ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលថ្លែងថា លេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (អសប) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទទួលស្គាល់ការរីកចម្រើនរបស់កម្ពុជា ហើយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានកិច្ចសន្ទនាជាមួយក្រុមការងារអង្គការសហប្រជាជាតិនៅថ្ងៃទី ៦ ខែ ឧសភា ខាងមុខ។
លោកស្រី អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) លេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់ អ.ស.ប ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា UNESCAP បានធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃម្សិលមិញ ដោយបានទទួលស្គាល់ការរីកចម្រើនក្នុងវិស័យនានានៅកម្ពុជា។ លោកស្រីថ្លែងដូច្នេះ ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពពីម្សិលមិញ។
លោក អ៊ាង សុផល្លែត ជំនួយការលោក ហ៊ុន សែន បានប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយបញ្ចប់ជំនួបកាលពីម្សិលមិញថា៖ «លោកជំទាវ អាមីដា បានគោរពជម្រាបជូន សម្ដេចតេជោ ថា UNESCAP ទទួលស្គាល់នូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា។ លោកជំទាវបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ព្រះរាជាណាចក្រកម្ពុជា គឺមានសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពពេញលេញ។ ជាងនេះទៅទៀតកម្ពុជាក៏បានទទួលនូវការអភិវឌ្ឍនៅលើវិស័យយ៉ាងច្រើន»។
លោកថ្លែងថា៖ «លោកជំទាវ ក៏បានសម្ដែងការថ្លែងអំណរគុណជូនសម្ដេចតេជោផងដែរ ដែលបានបង្កើតគណៈកម្មការជាតិសម្រាប់ UNESCAP។ គណៈកម្មការនេះបានកើតឡើងតាំងពីឆ្នាំ ២០០៨ ហើយបានសម្របសម្រួល និងបានជំរុញការងារយ៉ាងជិតស្និទ្ធ យ៉ាងស្អិតល្មួត រវាងអង្គការ UNESCAP និងរាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបានជម្រាបថា UNESCAP មានបំណង ពេញចិត្តនឹងបន្តសហការជាមួយកម្ពុជាទៀតទាំងទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីធ្វើយ៉ាងណារួមគ្នាជំរុញគោលដៅអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ»។
លោកសុផល្លែត បន្តថា លោក ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់លោកស្រី Armida និងបានប្រាប់ទៅលោកស្រីវិញថា មិនមានប្រទេសច្រើនទេដែលបង្កើតគណៈកម្មការជាតិសម្រាប់ធ្វើការសម្របសម្រួលជាមួយនឹង UNESCAP។
ប៉ុន្តែមិនត្រឹមតែ UNESCAP ទេកម្ពុជាក៏បានសហការយ៉ាងល្អជាមួយនឹងភ្នាក់ងារ UN ទាំងអស់នៅកម្ពុជា។ លោកបន្តថា កម្ពុជាតែងរៀបចំកិច្ចប្រជុំរវាងភ្នាក់ងារ UN ទាំងអស់ ជាមួយនឹងនាយករដ្ឋមន្ត្រីជារៀងរាល់ឆ្នាំ ហើយកិច្ចប្រជុំនោះត្រូវបានលើកកម្ពស់ដូចជាវេទិកាតែម្ដង។ ជំនួបរវាងភ្នាក់ងារអង្គការសហប្រជាជាតិ និងលោកហ៊ុន សែន គឺធ្វើយ៉ាងណា សហការ និងជំរុញនូវប្រសិទ្ធភាពការងារ ឲ្យកាន់តែល្អប្រសើរថែមទៀត។
បន្ទាប់ពីជួបសំណេះសំណាលជាមួយលោក ហ៊ុន សែន លោកស្រី Armida បានជួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅក្រសួងការបរទេស។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់សារព័ត៌មាន Fresh News ពីម្សិលមិញនៅក្រោយជំនួបនោះថា លោក ហ៊ុន សែន សម្រេចកំណត់យកថ្ងៃទី ៦ ឧសភា ខាងមុខនេះ ដើម្បីរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមការងារ អ.ស.ប.។
លោកថ្លែងថា កិច្ចសន្ទនាប្រចាំឆ្នាំខាងមុខ នឹងលើកឡើងនូវប្រធានបទចំនួន ៣ ដើម្បីស្នើសុំឲ្យក្រុមការងារ UN ជួយសហការ ដែលប្រធានបទទាំងនោះរួមមាន ការការពារសង្គម ទិន្នន័យសម្រាប់ការអភិវឌ្ឍនិងរបាយការណ៍ប្រចាំឆ្នាំមួយរបស់ប្រទេស កម្ពុជា ដែលនឹងត្រូវដាក់ជូនទៅ UN នៅទីក្រុងញូវយ៉កនាខែ កក្កដា ខាងមុខ។
លោក សោផាន់ ថ្លែងថា៖ «ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់តាមការស្នើសុំរបស់លោកស្រី Armida Salsiah Alisjahbana ក្នុងការគាំទ្រដើម្បីជាកិច្ចសហប្រតិបត្តិការត្បូងត្បូង និងដំណើរការកំណែទម្រង់ក្នុងកម្មវិធីអភិវឌ្ឍន៍របស់ UN ទាំងក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ លោកឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់នូវការគាំទ្រយ៉ាងរឹងមាំថា នឹងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អនេះដល់ពេលអនាគត ហើយជាពិសេសនៅថ្ងៃទី ៦ ខែ ឧសភា នេះ ជាកិច្ចសន្ទនាប្រចាំឆ្នាំរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រុមការងារ UN»។
អ.ស.ប.ប្រចាំកម្ពុជា កាលពីថ្ងៃចន្ទឲ្យដឹងថាលោកស្រី Armida ក៏ជួបជាមួយលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការផងដែរ។
អ.ស.ប.ប្រចាំកម្ពុជាថ្លែងថា៖ «ទស្សនកិច្ចរបស់លេខាធិការប្រតិបត្តិរូបនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់លោកស្រីក្នុងការជួបជាមួយមេដឹកនាំពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្ដោតការយកចិត្តទុកដាក់លើតំបន់អាស៊ាន ដែលស្ថិតនៅក្រោមអាណត្តិរបស់ UNESCAP សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ នេះជាទស្សនកិច្ចលើកទី ១ របស់លោកស្រីមកកាន់ប្រទេសកម្ពុជា»៕