បាត់ដំបងៈ ព្រះសង្ឃ​ ១ ​អង្គ​គង់នៅ​វត្ត​កណ្តាល​ស្ថិត​ក្នុង​ភូមិ​រំចេក​ ៤ ​សង្កាត់​រតនៈ ក្រុង​បាត់ដំបង​បាន​ធ្វើ​អត្តឃាត​ដោយ​ដុត​សម្លាប់​ខ្លួនឯង​កាលពី​វេលា​ម៉ោង​ ១១ និង​ ៣០ ​នាទី​ថ្ងៃត្រង់​ ថ្ងៃទី​ ២១ ខែ​កញ្ញា ដោយ​មន្ត្រី​នគរបាល​សង្ស័យ​ថា អាច​បណ្តាល​មកពី​ព្រះសង្ឃ​អង្គ​នេះ​មាន​វិបត្តិ​ផ្លូវចិត្ត គឺ​មិនមាន​ពាក់ព័ន្ធ​នឹង​រឿង​អ្វី​ផ្សេង​នោះទេ​។

លោក ឆាង វ៉ាន់ឆៃ អធិការ​ក្រុង​បាត់ដំបង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​ករណី​រឿង​ហ្នឹង យើង​បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​សង្កេត​ឃើញ​ថា ពិតជា​គាត់​បានធ្វើ​អត្តឃាត​ដោយ​ខ្លួន​គាត់​ពិតប្រាកដ​មែន​»​។ លោក វ៉ាន់ឆៃ បាន​ជំរុញ​ឱ្យ​សួរ​បញ្ហា​នេះ​ទៅ​មន្ត្រី​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង ដែល​បាន​ចូលរួម​ពិនិត្យ​ក្នុងករណី​ធ្វើអត្តឃាត​នេះ​។

លោក​បញ្ជាក់ថា​៖ «​សូម​សួរ​បញ្ជាក់បន្ថែម​ទៅ​ការិយាល័យ​បច្ចេកទេស​ខេត្ត​ទើប​ច្បាស់លាស់ ព្រោះ​ខ្ញុំ​ជា​អធិការ​ក្រុង​ទេ អ៊ីចឹង​ការឆ្លើយ​របស់​ខ្ញុំ​មាន​កម្រិត ប៉ុន្តែ​ឯកទេស​ខេត្ត​ជំនាញ​ខ្លាំង​ជាង​ក្រុង តែ​យ៉ាងណា​ការសន្និដ្ឋាន​គឺ​បែប​ហ្នឹងហើយ​»​។

ប្រធាន​ការិយាល័យ​បច្ចេកទេស និង​កោសល្យវិច័យ ខេត្ត​បាត់ដំបង លោក ជាម ជម្ពូរ័ត្ន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ករណី​ព្រះសង្ឃ​ធ្វើ​អត្តឃាត​ខ្លួនឯង​នេះ ដោយ​មើល​ទៅលើ​អង្គហេតុ អាច​សន្និដ្ឋាន​ថា ព្រះសង្ឃ​អង្គ​នេះ​សុគត​ដោយ​ធ្វើ​អត្តឃាត​ដោយ​ដុត​សម្លាប់​ខ្លួនឯង​។

លោក​បាន​ថ្លែងថា​៖ «​យើង​មើល​លើ​អង្គហេតុ​ទៅ​ឃើញ​ថា ចង្ក្រាន​ដែល​ត​ខ្សែភ្លើង​ហ្នឹង ត​ចូល​ទៅ​កន្លែង​ក្រោម​គ្រែ ដោយ​ចង្ក្រាន​ដាំទឹក​អគ្គិសនី ហើយ​មិនមែន​ជា​ការដាំទឹក​យូរៗ​ទៅ​វា​ឡើង​កម្តៅ​បណ្តាលឱ្យ​ឆេះ​ក្រដាស និង​ស្បង់ជីវរ​ដែល​គរ​រៀបចំ​ទុកជា​ស្រេច​នោះទេ គឺ​ជនរងគ្រោះ​បាន​យក​ស្បង់​ជីវរ​ចង​ខ្លួន ចងភ្ជាប់​ទៅ​នឹង​គ្រែ​ (​ហើយ​ដុត​ឱ្យ​ឆេះ​)»​។

បើ​តាម​លោក ជម្ពូរ័ត្ន ដែល​បាន​សួរ​ព័ត៌មាន​ពី​ព្រះសង្ឃ​នៅ​ខេត្ត​សៀមរាប ដែល​ត្រូវជា​បងបង្កើត​របស់​ព្រះសង្ឃ​រងគ្រោះ​ឱ្យដឹងថា កាលពី​មុន​បុណ្យ​ភ្ជុំ ព្រះសង្ឃ​រងគ្រោះ​តែង​ត្អូញត្អែរ​ពី​ការលំបាក​ចិត្ត​មិន​ចង់​រស់នៅ​បន្តទៀត​ប្រាប់​ទៅ​បងប្រុស​របស់​ខ្លួន​ជា​ហូរហែ​តាម​ទូរស័ព្ទ ហើយ​បង​ក៏​បាន​ធ្វើការ​អប់រំ​ណែនាំ​ប្អូន​កុំឱ្យ​ពិបាកចិត្ត ជាពិសេស​កុំ​គិត​ខ្លី​រកតែ​សម្លាប់ខ្លួន​។

យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ឱ្យដឹងថា លោកសង្ឃ​ធ្វើ​អត្តឃាត​ខ្លួន​បណ្តាល​ឱ្យស្លាប់​នៅក្នុង​កុដិ​លេខ​ ២ ជាន់​ទី​ ២ ​ឈ្មោះ​ ហ៊ាត ហាក់ ព្រះជន្ម​ ២១ ​ឆ្នាំ​មកពី​ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប តែ​លោក​ទៅ​គង់​កាន់បិណ្ឌ​នៅ​វត្ត​កណ្តាល ដែល​គិត​មក​ដល់​ពេល​ព្រះអង្គ​ធ្វើអត្តឃាត​នោះ​មាន​រយៈពេល​ ៥ ​ខែ​ហើយ​។

បើ​តាម​ព្រះគ្រូ​ចៅអធិកា​វត្ត​កណ្តាល​ព្រះនាម កែវ សំពង់ ដែល​បាន​ទៅ​ទាន់​ហេតុការណ៍​នោះ​ឱ្យដឹងថា នៅពេល​កើតហេតុ​ព្រះអង្គ​បានឃើញ​ផ្សែងហុយ​យ៉ាងខ្លាំង​ចេញពី​ក្នុង​បន្ទប់​ព្រះសង្ឃ​រងគ្រោះ ហើយ​ព្រះអង្គ​ក៏​ឡើងទៅ​បើកទ្វារ​មើល ប៉ុន្តែ​បន្ទប់​នោះ​បាន​ដាក់​គន្លឹះ​ខាងក្នុង ហើយ​ឃើញ​បែប​នោះ​ព្រះអង្គ​ក៏​ស្រែក​ហៅ​គ្នា​មកជួយ​គាស់​ទ្វារ​ដើម្បី​ចូល​ពន្លត់ភ្លើង​។ «​អាត្មា​ជាមួយ​សាមណេរ​ ១ ​អង្គ​ទៀត​នាម​ ហេង ហ៊ីនវ៉ា នៅពេល​ឃើញ​ផ្សែងភ្លើង​បាន​ហុយ​យ៉ាងខ្លាំង​ចេញ​ពី​ក្នុង​បន្ទប់ ដោយ​បន្ទប់​នោះ​បាន​ដាក់​គន្លឹះ​ពី​ខាងក្នុង អាត្មា​ស្រែក​ហៅ​គ្នា​មក​ជួយ​ពន្លត់ភ្លើង​។ យើង​នាំគ្នា​ទាញ​ទ្វារ បើក​ចូល​ទៅ​ក៏​ឃើញ​លោក​ត្រូវ​បាន​ភ្លើង​ឆេះ​ពេញ​បន្ទប់ និង​ពេញ​ខ្លួនប្រាណ​អស់​។ ពេល​ភ្លើង​កំពុង​ឆេះ អាត្មា​បាន​ឮ​សំឡេង​សូត្រធម៌​ថា ពុទ្ធំ សរណំ គច្ឆាមិ​។ យើង​នាំគ្នា​យក​ទឹក​ចាក់​ពន្លត់ភ្លើង​អស់​ទៅ​ហើយ លោក​ក៏​ផុតដង្ហើម​នៅ​ម៉ោង​ ១២ និង ១៥ ​នាទី អាត្មាភាព​បាន​ខល​ទៅ​ឱ្យ​សមត្ថកិច្ច​មក​ពិនិត្យ​»៕

វីដេអូ៖