរាគមន៍ហើយបានចាប់ខ្លួនជនសង្ស័យភ្លាមនៅក្បែរកន្លែងកើតហេតុ។ ករណីនេះជំនាញព្រហ្មទណ្ឌនៃស្នងការខេត្តកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់»។
លោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា លោកនឹងអនុវត្តទៅតាមនីតិវិធីច្បាប់នៅក្រោយពេលព្យាបាលជនសង្ស័យជាសះស្បើយពីជំងឺកូវីដ ១៩។
លោកថ្លែងថា៖ «ពេលនេះយើងឃុំខ្លួនគាត់នៅបន្ទប់សុវត្ថិភាពមួយក្នុងមន្ទីរពេទ្យបង្អែក ដែលគាត់កំពុងសម្រាកព្យាបាលហ្នឹង។ អ៊ីចឹងនៅពេលគាត់បានជាសះស្បើយវិញ យើងនឹងអនុវត្តទៅតាមនីតិវិធីបញ្ជូនទៅតុលាការ។ ចំណែកសាកសពជនរងគ្រោះយើងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី»។
របាយការណ៍របស់កងរាជអាវុធហត្ថស្រុកពញាក្រែកបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ មាន វ៉ៃ អាយុ ២៩ ឆ្នាំ រស់នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ជាមន្ត្រីយោធាផ្នែកសឹករង ស្រុកពញាក្រែក។ ចំណែកជនសង្ស័យ ឈ្មោះ មឿន ម៉ឺន អាយុ ៣៨ ឆ្នាំ មានលំនៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ៕