ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថា លោកស្រីរំពឹងថា ក្នុងរយៈពេល ២ សប្តាហ៍នេះ បើប្រជាពលរដ្ឋទាំងអស់ចូលរួមការពារ និងបង្ហាញពីភាពស្មោះត្រង់នោះ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នឹងអាចឈានដល់បិទបញ្ចប់បាន។
លោកស្រីបានថ្លែងដូចនេះក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃចន្ទ ទី ១៥ ខែ មីនា ឆ្នាំ ២០២១ នេះ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា៖ «ក្នុងរយៈពេល ២ សប្តាហ៍នេះ បើបងប្អូនអនុវត្តឱ្យបានហ្មត់ចត់ កុំចល័ត កុំចេញពីផ្ទះ និងត្រូវមានភាពស្មោះត្រង់ នោះខ្ញុំរំពឹងថា ករណីឆ្លងនឹងថយចុះ ហើយយើងអាចនឹងឈានដល់ការបិទបញ្ចប់នូវការចម្លងក្នុងព្រឹត្តិការណ៍សហគមន៍»។
អ្នកនាំពាក្យរូបនេះបានបន្តថា បើបុគ្គលដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍នេះ មិនមានភាពស្មោះត្រង់ នោះវានឹងបង្កឱ្យមានហានិភ័យដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន ក៏បានបង្ហើបឱ្យដឹងដែរថា ក្រសួងសុខាភិបាលអាចនឹងបង្ហាញនូវអត្តសញ្ញាណរបស់បុគ្គលនោះ ប្រសិនបើអ្នកនោះមិនបានសហការ និងបង្ហាញពីភាពស្មោះត្រង់៕