រតនគិរី: មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​ម្នាក់​ត្រូវបាន​ផ្លាស់ប្ដូរ​តំណែង ក្រោយពី​មន្ត្រី​ថ្នាក់ក្រោម​បាន​ចោទប្រកាន់​រឿង​ភាពមិនប្រក្រតី​ក្នុង​ការបែងចែក​ប្រាក់​លើកទឹកចិត្ត​ជាង​ ៣០០ ​លាន​រៀល ​ដល់​មន្ត្រី​ក្រោម​ឱវាទ​។

យោងតាម​សេចក្ដី​សម្រេច​របស់​លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នាពេល​ថ្មី​កន្លង​មក​នេះ​បាន​ឲ្យ​ដឹងថា លោក កែប កត់ ត្រូវបាន​ផ្លាស់​ចេញពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ វាយតម្លៃ​ធនធាន​ធម្មជាតិ និង​ការប៉ះពាល់​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ព្រៃឈើ​សត្វព្រៃ​។

លោក កែវ អូម៉ាលីស្ស និង​លោក កែប កត់ មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក សយ សូណា ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹងថា ករណី​នេះ​គឺជា​ការផ្ទេរ​តំណែង​ដោយ​ស្ម័គ្រចិត្ត​ពី​សំណាក់​សាមីខ្លួន ដោយ​លោក កែប កត់ ចង់​ផ្លាស់ប្ដូរ​តួនាទី​ទៅ​បម្រើ​ការងារ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ព្រៃឈើ​សត្វព្រៃ​ដែល​នៅក្នុង​ក្របខ័ណ្ឌ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក សូណា បាន​ឲ្យ​ដឹងថា លោក កែប កត់ មាន​បញ្ហា​ទាក់ទង​ជាមួយ​ការបែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​មន្ត្រី​ខ្លះ​គឺ​ប្រាក់​លើកទឹកចិត្ត​នេះ​សម្រាប់តែ​មន្ត្រី​ចូលរួម​បង្ក្រាប​បទល្មើស​ព្រៃឈើ ហើយ​មន្ត្រី​ខ្លះ​ដែល​អត់​បាន​ចុះបង្ក្រាប​បទល្មើស គាត់​ច្រណែន ឬ​មិន​ពេញចិត្ត​ការបែងចែក​ប្រាក់​នេះ ដូច្នេះ​មន្ត្រី​ទាំងនោះ​គាត់​ក៏បាន​ប្ដឹង​ទៅ​ថ្នាក់លើ ហើយ​ថ្នាក់លើ​បាន​ចុះមក​ស្រាវជ្រាវ​ដឹង​ការពិត​ហើយ​។

យោង​តាម​លិខិត​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​ដែលមាន​ស្នាម​ផ្ដិត​មេដាយ​ចំនួន ៥ ​នាក់​ចុះ​ថ្ងៃទី​ ២៦ ខែសីហា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា ប្រាក់​លើកទឹកចិត្ត​មន្ត្រី​ (​ប្រាក់​អប្បហារ​) ​ដែល​ថ្នាក់ជាតិ​បាន​ទម្លាក់​មក​ឲ្យ​លោក កែប កត់ សម្រាប់​បែងចែក​ដល់​មន្ត្រី​ក្រោម​ឱវាទ​នោះ ត្រូវ​បាន​លោក កែប កត់ បែងចែក​គ្មាន​គោលការណ៍​ច្បាស់លាស់ គ្មាន​តម្លាភាព មាន​ចិត្ត​ចង្អៀតចង្អល់​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ដោយ​ប្រកាន់​បក្ខពួក​និយម​។

យោង​តាម​លិខិត​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​យើងខ្ញុំ​សូម​លើកយក​ករណី​ចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត គឺ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ទទួល​បាន​ប្រាក់​ជាង ៣០០ ​លាន​រៀល​ពី​ថ្នាក់ជាតិ ដើម្បី​លើក​ទឹកចិត្ត​មន្ត្រី ដោយ​លោក កែប កត់ ធ្វើការ​បែងចែក​តាម​ទំនើងចិត្ត​របស់​ខ្លួន​ដោយ​មាន​មន្ត្រី​ខ្លះ​បាន​ច្រើន ខ្លះ​បាន​តិច និង​ខ្លះ​មិនបាន​ទទួល​សោះ​។

បើ​ធ្វើការ​ប៉ាន់ប្រមាណ​ចំនួន​ប្រាក់​ដែល​បាន​បែងចែក​ដល់​មន្ត្រី​សរុប​ទាំងអស់ ២៤ ​នាក់ ចំណាយ​អស់​មិន​ដល់ ១០០ ​លាន​រៀល​ទេ តើ​ចំនួន​ប្រាក់​ដែល​នៅសល់​ជាង ២០០ ​លាន​រៀល​ទៀត​បាត់​ទៅណា ឬ​លោក កែប កត់ រក្សា​ទុកជា​របស់​ខ្លួន​ម្នាក់ឯង​?»​។ លិខិត​ដដែល​នេះ​ក៏បាន​បង្ហាញ​នូវ​ការមិន​ពេញចិត្ត និង​មិនអាច​ទទួល​យក​ការដឹកនាំ ក៏ដូចជា​ការបែងចែក​ប្រាក់រង្វាន់​លើក​ទឹកចិត្ត​របៀប​លោក កែប កត់ និង​ទាមទារ​រកយុត្តិធម៌ និង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​មន្ត្រី​ក្រោម​ឱវាទ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​ទាំងអស់​គ្នា​៕