ភ្នំពេញៈ ប្រជាពលរដ្ឋចំនួន ៣៣ គ្រួសារដែលមានតំណាងប្រមាណ ៤០ នាក់កាលពីថ្ងៃទី ២៧ កក្កដា បានប្រមូលផ្តុំគ្នានៅមុខខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដាក់ញត្តិសុំអន្តរាគមន៍ឲ្យជួយដោះស្រាយបញ្ហាដីធ្លី ដែលពលរដ្ឋបានរស់នៅជាង ១៦ ឆ្នាំមកហើយ បែរជាមានអ្នកមានទ្រព្យធនម្នាក់ឈ្មោះ សុខ ហេង មកអះអាងថាជាដីរបស់ខ្លួន និងបណ្តេញពលរដ្ឋចេញពីលើដី។
តាមញត្តិពលរដ្ឋដែលបានដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថាកាលពីឆ្នាំ ២០០៤ មានពលរដ្ឋចំនួន ៣៣៩ គ្រួសារបានផ្លាស់ប្តូរមកពីភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌឫស្សីកែវ ដោយមានការសម្របសម្រួលដោះស្រាយពីអាជ្ញាធរមករស់នៅលើទីតាំងថ្មីស្ថិតក្នុងភូមិស្វាយចេកថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ញត្តិដដែលបានបន្តថា ដោយក្នុងពេលនោះតាមរយៈគោលនយោបាយរបស់សាលារាជធានីភ្នំពេញបានដោះស្រាយចែកជូនពលរដ្ឋបានតែ ២៣៧ គ្រួសារ ឯពលរដ្ឋនៅសេសសល់ សាលារាជធានី-ភ្នំពេញបានសន្យាថា នឹងដោះស្រាយជូនបន្តទៀត ហើយរហូតដល់ពេលបច្ចុប្បន្ន នៅតែមិនមានដំណោះស្រាយ។
ញត្តិនោះបញ្ជាក់ថា៖ «ដីដែលប្រជាពលរដ្ឋកំពុងរស់នៅដែលមានទំហំ ១ ៦០០ ម៉ែត្រការ៉េ គឺជាដីរបស់សាលារាជធានីភ្នំពេញទុកសម្រាប់ចែកជូនសហគមន៍ស្វាយចេកថ្មីចុះថ្ងៃទី ២១ កញ្ញា ឆ្នាំ ២០០៤ មានឯកសារទទួលស្គាល់។ តែមួយរយៈក្រោយមក ស្រាប់តែមានបុគ្គលឈ្មោះ សុខ ហេង ចេញមុខមកធ្វើការទាមទារ ដោយអះអាងថា ដីដែលពលរដ្ឋ ៣៣ គ្រួសារកំពុងរស់នៅជាកម្មសិទ្ធិរបស់ខ្លួនទៅវិញ»។
លោក ខៀវ ផល្លី តំណាងឲ្យប្រជាពលរដ្ឋ ៣៣ គ្រួសារ និងជាប្រធានសហគមន៍ស្វាយចេកថ្មីផងនោះ ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ពលរដ្ឋទាំង ៣៣ គ្រួសារបានរស់នៅលើដីនេះរយៈពេល ១៦ ឆ្នាំមកហើយ។ លោកបន្តថា ករណីដែលបុគ្គលឈ្មោះ សុខ ហេង បានអះអាង និងថែមទាំងបានដាក់ពាក្យបណ្តឹងទៅតុលាការបណ្តេញពលរដ្ឋចេញពីលើដីគឺរឿងអយុត្តិធម៌បំផុត។
លោកបញ្ជាក់ថា៖ «យើងមកដាក់ញត្តិនៅខុទ្ទកាល័យសម្តេច [ហ៊ុន សែន] នៅពេលនេះព្រោះតែគ្មានដំណោះស្រាយ ហើយយើងបារម្ភថា តុលាការនឹងរឹបអូសផ្ទះសម្បែង និងចាប់ពួកយើងដាក់គុកតាមពាក្យបណ្តឹងរបស់ឈ្មោះ សុខ ហេង នេះ។ យើងសុំឲ្យសម្តេចជួយរកយុត្តិធម៌ដល់ពួកយើង»។
បើតាមលោក ខៀវ ផល្លី ក្រោយពេលដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មន្ត្រីនៃស្ថាប័ននេះក៏បានបញ្ជាឲ្យសាលាខណ្ឌ និងសាលារាជធានី-ភ្នំពេញដោះស្រាយជូនពលរដ្ឋនៅនឹងមូលដ្ឋាន។
លោករៀបរាប់ថា៖ «ពេលយើងដាក់ញត្តិហើយ មន្ត្រីខណ្ឌព្រែកព្នៅបានដឹកពួកយើង មកខណ្ឌដើម្បីសម្របសម្រួល ដោយក្នុងនោះមន្ត្រីខណ្ឌបានអះអាងថា ដីដែលយើងបានរស់នៅគឺជាដីរបស់រដ្ឋ។ ដូច្នេះគ្មានអ្នកណាមានសិទ្ធិ កាន់កាប់ទេ ហើយចំពោះឯកសារ ដែលឈ្មោះ សុខ ហេង កាន់កាប់ក៏មិនត្រឹមត្រូវដែរ។ ដូច្នេះករណីនេះរង់ចាំការដោះស្រាយពីសាលារាជធានីភ្នំពេញ»។
លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅកាលពីថ្ងៃចន្ទ មិនបានបកស្រាយពីករណីនេះទេ ដោយបញ្ជាក់ថា ជារឿងចាស់។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស (អាដហុក)មិនអាចធ្វើការសន្និដ្ឋានថាភាគីណាត្រូវ ឬខុសនោះទេព្រោះគ្មានពាក្យបណ្តឹងពីប្រជាពលរដ្ឋ។ ប៉ុន្តែលោកលើកទឹកចិត្តឲ្យអាជ្ញាធរមានសមត្ថកិច្ច គួរតែបើកការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ និងផ្តល់ដំណោះស្រាយសមរម្យជូនដល់ប្រជាពលរដ្ឋ។
លោកថា៖ «ជាធម្មតាចំពោះការដាក់ទៅប្រមុខរដ្ឋាភិបាលនៃថ្នាក់ដឹកនាំរដ្ឋនេះ នៅពេលដែលគាត់ជួបរឿងអយុត្តិធម៌ពីថ្នាក់ក្រោម ឬស្ថាប័នផ្សេងៗដែលមិនអាចដោះស្រាយទុក្ខកង្វល់របស់គាត់បាន។ ការដាក់ប្តឹងទៅតុលាការតែងឃើញអ្នកមានលុយ មានអំណាច ដោយការដាក់សម្ពាធមកលើប្រជាពលរដ្ឋនៅក្នុងនីតិវិធីតុលាការ។ បើករណីនេះពលរដ្ឋដាក់បណ្តឹងទៅថ្នាក់ជាតិហើយ គួរតែចុះធ្វើការស៊ើបអង្កេតឲ្យបានល្អិតល្អន់នៅក្នុងរឿងនេះ ហើយបើយល់ថា ដីក្នុងតំបន់នោះអាចផ្តល់ជូនប្រជាពលរដ្ឋក្នុងការអាស្រ័យផលនោះ គួរតែពិចារណា ព្រោះពលរដ្ឋពួកគាត់មានការលំបាកណាស់»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ពីម្សិលមិញខ្លីថាសាលារាជធានីនឹងពិនិត្យករណីនេះ៕