
ប្លង់បង្ហាញទីតាំងដី ដែលត្រូវទាហានបន្លំឯកសាររំលោភយក។ សហការី
កំពង់ឆ្នាំងៈ លោកពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេសបានស្នើឱ្យអាជ្ញាធរអនុវត្តទៅតាមច្បាប់ ចំពោះនាយទាហានចំនួន ២ នាក់ ដែលបានបំភ័យប្រជាពលរដ្ឋយកដីស្រែចំនួន ៣០០ ហិកតា នៅខេត្តកំពង់ឆ្នាំងជាដីដែលពលរដ្ឋបានអះអាងថា សុទ្ធតែមានលិខិតកាន់កាប់បណ្ដោះអាសន្ន។
នៅក្នុងលិខិតបដិសេធធ្វើឡើងនៅថ្ងៃទី ១០ ខែតុលាលោក ពូ សាប៊ុតឌី បានឲ្យដឹងថា ទាហាននៅតំបន់អភិវឌ្ឍន៍យោធភូមិភាគពិសេស ២ នាក់បានឃុបឃិតជាមួយជនស៊ីវិលម្នាក់បានយកឯកសាររបស់ទាហានទៅបន្លំបំពានយកដីពលរដ្ឋចំនួន ៣០០ ហិកតាធ្វើជាកម្មសិទ្ធិកាន់កាប់របស់យោធិនទៅវិញ។
លិខិតបន្តថា ជនល្មើសទាំង ៣ នាក់ ថែមទាំងបានដាក់ពាក្យប្ដឹងពលរដ្ឋចំនួន ៣ នាក់ ទៅតុលាការខេត្តកំពង់ឆ្នាំងពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតដែលផ្ទុយពីការពិត និងក្នុងគោលបំណងដើម្បីបំភ័យ និងគំរាមកំហែងទាំងបំពានដើម្បីបញ្ឈប់ការតវ៉ាលើដីកម្មសិទ្ធិរបស់ពលរដ្ឋ។
លិខិតបន្តថា៖ «ប្រសិនបើមានបុគ្គលណា ក្រុមអង្គភាពណា ទៅអះអាង គំរាមកំហែងទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋដូចករណីខាងលើ ទុកឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ព្រមទាំងស្ថាប័នអង្គភាពមានសមត្ថកិច្ចអនុវត្ត ផ្ដន្ទាទោសតាមច្បាប់ជាធរមាន»។
លោក ឡុង ស៊ឺន ពលរដ្ឋរស់នៅក្នុងភូមិចំបក់ប្រាសាទ ឃុំ-ក្រាំងស្ដារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា លោក និងពលរដ្ឋ ២ នាក់ទៀតដែលមានឈ្មោះ សៀ ឃៀង និងឈ្មោះ អ៊ឹម សៅ ត្រូវបានទាហានភូមិភាគពិសេសឈ្មោះ ហែម សុផារី និងឈ្មោះ គង់ សារិន ប្ដឹងទៅតុលាការកាលពីអំឡុងខែ កក្កដា ឆ្នាំ ២០១៩ ពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតទាំងដែលពួកលោកគ្រាន់តែភ្ជួររាស់លើដីរបស់ពួកលោកសម្រាប់ធ្វើស្រែដូចរាល់ដង។
លោកបន្តថា ក្រោយពីត្រូវទទួលរងពាក្យបណ្ដឹងពីមន្ត្រីយោធាទាំង ២ រូបនេះ ពួកលោកក៏បាននាំគ្នាដាក់ពាក្យប្ដឹងយោធាទាំង ២ នាក់នោះវិញពីបទក្លែងបន្លំឯកសារទៅកាន់បញ្ជាការយោធភូមិភាគពិសេសកាលពីខែកញ្ញា ដើម្បីសុំឱ្យលោក ពូ សាប៊ុតឌី មេបញ្ជាការយោធភូមិភាគពិសេសចុះពិនិត្យទីតាំងដីផ្ទាល់និងធ្វើការដោះស្រាយ ហើយទើបនៅថ្ងៃ ១៥ ខែតុលា លោកបានទទួលលិខិតឆ្លើយតបពីលោក ពូ សាប៊ុតឌី វិញថា យោធា និងគ្រួសារយោធិនមិនមានដីដូចការអះអាងរបស់យោធាទាំង ២ រូបនោះឡើយ។
លោកថា៖ «ពួកគាត់ (ទាហានទាំង ២) បានយកឯកសារក្លែងបន្លំថា ដីទាហានហ្នឹង នៅខាងលើព្រែក។ ប៉ុន្តែដីពួកគាត់ហ្នឹង គឺសុទ្ធតែនៅខាងក្រោមព្រែក ហើយដីប្រជាពលរដ្ឋគឺនៅខាងលើព្រែក ។ ដីខាងក្រោមព្រែកហ្នឹងទាហានគេដាំស្វាយល្វឹងល្វើយអស់ហើយ ប៉ុន្តែគាត់យកឯកសារហ្នឹងមកប្ដឹងយកដីពលរដ្ឋនេះនៅខាងលើឯណោះទៀត»។
យោងតាមពាក្យបណ្ដឹងរបស់ពលរដ្ឋឱ្យដឹងថា ដីទាំង ៣០០ ហិកតា ត្រូវបានកាន់កាប់ធ្វើស្រែចម្ការដោយប្រជាពលរដ្ឋចំនួន ៣៦ គ្រួសារ តាំងពីឆ្នាំ ១៩៩១ ហើយនៅក្នុងឆ្នាំ ១៩៩៣ ដីទាំងនោះត្រូវបានអាជ្ញាធរឃុំ និងភូមិចេញលិខិតកាន់កាប់បណ្ដោះអាសន្នជូនពលរដ្ឋទាំងនោះ។
អ្នកស្រី យង់ លន មេភូមិចំបក់ប្រាសាទបានលើកឡើងដែរថា ដីដែលទាហានទាំង ២ នាក់ អះអាងថា ជារបស់ពួកគេគឺតាមពិតជាដីរបស់ប្រជាពលរដ្ឋដែលមានលិខិតបញ្ជាក់អំពីការកាន់កាប់បណ្ដោះអាសន្នពិតប្រាកដមែន។
អ្នកស្រីថា៖ «ដីតំបន់ហ្នឹងអត់ទាន់ចុះវាស់វែងចេញប្លង់រឹងអីនៅឡើយទេអូន ប៉ុន្តែដីទាំងហ្នឹងមានលិខិតបញ្ជាក់អំពីការកាន់កាប់បណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋអ៊ីចឹងណា»។
លោក ពូ សាប៊ុតឌី មិនអាចទាក់ទងសុំអធិប្បាយបន្ថែមបានទេ ហើយភ្នំពេញប៉ុស្តិ៍ ក៏មិនអាចស្វែងរកប្រភពទាក់ទងទៅលោក ហែម សុផារី និងលោក គង់ សារិន ដែលរងការចោទប្រកាន់បានដែរកាលពីម្សិលមិញ។
ប៉ុន្តែលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថាលោកមិនបានឃើញលិខិតថា មានទាហានយោធភូមិភាគចំនួន ២ នាក់ រំលោភយកដីពលរដ្ឋនោះទេ ប៉ុន្តែលោកថា អ្នកណាក៏ដោយ មិនថាទាហាននោះទេគឺត្រូវតែគោរពទៅតាមច្បាប់របស់ប្រទេសជាតិ។
លោកថា៖ «សម្ដេចតេជោក្ដី សម្ដេចពិជ័យសេនាក្ដី អត់ឱ្យទៅធ្វើអំពើណារំលោភបំពានដោយខុសច្បាប់លើប្រជាពលរដ្ឋនោះទេហើយបុគ្គលណាធ្វើខុសគឺត្រូវអនុវត្តតាមទោសពៃរ៍របស់ខ្លួន»។
លោក សំ ច័ន្ទគា អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង យល់ឃើញថា ការបំពានយកដីរបស់ប្រជាពលរដ្ឋគឺជាការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ហើយក្នុងនាមជាស្ថាប័នមួយដែលមានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាពលរដ្ឋ ទាហានទាំងនោះគួរត្រូវបានបណ្ដេញចេញពីកងយោធពលខេមរភូមិន្ទ ។
លោកថា៖ «អង្គភាពគួរតែបណ្ដេញជនហ្នឹងចេញពីជួរខេមរភូមិន្ទហើយចាប់បញ្ជូនមកឱ្យខាងតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ អាហ្នឹងបានជាអង្គភាពមួយគំរូ»៕