ព្រះវិហារៈ ប្រធានរដ្ឋបាលព្រៃឈើស្រុកជាំក្សាន្តខេត្តព្រះវិហារឈ្មោះ គឹម ចេតថាវីត បានរត់គេចខ្លួន បន្ទាប់ពីបើកបររថយន្តក្នុងស្ថានភាពស្រវឹង ហើយបានបុកសិស្សសាលា ៣ នាក់ស្លាប់ កាលពីរសៀលថ្ងៃទី ២៣ មិថុនា។ នេះបើតាមមន្ត្រីប៉ូលិសស្រុកជាំក្សាន្ត។
លោក ម៉ៃ ពុត អធិការរងស្រុកជាំក្សាន្តបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថាករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូនេះ បានកើតឡើង នៅចំណុចផ្លូវជាតិលេខ ៦៩ B ភូមិស្រអែមត្បួុង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បន្ទាប់ពីបើកបររថយន្តបង្កគ្រោះថ្នាក់បុកសិស្សសាលាចំនួន ៣ នាក់ស្លាប់ ជនបង្កដែលអាជ្ញាធរស៊ើបដឹងថា មានឈ្មោះ គឹម ចេតថាវីត នាយខណ្ឌរដ្ឋបាលព្រៃឈើ ស្រុកជាំក្សាន្ត បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ដោយមិនបាននៅរង់ចាំទទួលខុសត្រូវឡើយ។
លោកថា៖ «គាត់អត់ទាន់បានបង្ហាញមុខ ចំពោះមុខច្បាប់ ប៉ុន្តែឈ្មោះស្អី និងធ្វើការនៅឯណា គេស្គាល់អស់ហើយ។ ការគេចខ្លួនហ្នឹង យើងមិនទាន់បានកោះហៅអីនៅឡើយទេ ប៉ុន្តែរថយន្ត និងម៉ូតូហ្នឹងយើងយកទុកនៅអធិការដ្ឋានហើយ»។
លោកបានបន្តថា ក្នុងចំណោមសិស្សសាលាទាំង ៣ នាក់ ដែលស្លាប់នេះ គឺ ២ នាក់ស្លាប់ នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដែលមានឈ្មោះ ចំរើន ណារុង អាយុ ១៧ ឆ្នាំ រស់នៅក្នុងឃុំទឹកក្រហម ឈ្មោះ កែវ ណារ៉ាត់ អាយុ ១៧ ឆ្នាំ រស់នៅក្នុងឃុំជាំក្សាន្ត ឈ្មោះ ជូ ណាក់ អាយុ ១៦ ឆ្នាំ រស់នៅក្នុងឃុំកន្ទួត។
លោកឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងរងគ្រោះទាំង ៣ នាក់នេះបានជិះម៉ូតូ ១ គ្រឿងម៉ាក Honda Dream ស៊េរី ២០១៨ ពណ៌ខ្មៅ ស្លាកលេខព្រះវិហារ ១C-៧៥៥៥ ដឹកគ្នា បន្ទាប់ពីបញ្ចប់ការធ្វើពលកម្មនៅសាលា ដោយធ្វើដំណើរទៅទិញខោអាវកីឡានៅផ្សារនិងនៅពេលជិះត្រឡប់ពីផ្សារមកផ្ទះវិញ ក៏ត្រូវបានរថយន្តម៉ាក Ford Ranger ពាក់ស្លាកលេខភ្នំពេញ ២ AY-៩៥៩៥ បើកបុកក្នុងទិសដៅបញ្ច្រាសគ្នា នៅពេលរថយន្តនេះបើកបត់ឆ្លងផ្លូវដោយគ្មានការប្រុងប្រយ័ត្ន ហើយបើតាមមន្ត្រីជំនាញចុះទៅវាស់វែងនៅកន្លែងកើតហេតុ អ្នកបើកបររថយន្តគឺមានប្រើប្រាស់គ្រឿងស្រវឹង។
លោក ឈឹម មេធា ប្រធានផ្នែកចរាចរណ៍ អធិការដ្ឋានស្រុកជាំក្សាន្តថ្លែងថា ភាគីរថយន្តជាអ្នកខុស ព្រោះមុនបើកបត់ឆ្វេង គឺត្រូវរង់ចាំអ្នកបើកបរក្នុងទិសដៅបញ្ច្រាសគ្នាគឺភាគីខាងម៉ូតូបើកចេញទៅឱ្យផុតមុនសិន ទើបអាចបត់បាន។
លោកថា៖ «ខ្ញុំកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ប៉ុន្តែមកដល់ពេលនេះ គ្រួសារជនរងគ្រោះកំពុងធ្វើបុណ្យនៅឡើយ ហើយចាំមើលចប់បុណ្យ ចាំឱ្យពួកគាត់មករៀបចំពាក្យបណ្ដឹងទៅតុលាការ»។
ជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍បុករត់នេះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា លោកមិនទាន់ទទួលបានព័ត៌មាននេះទេ ប៉ុន្តែលោកថា នឹងកោះហៅលោក គឹម ចេតថាវីតដើម្បីសាកសួរអំពីរឿងនេះ។
លោកបន្តថា៖ «ព្រោះសម្រាកម្សិលមិញ អត់ធ្វើការ ចាំមើលប្រជុំធ្វើការនេះសិន ព្រោះឥឡូវក្ដាប់អត់ទាន់បាន »។
លោក ឡោ ចាន់ មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តព្រះវិហារ ថ្លែងថា ការបើកបរដោយស្រវឹងឬដោយការធ្វេសប្រហែសបណ្ដាលឱ្យមានអ្នកស្លាប់គឺជាបទល្មើសមួយហើយនៅពេលរត់គេចខ្លួនពីការទទួលខុសត្រូវ គឺជាបទល្មើសមួយទៀត ដែលត្រូវប្រឈមនឹងទោសទណ្ឌកាន់តែធ្ងន់ធ្ងរ។
លោកបញ្ជាក់ថា៖ «ពីព្រោះនៅពេលគាត់បើកបរបណ្ដាលឱ្យអ្នកដទៃស្លាប់ គាត់ជាមន្ត្រីរាជរដ្ឋាភិបាល គាត់គួរណាតែធ្វើការដោះស្រាយតាមផ្លូវច្បាប់ ហើយមិនគួរណារត់គេចខ្លួនបែបនេះទេ»៕