ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសអន្តរក្រសួងសម្រេចផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ដល់មន្ត្រីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន ៣៦១ រូប ដើម្បីអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្តីពីសំណង់ ក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
យោងប្រកាសអន្តរក្រសួងលេខ ០៥៤ កយ.ដនស.ប្រក/២១ ដែលចុះហត្ថលេខាដោយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឱ្យដឹងថា មន្ត្រីទាំង ៣៦១ រូបនោះមកពីអគ្គនាយកដ្ឋានសំណង់ នាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់ នាយកដ្ឋានសិក្សាគម្រោងប្លង់ នាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម សំណង់ នាយដ្ឋានស្រាវជ្រាវនីតិប្បញ្ញត្តិ នាយកដ្ឋាននគរូបនីយកម្ម នាយកដ្ឋានរៀបចំដែនដី អគ្គនាយកលំនៅឋាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី-ខេត្តទូទាំងប្រទេស។
ប្រការ ២ នៃប្រកាសអន្តរក្រសួងចែងថា មុននឹងបំពេញមុខងារ មន្ត្រីដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ដូចមានចែងក្នុងប្រការ ១ ខាងលើដែលមិនទាន់បានបំពេញនីតិវិធីស្បថត្រូវធ្វើសម្បថ នៅចំពោះមុខសាលាដំបូងស្របតាមបញ្ញត្តិមាត្រា ៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ប្រការ ៣ ចែងថា មន្ត្រីដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ដូចមានកំណត់ក្នុងមាត្រា ១ ខាងលើមានសមត្ថកិច្ចដែនដីនៅលើវិសាលភាពនៃមណ្ឌលរដ្ឋបាលដែលមន្ត្រីនោះត្រូវបានចាត់តាំងឱ្យទៅបម្រើការងារ ហើយត្រូវអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្តីពីសំណង់ ក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញាត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូនីយកម្ម និងសំណង់មិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយបានទេកាលពីម្សិលមិញ ដោយទូរស័ព្ទលោកមិនមានអ្នកទទួល។
ទោះជាយ៉ាងណាលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុតិ្តធម៌ថ្លែងពីម្សិលមិញថាការប្រកាសអន្តរក្រសួងនេះគឺយោងតាមច្បាប់ដែលបានកំណត់ ដែលបានចែងថា អ្នកដែលអាចទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានលុះត្រាតែជាមន្ត្រីនគរបាលយុត្តិធម៌។ «អ៊ីចឹងស្ថាប័នជំនាញដែលត្រូវបង្ក្រាបបទល្មើសព្រហ្មទណ្ឌពិសេសនៅក្នុងវិស័យរបស់ខ្លួនត្រូវតែស្នើសុំនីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ពីក្រសួងយុត្តិធម៌»។
បើតាមលោក ជិន ម៉ាលីន ក្រសួងយុត្តិធម៌ កន្លងមកបានផ្តល់ជូនដល់មន្ត្រីអង្គភាពមួយចំនួនដែលត្រូវមានសមត្ថកិច្ចបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ពិសេសនៅក្នុងវិស័យរបស់ខ្លួនរួមមានក្រសួងសុខាភិបាល ក្រសួងការងារបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល និងនេសាទ និងវិស័យជំនាញផ្សេងៗក៏មានដែរ។
មកទល់ពេលនេះតាមច្បាប់ស្តីពីវិស័យសំណង់មន្ត្រីមួយចំនួននៅក្នុងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក៏ត្រូវមាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌពិសេសនៅក្នុងវិស័យសំណង់។
លោក ជិន ម៉ាលីន បញ្ជាក់ថា មន្ត្រីដែលទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌នេះតម្រូវឱ្យមានការចូលស្បថទៅតាមនីតិវិធីដោយច្បាប់ ដើម្បីបង្ហាញនូវឆន្ទៈនៃការគោរព និងអនុវត្តទៅតាមបទប្បញ្ញត្តិច្បាប់ដែលមាន និងតម្កល់ផលប្រយោជន៍ជាតិ សន្តិសុខសង្គម និងសាធារណៈជាធំនៅក្នុងវិស័យរបស់ខ្លួន។
លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានសម្តែងការគាំទ្រចំពោះរាជរដ្ឋាភិបាលជាពិសេសក្រសួងពាក់ព័ន្ធដែលបានចេញប្រកាសអន្តរក្រសួងក្នុងការរឹតបន្តឹងនូវការត្រួតពិនិត្យលើបទដ្ឋាន និងលក្ខណៈបច្ចេកទេសចំពោះការសាងសង់សំណង់ និងគុណភាពសំណង់នៅក្នុងប្រទេស។
លោក ឃាង ពុទ្ធី ថ្លែងថា កន្លងមកនេះមានបាតុភាពមិនល្អមួយចំនួនពាក់ព័ន្ធការរលំបាក់អគារនៅក្នុងក្រុងព្រះសីហនុ និងក្រុងកែប ហើយនេះគឺការល្អមួយរបស់រដ្ឋាភិបាលតាមរយៈអន្តរក្រសួងក្នុងការរឹតបន្តឹង ដែលវានឹងធ្វើឱ្យគុណភាពអគារសំណង់ផ្សេងៗនៅទូទាំងប្រទេសមានគុណភាព និងកាន់តែមានគុណភាពព្រមទាំងកាន់តែមានទំនុកចិត្តខ្ពស់។
លោកបានថ្លែងថា៖ «នៅពេលខាងមុខ វាកាន់តែមានអគារខ្ពស់ៗកាន់តែច្រើន ដែលទាមទារឱ្យមានការត្រួតពិនិត្យឱ្យបានដិតដល់ ហើយនឹងដាក់ទោសទណ្ឌដល់បុគ្គលទាំងឡាយណាដែលប្រព្រឹត្តផ្ទុយទៅនឹងច្បាប់ ឬអ្នកអភិវឌ្ឍន៍មួយចំនួនលួចកេងចំណេញដែលធ្វើឱ្យគុណភាពសំណង់មិនល្អ និងមិនប្រើប្រាស់បានយូរអង្វែង»។
ច្បាប់ស្តីពីសំណង់ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១១៩/១៩ ចុះថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្នុងគោលបំណងកំណត់គោលការណ៍ បទបញ្ជាបច្ចេកទេសសាងសង់វិធានការ នីតិវិធីសម្រាប់ការគ្រប់គ្រងវិស័យសំណង់នៅកម្ពុជា។ អាជ្ញាធរមានសមត្ថកិច្ចដែលជាអ្នកគ្រប់គ្រងវិស័យសំណង់នៅកម្ពុជា គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)៕