ភ្នំពេញៈ ក្រុម​ការងារ​ច្បាប់​របស់​រដ្ឋាភិបាល​កំពុង​ពិនិត្យ​លើ​នីតិវិធី និង​អនុសញ្ញា​អន្តរជាតិ​នានា​ពាក់ព័ន្ធ​នឹង​ច្បាប់ ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ឆ្លើយតប​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ចំនួន​ ១៤ មាត្រា ខណៈ​សំណើ​ទាំងនេះ​ក្រុម​ការងារ​ពិនិត្យ​ឃើញ​ថា មួយ​ចំនួន​មិន​សមហេតុផល​។

លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​ស្តីអំពី​ការដោះស្រាយ​សំណើ​ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ៣០ សីហា​ថា ការសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ ១៤ ​មាត្រា​របស់​សង្គម​ស៊ីវិល​នេះ​មាន​មាត្រា​មួយចំនួន​ពាក់ព័ន្ធ​នឹង​ក្រសួង​ស្ថាប័ន​ផ្សេងៗ​ដែល​ទាមទារ​ឱ្យ​មាន​ការផ្ដល់​យោបល់​បន្ថែម​។

លោក​ថ្លែងថា​៖ «​ឆ្លងកាត់​កិច្ចប្រជុំ​រួមជាមួយ​អន្តរក្រសួង​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ​ក្រុមការងារ​រដ្ឋាភិបាល​ត្រូវ​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​លើ​ច្បាប់​ជាតិ និង​អន្តរជាតិ​ដើម្បី​ដាក់​របាយការណ៍​ជូន​រដ្ឋាភិបាល​។ សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​មាន​ចំណុច​មួយចំនួន​មិន​សមហេតុផល​ទៅនឹង​បញ្ហា​ដែល​សង្គម​ស៊ីវិល​លើក​ឡើង​ជា​ទឡ្ហីករណ៍​»​។

លោក​ឱ្យដឹងថា បច្ចុប្បន្ន​គ្រប់​ក្រសួង ស្ថាប័ន បាន​ទទួល​សំណើ​របស់​សង្គម​ស៊ីវិល​ដែល​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ទាំង​ ១៤ ​មាត្រា​នោះ​ហើយ​។ ក្រសួង​ស្ថាប័ន​នីមួយៗ​ស្នើ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៅលើ​សំណើ​ទាំងនោះ ព្រោះ​មាត្រា​ដែល​ស្នើសុំ​កែ​នោះ​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​ក្រសួង​ស្ថាប័ន​ទាំងអស់ ដែល​បាននិង​កំពុង​អនុវត្ដ​កន្លងមក​។

លោក​ ប៊ុន ហុន ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ​ជា​ប្រធាន​ក្រុមការងារ​នេះ​ខ្ញុំ​បាន​ស្នើឱ្យ​ក្រសួង​ស្ថាប័ន​ដែលជា​សមាជិក​ក្រុមការងារ ពិនិត្យ​ស្រាវជ្រាវ​ឱ្យ​បាន​ល្អិតល្អន់ ដើម្បី​ជា​មូលដ្ឋាន​ដាក់​របាយការណ៍​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​»​។ លោក​ថា កិច្ចការងារ​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​មូលដ្ឋាន​ច្បាស់លាស់​។ បើ​ការធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយណា គឺ​ត្រូវ​ពិនិត្យ​លើ​ច្បាប់ បទដ្ឋាន​អន្តរជាតិ និង​អនុសញ្ញា​អន្តរជាតិ ថា​តើ​ចំណុច​ណាមួយ​ដែល​ចែង​ទើប​ត្រូវ​ធ្វើ​វិសោធនកម្ម​។

លោក​ថា​៖ «​កម្ពុជា​យើង​តែងតែ​ពង្រឹង​ទៅលើ​ការ​អនុវត្ដ​ច្បាប់រួម​ជាមួយ​នឹង​ការធានាបាន​នូវ​សុខ​សន្ដិភាព​របស់​បុគ្គល​។ ដូច្នេះ​យើង​ត្រូវ​ធានា​ឱ្យបាន​ច្បាស់លាស់​លើ​បញ្ហា​នេះ​។ ខ្ញុំ​ចង់​បញ្ជាក់ថា ក្រុមការងារ​មិនអាច​ចេះតែ​សម្រេច​ដោយ​គ្មាន​ហេតុផល ឬ​ក៏​លើក​របាយការណ៍​ជូនទៅ​រាជរដ្ឋាភិបាល​ដោយ​គ្មាន​ហេតុផល​នោះទេ គឺ​ត្រូវមាន​មូលដ្ឋាន​ជាក់លាក់​ថា អង្គការ​សង្គម​ស៊ីវិល​ស្នើសុំ​ធ្វើ​វិសោធនកម្ម​នោះ​មាន​មូលហេតុ​បែបណាខ្លះ​»​។

កាលពី​ថ្ងៃទី ៦ ខែ​កក្កដា ក្រុម​ការងារ​របស់​រាជរដ្ឋាភិបាល​បាន​បញ្ចប់​កិច្ចប្រជុំ​លើក​ចុងក្រោយ​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ ក្រោយពី​ប្រជុំ​ជាមួយ​គ្នា​ចំនួន​ ៦ ​លើក​ចាប់​តាំងពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ដល់​ថ្ងៃទី​ ៦ ខែកក្កដា ឆ្នាំ​ ២០២០​។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ សង្គម​ស៊ីវិល​បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ចំនួន​ ១៤ ​នៃ​ច្បាប់​ស្ដីពី​សមាគម​​ និង​អង្គការ​នេះ​។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ថ្លែងថា​៖ «​មាត្រា​ទាំង​ ១៤ ​ដែល​អង្គការ​សមាគម​បាន​លើក​ឡើង​ទៅ​ក្រុមការងារ​របស់​រដ្ឋាភិបាល​នាពេល​កន្លងមក​នោះ គឺ​វា​ប៉ះពាល់​នឹង​ជា​បន្ទុក​ធ្ងន់ធ្ងរ​ទៅដល់​លម្ហ​សិទ្ធិសេរីភាព​នៃ​ការបង្កើត​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏ដូចជា​ការអនុវត្ដ​សកម្មភាព​ និង​ប្រតិបត្ដិការ​ក្នុង​កិច្ចការងារ​លើកកម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ​ការគោរព​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​សង្គម​ជាដើម​»​។

លោក​ ចន្ទរឿន បន្តថា ដូច្នេះ​អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល​លើក​សំណើ​នេះ ដើម្បី​ជួយ​សម្រួល​កុំឱ្យ​ច្បាប់​នេះ​ក្លាយ​ទៅ​ជា​បន្ទុក​ដែល​ដាក់​សម្ពាធ​ទៅលើ​អង្គការ​សង្គមស៊ីវិល មិន​អាច​មាន​សិទ្ធិសេរីភាព គ្រប់គ្រាន់​ក្នុង​ការអនុវត្ដ​កិច្ចការងារ​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព​ប្រសិទ្ធផល​មាន​ស្វ័យភាព និង​ឯករាជភាព​របស់ខ្លួន​បាន​។

លោក​ ជិន ម៉ាលីន រដ្ឋលេខាធិការ​ក្រសួង​យុត្ដិធម៌ និង​ជា​សមាជិក​ក្រុមការងារ​អន្តរក្រសួង​ដែល​បាន​ប្រជុំពិភាក្សា​លើ​មាត្រា​ទាំង​ ១៤ ថ្លែងថា សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ គឺ​ផ្ដោត​ទៅ​លើ​ផលប្រយោជន៍ សេរីភាព សិទ្ធិ ឯករាជភាព និង​ស្វ័យភាព​របស់​ក្រុម​ខ្លួន​ជាធំ​។

លោក​ថ្លែងថា​៖ «​ប៉ុន្ដែ​ចំពោះ​ការទទួល​ខុសត្រូវ​គឺ​ពួកគាត់​មិន​ចង់​បានទេ​។ ពួកគាត់​ចង់​បាន​តែ​សិទ្ធិ​សេរីភាព ឯករាជភាព​។ ក្នុងនោះ​ពួកគាត់​ចង់​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ដ​ដោយ​គ្មាន​ការត្រួតពិនិត្យ​ និង​មិនមាន​ការទទួល​ខុសត្រូវ​អ្វី​ទាំងអស់​។ ក្នុង​នោះ​មានដូចជា តម្លាភាព​ផ្នែក​ហិរញ្ញវត្ថុ តម្លាភាព​ផ្នែក​សកម្មភាព​ដែល​ពួកគាត់​ត្រូវ​ធ្វើ​របាយការណ៍​ជូន​រដ្ឋាភិបាល ដោយ​សុំ​មិន​ធ្វើ​ការងារ​ទាំងនេះ​»៕