ឧត្តរមានជ័យៈ ពលរដ្ឋ​បាន​អះអាង​ថា​មន្ត្រី​យោធា​ផ្នែក​សឹក​រង​ស្រុក​អន្លង់វែង​បាន​ទាមទារ​ឲ្យ​ពួកគាត់​សង​ជំងឺ​ចិត្ត​ចំនួន​ ២ ​ម៉ឺន​ដុល្លារ​អាមេរិក​រឿង​ដណ្តើម​គ្នា​កាន់កាប់​ដីព្រៃ​សហគមន៍ ខណៈ​ដែល​ដីព្រៃ​ដែល​នៅ​សេសសល់​កំពុង​តែ​មាន​ការ​ប៉ុនប៉ង​យក​កាំភ្លើង​ធំ​ទៅ​ដាក់​ធ្វើ​ជា​ទីតាំង​កងទ័ព​ផង​ដែរ ។

ក្រុម​ពលរដ្ឋ​នៅ​ភូមិ​អូរ​ចាប់​ត្រី ឃុំ​លំទង ស្រុក​អន្លង់វែង​ដែល​ត្រូវ​មន្ត្រី​យោធា​ឈ្មោះ​ វ៉ាន់ លីម៉េង ​ប្តឹង​ទៅ​តុលាការ​រឿង​ប៉ះពាល់​ដី​ជា​ទ្រព្យសម្បត្តិ​ឯកជន​នោះ​បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​ពួកគាត់​ ៤ ​នាក់​បាន​ចូល​បំភ្លឺ​កាលពី​ថ្មីៗ​នេះ​មន្ត្រី​តុលាការ​បាន​ប្រាប់​លោក​ថា​លោក​ លីម៉េង ​បាន​ទាមទារ​ជំងឺ​ចិត្ត​ម្នាក់​ ៥ ​ពាន់​ដុល្លារ​អាមេរិក​ថ្លៃ​កាប់​បំផ្លាញ​ដំណាំ​របស់​គេ​។

លោក​ ឡាយ ឈីម អាយុ​ ៥១ ​ឆ្នាំ​ជា​ចុងចោទ​ម្នាក់​ក្នុង​ចំណោម​ ៤ ​នាក់​បាន​អះអាង​កាលពី​ម្សិលមិញ​ថា​៖ «​វ៉ាន់ លីម៉េង ​សឹក​រង​ស្រុក​អន្លង់វែង​ប្តឹង​ [​យើង​] ​ទៅ​តុលាការ​ហើយ​កម្រិត​ឲ្យ​សង​ជំងឺ​ចិត្ត​ម្នាក់​ ៥ ​ពាន់​ដុល្លារ​។ គេ​ថា​ពួកខ្ញុំ​នេះ​បំផ្លាញ​ដើម​ស្វាយ ដើម​ខ្នុរ តែ​ខ្ញុំ​មិន​ដែល​ឃើញ​ដើម​ស្វាយ ឬ​បាន​បំផ្លាញ​ទេ​»​។

ព្រៃ​សហគមន៍​ក្បាល​អូរសូភី​គិរី​ព្រៃស្រោង​ទំហំ​ ៦.៣៤៤ ​ហិកតា​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ដោយ​ក្រសួង​កសិកម្ម​កាលពី​ឆ្នាំ​ ២០០៩ ​ត្រូវ​បាន​គេ​ទន្ទ្រាន​យក​ស្ទើរ​តែ​អស់​។

ក្នុង​នោះ​លោក លីម៉េង ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ប្លង់​កម្មសិទ្ធិ​ចេញ​ដោយ​ក្រុម​និស្សិត​លើ​ផ្ទៃដី​ប្រមាណ​ជា​ ៧៥ ​ហិកតា និង​ចោទ​ពលរដ្ឋ​ថា​បាន​រំលោភ​យក​ដី​លោក​។

ប៉ុន្តែ​លោក​ ឡាយ ឈីម បាន​សារភាព​​ថា ​ក្រុម​ពលរដ្ឋ​គាត់​ ១៣ ​គ្រួសារ​បាន​ចូល​ទៅ​កាប់​ឆ្ការ​ព្រៃ​សហគមន៍ ដើម្បី​ដាំ​ដំឡូង​កាលពី​ឆ្នាំ​ ២០១១ ​ក្នុង ​១ ​គ្រួសារ​ពី​ ៥ ​ទៅ​ ៦ ​ហិកតា​ហើយ​ក៏​មិន​ដែល​ឃើញ​លោក លី ម៉េង ចុះ​ទៅ​តំបន់​នោះ​ដែរ​។

លោក​ថា​៖ «​មាន​ពលរដ្ឋ​ផ្សេង​ទៀត​ត្រូវ​លោក​ លីម៉េង ​ប្តឹង​។ យើង​អ្នក​ក្រ​គ្មាន​លុយ​សង​គេ​ទេ​។ គេ​យក​ដី​យើង​ទទេ​ហើយ​មក​ទារ​ ៥ ​ពាន់​ដុល្លារ​ទៀត​។ យើង​មិន​បាន​កាប់​ដើម​ស្វាយ ដើម​ខ្នុរ​ទេ​។ យើង​កាន់កាប់​​បាន​ប្រមាណ​ជា​ ៦ ​ឆ្នាំ​ហើយ​ទើប​គេ​ប្តឹង​។ ពួក​ខ្ញុំ​មិន​សុខចិត្ត​ទេ​គឺ​ត្រូវ​តវ៉ា​ទៀត​»​។

លោក​ កូយ កាន់យ៉ា ​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ដោយសារ​តែ​សំណុំ​រឿង​ច្រើន​ពេក​លោក​មិន​បាន​ចាំ​ពី​រឿង​សំណង​ក្នុង​បណ្តឹង​នេះ​ទេ​។ ប៉ុន្តែ​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ ២ ​សប្តាហ៍​មុន​ថា​ពលរដ្ឋ​ត្រូវ​គេ​ប្តឹង​ពី​បទ​ប៉ះពាល់​ទ្រព្យសម្បត្តិ​ឯកជន​។

ភ្នំពេញ​ប៉ុស្តិ៍​បាន​ព្យាយាម​ទាក់ទង​លោក លីម៉េង ជាច្រើន​ដង​តែ​លោក​មិន​ទទួល​ទូរស័ព្ទ​។

លោកស្រី ណារ៉េន ​អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​ខេត្ត​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​ត្រូវ​ប្តឹង និង​គ្រួសារ​ជាង​ ២០ ​នាក់​បាន​ទៅ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​នៅ​អង្គការ​លោក​កាលពី​ម្សិលមិញ​នៅ​មុន​ពេល​ដែល​ពួកគាត់​សម្រេច​ដាក់​ពាក្យ​បណ្តឹង​សុំ​អន្តរាគមន៍​។

លោក​ ណារ៉េន ​បញ្ជាក់​ថា​៖ «​ពលរដ្ឋ​ថា​ដី​ [​ទំនាស់​] ​នោះ​ព្រៃ​សហគមន៍​។ វា​ជា​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​មាន​ការ​ចេញ​ប្លង់​ឲ្យ​បុគ្គល​ឯកជន វា​ជា​អំពើ​ពុករលួយ​ដែល​ឃុបឃិត​គ្នា​ចេញ​ប្លង់ដី​នេះ​»​។

លោក​ អឿន ណាក់​ប្រធាន​សហគមន៍​ក្បាល​អូរសូភីគិរី​ព្រៃ​ស្រោង​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​​ថា​រហូត​មក​ដល់​នឹង​ពេល​នេះ​ដី​ព្រៃ​សហគមន៍​នៅ​សល់​តែ​ប្រមាណ​ជា​ ១ ​ពាន់​ហិកតា​ប៉ុណ្ណោះ ហើយ​សត្វព្រៃ​ពិសេស​សត្វ​ទន្សោង​រាប់រយ​ក្បាល និង​ការ​ប្រមូល​អនុផល​ព្រៃឈើ​ត្រូវ​បាន​បាត់បង់ ហើយ​អាច​នឹង​បន្ត​បាត់បង់​ទៀត ដោយសារ​តែ​មាន​មន្ត្រី​អាជ្ញាធរ​ស្រុក​ ១ ​ក្រុម​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដី​ព្រៃ​នោះ​កាលពី​ចុង​ខែ​វិច្ឆិកា​ដើម្បី​រក​ទីតាំង​ដាក់​កាំភ្លើង​ធំ​។

លោក ណាក់ បាន​សម្ដែង​មន្ទិល​សង្ស័យ​ថា​តម្រូវការ​​ដី​ដាក់​កាំភ្លើង​ធំ​នោះ​អាច​ជា​លេស​មួយ ដើម្បី​ប៉ុនប៉ង​ទន្ទ្រាន​យក​ដី​សហគមន៍ ខណៈ​ដែល​តម្រូវការ​ដី និង​តម្លៃ​កាន់តែ​ខ្ពស់​។ ​ដោយសារ​តែ​ដី​សហគមន៍​ចេះ​តែ​បន្ត​បាត់បង់​នេះ ប្រធាន​សហគមន៍​រូប​នេះ​បាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅ​ក្រសួង​កសិកម្ម​កាលពី​ដើម​ខែ​នេះ​។

លោក ហោ ជិនវិរៈយុទ្ធ ​អភិបាល​ស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹង​ថា​ខាង​កងទ័ព​ត្រូវការ​ដី​មែន​ហើយ​ខាង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ធ្វើការ​សិក្សា​រក​​ទីតាំង​ឲ្យ​។ នៅ​ពេល​ដែល​រក​ទីតាំង​បាន​តាម​លក្ខណៈ​បច្ចេកទេស​ហើយ​ទើប​ធ្វើ​សំណើ​ទៅ​ថ្នាក់​ជាតិ​ដើម្បី​ពិនិត្យ និង​សម្រេច​។ ព្រោះ​វា​មិនមែន​ជា​ដី​កម្មសិទ្ធិ​របស់​ឯកជន​ទេ​៕