ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នៃអគ្គនាយក​ដ្ឋាន​ពន្ធនាគារ ​លោក​ នុត សវនា ​បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​សា​ធា​រណជន​ និង​លោក​ ពេជ្រ ​ស្រស់ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ​និងជា​សមា​ជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោ​បល់ ​ដែល​មិន​ទុកចិត្ដ​សមត្ថកិច្ច​ចំពោះ​ការ​អនុវត្ដ​សាលដីកា​ឃុំ​ខ្លួន​បណ្តោះអាសន្ន ​កញ្ញា ​យិន ឃុនម៉ី ​ហៅ​ ម៉ាណា ​ដែល​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ ថា​មាន​ការ​ដោះដូរ។

លោក ​នុត សវនា ​ដែលជា​អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ បាន​ថ្លែង​សារ​សោកស្ដាយ​បែបនេះ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា ​ការគិត​មិន​ល្អ ចំពោះ​អង្គ​ភាព​​អគ្គ​នា​យក​ដ្ឋាន​ពន្ធ​នាគារ​ ព្រោះ​តែ​ព័ត៌មាន​មិន​ពិត ប្រភព​មិន​ច្បាស់​លាស់​បែប​នេះ ​គឺ​ជាការ​មិន​ត្រឹម​ត្រូវ និង​មិន​ផ្ដល់​សេច​ក្ដី​ទុក​ចិត្ដ​ដល់​អង្គភាព​របស់​លោក ។

លោក​បន្ដថា​៖ «ជារឿង​អកុសល​​ដែរ ដែល​គាត់​គិត​មិន​ល្អ​ពី​អង្គភាព​​យើង​ខ្ញុំ។ ម្នាក់ៗ​ចេះ​តែ​ចោល​​ពាក្យ​ចចាម​អារ៉ាម ចេះ​តែ​លើក​ឡើង​អ៊ីចេះ​អ៊ីចុះតាម​អារម្មណ៍​របស់​ខ្លួនហើយ​នាំ​គ្នា​ទៅ​ឈូឆរ ​អត់​ទុក​ចិត្ដ​សមត្ថកិច្ច​តើ​វា​យ៉ា​ងម៉េច?»។

លោក​បន្ថែមថា​៖​ «អ្នក​ណា​គេ​ទៅលែង​ឆៅៗ​យ៉ាងម៉េច​ តុលាការ​បញ្ជា​ឲ្យ​ឃុំ ​អាហ្នឹង​គេ​ឃុំ​ហើយ​។ គេ​អនុវត្ដ​តាម​សាល​ដីកា ​តាម​បញ្ជា​ពី​តុលាការ​មក​ហើយ​។ ដល់តែ​អ៊ីចឹង​ ខ្ញុំ​មិន​ដឹង​និយាយ​យ៉ាងម៉េច​ដែរ។ ប្រហែល​ជា​គាត់​ចង់​យក​ប្រជាប្រិយ​ភាព​ខ្លួន​ឯង​ទេអី? ​ព្រោះ​តែ​ឃើញ​ព្រឹត្ដិការណ៍​នេះ ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ពី​សាធា​រណ​ជន។ យើង​ខ្ញុំ​ខំ​បំភ្លឺ​ហើយ​ថា ​មិន​មាន​អី​កើត​ឡើង​ដូច​ពាក្យ​ចចាម​អារ៉ាម​មួយ​ចំនួន​នោះ​ទេ»។

ទាក់ទង​ចំពោះ​ការ​ចុះ​ទៅ​ពិនិត្យ​ស្ថាន​ភាព​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​របស់​លោក ពេជ្រ​ ស្រស់ នេះ​ លោក នុត ​សវនា ​ថ្លែង​ថា ​ក្នុង​នាម​មន្រ្ដី​សាធារណៈ​ មិន​គួរ​ទៅ​ទុកចិត្ដ ​ជឿ​លើ​ពាក្យ​ចចាមអារ៉ាម​ដែលប្រភព​មិន​ច្បាស់​លាស់ ​ហើយ​បែរ​ជាមិន​ទុក​ចិត្ដ​សមត្ថកិច្ច​បែប​នេះ​ទេ។

លោក​បញ្ជាក់ថា​៖ «សាធារណជន ​កុំ​ចេះ​តែ​ចាញ់​បោក​ពាក្យ​ចចាម​អារ៉ាម ​ប្រភព​មិន​ច្បាស់លាស់​ ម្នាក់ៗ​ចេះ​តែ​ជឿ។ យើង​បក​ស្រាយ​មាន​ហេតុ​មាន​ផល​គាត់​មិន​ស្ដាប់។ ខ្ញុំ​អស់​តម្រិះ​ដែរ​ដល់​ពេល​អ៊ីចឹង។​ យើង​អនុញ្ញាត ​ទៅ​ឲ្យ​ថត​រូប​ជន​ត្រូវ​ចោទ ​នៅ​ក្នុង​ពន្ធនាគារ​យក​ទៅ​បង្ហាញ​សាធារណជន​យ៉ាងម៉េច។ យក​មុខ​យក​មាត់​គ្នា ​អនាគត​គ្នា​ទៅ​ជា​យ៉ាងម៉េច​ដែរ​ បើគ្នា​មិន​ទាន់​កាត់ទោស​ផង​។ ម្នាក់​ៗអត់​គិត​ច្បាប់​ទេអី? ខ្ញុំ​អត់​យល់​ទេ ​ដល់​ពេល​ធ្វើ​អ៊ីចឹង​ពេក​ទៅ»។

លោក​បញ្ជាក់ថា​៖ «​មូល​ហេតុ​ដែល​យើង​មិន​ឆ្លើយតប​អារឿង​ពាក្យ​ចចាម​អារ៉ាម​ តាមរយៈ​ការប្រកាស​រូប​ភាព​ ដោយសារ​យើង​ត្រូវ​គោរព​សិទ្ធិ ​និង​សេច​ក្ដី​ថ្លៃ​ថ្នូរ​របស់​ជន​ត្រូវចោទ​ ដែល​មិន​ទាន់​ត្រូវ​បាន​តុលាការ​កាត់​ទោស។ វាស្ថិត​នៅ​ក្នុង​ដំណាក់​កាល ​អនុវត្ដ​នីតិវិធី ​ស្រាវ​ជ្រាវ​នីតិ​វិធី​តុលាការ​នៅឡើយ​ទេ​។ ការ​ឃុំ​នេះ​ជាការ​ឃុំ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ»។​

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​លោក​ប៊ុន ធី ​ចៅ​ក្រម​ស៊ើប​សួរ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ ចុះថ្ងៃ​ទី ២៩ ខែ ​មីនា​ ឆ្នាំ ២០១៩ សម្រេច​ឲ្យឃុំ​ខ្លួន​កញ្ញា ​យិន ឃុនម៉ី ​ហៅ ម៉ាណា ​អាយុ​ ១៦​ ឆ្នាំ ​ស្នាក់​នៅ​ភូមិ ១ ​សង្កាត់​បឹង​កេងកង​​ទី ១ ​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ ​នៅពន្ធនាគារ​រាជធានី​ភ្នំពេញ ​(PJ) ដែលត្រូវ​បាន​ចោទប្រកាន់​ពីបទ ​«បើកបរ​ធ្វេសប្រហែស ​ខ្ជីខ្ជា ​មិន​ប្រុង​ប្រយ័ត្ន​ បណ្ដាល​ឲ្យស្លាប់​អ្នក​ដទៃ» តាម​មាត្រា​ ៨៥ ​កថា​ខណ្ឌ​ទី១ ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក។

លោក​ ពេជ្រ ស្រស់ ​ ដែល​បាន​ទៅ​ពិនិត្យ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) កាល​ពី​ម្សិល​មិញ ​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា ​ក្រោយពីទៅ​ដល់​ពន្ធនាគារ ​លោក​ពិតជាបាន​ឃើញ​ជន​ត្រូវ​ចោទ​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​មែន ​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មាន​ជំងឺ​ថែមទៀត​ ដោយស្ថាន​ភាព​សុខភាព​មាន​ការ​ធ្លាក់​ចុះ។

លោក​និយាយថា​៖ «ប្រជាពល​រដ្ឋ​គាត់​ឃើញ​រូបភាព​មួយ​ផ្សេង ហើយ​ខ្ញុំ​ចង់​ដឹង​ការ​ពិត​ដែរ ទើប​ខ្ញុំ​ចុះទៅ​ដល់ គឺ​ពិត​ជា​បាន​ឃើញ​ ជន​ត្រូវ​ចោទ ​យិន ម៉ាណា ​ស្ថិត​នៅ​ពន្ធ​នាគារ PJ ពិត​ប្រាកដ​។ ខ្ញុំ​បាន​សួរ​នាំ​គាត់ ​សោក​ស្ដាយ​ចំពោះ​គាត់។ សមត្ថកិច្ច​ពិតជា​បាន​អនុវត្ដ​ច្បាប់​ត្រឹម​ត្រូវ​តាម​អំណាច​ ដីកា​របស់​ចៅក្រុម​ស៊ើប​សួរ​ពិត​ប្រាកដ​មែន»។

លោក​បន្ដថា​៖ «គាត់​ធ្លាប់​នៅ​ស្រួល គេង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ ​ពេល​នៅ​ក្នុង​ពន្ធនាគារ​នេះ​ ត្រូវ​គេងត្រឹម​កង្ហារ​ ហើយមាន​គ្នា​ច្រើន​នៅ​ក្នុង​ពន្ធនាគារ​ទៀត ​អ៊ីចឹង​សុខភាព​គាត់​រាង​ធ្លាក់។ ឃើញ​គាត់ ​(បិទ) ​បង់​ក្បាល​ ឈឺ​ក្ដៅ​ខ្លួន។ ប្រធាន​ពន្ធនាគារ​ក៏​បាន​ប្រាប់​ថា​ គាត់​ឈឺ​ដែរ​ ព្រោះ​គាត់​ផ្លាស់​ប្ដូរ​បរិយាកាស​លឿន​ពេក​។ ខ្ញុំ​ក៏បាន​នាំគាត់ ឲ្យ​គាត់​មាន​ការ​លត់​ដំចិត្ដ​ កុំ​ឲ្យ​មាន​ការ​ធ្វេស​ប្រហែស​អ៊ីចឹង​ទៀត»។

គួរ​រំឭថាកាលពី​ថ្ងៃទី​ ២៦ ​ខែ មីនា មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៏​នៅ​លើ​ចំណុច​ផ្លូវ​លេខ ៥២៨ ​ប្រសព្វផ្លូវ​លេខ​ ៣១៧ ​​ក្នុង​សង្កាត់​បឹងកក់​ ១ ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ។ ករណី​នេះ​ ត្រូវគេដឹងថា​បង្ក​ឡើង​ដោយ​អ្នក​​បើកបរ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Range Rover ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AF-7777 ​ឈ្មោះ​ យិន ឃុនម៉ី ​ហៅ​ ម៉ាណា ​បានបុក​ម៉ូតូ​ ១ ​គ្រឿង​បើកបរ​​ដោយ​កញ្ញា​ឌុំ រីដា​ និស្សិត​ស្រី​​ឆ្នើម​ម្នាក់​នៅ​សាកល​វិទ្យា​ល័យ​ ផារ៉ាហ្គន ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម៕