ភ្នំពេញៈ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ទីក្រុង​ឡុងប៊ិច​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​សហរដ្ឋ​អាមេរិក កាលពី​ម្សិលមិញ​បាន​ប្រកាស​មិន​គាំទ្រ​ចំពោះ​ការ​ជួបប្រជុំ​ធ្វើ​វេទិកា​សាធារណៈ​របស់​កញ្ញា កឹម មនោវិទ្យា កូនស្រី​លោក កឹម សុខា ដោយ​អះអាង​ថា ទង្វើ​នេះ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មិន​ស្ដាប់​ហេតុផល​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​បក្ស​។

តាម​គម្រោង​របស់​កញ្ញា កឹមមនោវិទ្យា ប្រកាស​ជួបជុំ​ធ្វើ​វេទិកាសាធារណៈ​នៅ​ថ្ងៃ​ ១៨ កុម្ភៈ​ម្សិលមិញ​នៅ​ទីក្រុង​ឡុងប៊ិច ដើម្បី​ផ្សព្វផ្សាយ​ពី​លទ្ធផល និង​ការ​ខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ ចាន់ វាសនា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ទីក្រុង​ឡុងប៊ិច​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោក​ប្រកាស​មិន​គាំទ្រ​កម្មវិធី​នេះ​ទេ ដោយសារ​តាម​វិន័យ​របស់​អតីត​បក្ស​សង្គ្រោះ​ជាតិ​បាន​ចែង​ថា ប្រសិន​បើ​មន្ត្រី​សមាជិក​ជាន់​ខ្ពស់​បក្ស​ណា​ម្នាក់​ចេញ​ទៅ​ទស្សនកិច្ច​ ឬ​បើក​វេទិកា​នៅ​ទី​ណា​ក៏ដោយ​គឺ​ត្រូវ​ទៅ​ដោយ​មាន​តំណាងរាស្ត្រ​អម​ជាមួយ​យ៉ាង​ហោចណាស់​ក៏​ម្នាក់​។

លោក​បាន​បន្ត​ថា ប៉ុន្ដែ​សម្រាប់​​កម្មវិធី​របស់​កញ្ញា កឹម មនោវិទ្យា គឺ​បាន​អនុម័ត និង​សម្រេច​ដោយ​មិន​បាន​ឆ្លង​យោបល់​ពី​អ្នក​ណា​ឡើយ​ហើយ​ក៏​មិន​បាន​ស្ដាប់​តាម​ការណែនាំ​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​គណបក្ស​ណា​ម្នាក់​ដែរ​ដោយ​ការ​សម្រេច​នោះ​គឺ​ធ្វើ​ឡើង​តែ​ម្នាក់ឯង ពីព្រោះ​កញ្ញា​កំពុង​តែ​គិត​ថា ខ្លួនឯង​ជា​តួឯក​នៅ​ក្នុង​រឿង​នេះ​។

លោក​បាន​បន្ត​ថា​ មិន​បាន​ស្អប់ ឬ​យក​អ្នក​ណា​ជា​សត្រូវ​នោះ​​ទេ ហើយ​លោក​ក៏​មិន​គាំទ្រ​បុគ្គល​ សម រង្ស៊ី ឬ​ កឹម សុខា តែ​ម្នាក់ៗ​ដែរ ប៉ុន្ដែ​លោក​តែង​​គាំទ្រ​ដល់​គណបក្ស​សង្គ្រោះជាតិ​ទាំង​មូល​។

លោក​បាន​បញ្ជាក់​ទៀត​ថា​៖ «​កញ្ញា​ធ្វើ​នេះ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការ​គោរព​គ្នា​ទៅវិញ​ទៅមក​ក្នុង​នាម​ជា​មន្ត្រី​ធ្វើការ​ជាមួយ​គ្នា​ទេ ព្រោះ​កញ្ញា​កំពុង​គិត​ថា ខ្លួនឯង​ជា​តួឯក​។ បើ​ទោះបី​ជា​គាត់​ធ្វើ​ការងារ​នេះ​ក៏​ពិតមែន ប៉ុន្ដែ​គាត់​ធ្វើ​ចំពោះ​តែ​លោក​ឪពុក​គាត់​តែ​ម្នាក់ ដោយ​មិន​បាន​គិត​ពី​ផលប្រយោជន៍​រួម​នោះ​ទេ ហើយ​ការ​ខ្វែង​គំនិត​គ្នា​នេះ ក៏​មិនមែន​ជា​សញ្ញា​នៃ​ការ​បែកបាក់​គ្នា​ដែរ វា​គ្រាន់​តែ​ជា​ការ​កែលម្អ​នូវ​ចំណុច​ខ្វះខាត​មួយ​តែ​ប៉ុណ្ណោះ​»​។

កញ្ញា កឹម មនោវិទ្យា អនុប្រធាន​ទំនាក់​ទំនង​សាធារណៈ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​អំពី​ការ​ខ្វែង​​គំនិត​គ្នា​នេះ​បាន​ទេ​។

បើ​តាម​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Brady N Yong ដែល​ជា​សកម្មជន​ម្នាក់​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​សហរដ្ឋអាមេរិក​បាន​សរសេរ​ថា​៖ «​វេទិកាសាធារណៈ​​ជួប​ជាមួយ​កញ្ញា មនោវិទ្យា នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច​ជា​សញ្ញា​ថ្មី​មួយ​ទៀត​ដែល​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ទាំង​មូល​មាន​ការ​បែកបាក់​ផ្ទៃក្នុង ដោយសារ​លោក ចាន់ វាសនា ប្រធាន​នៅ​ឡុងប៊ិច​ប្រកាស​មិន​គាំទ្រ​»​។

ចំណែក លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា វា​ជា​សញ្ញា​បែកបាក់​គ្នា​ដែល​គ្មាន​ថ្ងៃ​រួបរួម​គ្នា​ម្ដង​ទៀត​បាន​ទេ​។ យ៉ាង​ណា​មិញ​នៅ​ក្នុង​ចលនា​សង្គ្រោះ​ជាតិ​ដែល​លោក សម រង្ស៊ី និង​បក្ខពួក​បាន​បង្កើត​នាពេល​ថ្មីៗ​នេះ​ក៏​មាន​ការ​បែកបាក់​គ្នា​យ៉ាង​ខ្លាំង​រវាង​ភាគី កឹម សុខា និយម និង​ភាគី សម រង្ស៊ី ​និយម​ផង​ដែរ​។

លោក សុខ ឥសាន បាន​​បញ្ជាក់​ថា​៖ «​ជាក់ស្តែង​តាំង​ពី​កើត​មក ភាគី​ទាំង​ ២​ មិន​ឯកភាព​គ្នា​ទេ ហើយ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក​រហូត​»​។

កាលពី​ថ្ងៃ​ទី​ ១៨ ខែ​កុម្ភៈ​ម្សិលមិញ កញ្ញា កឹម មនោវិទ្យា មាន​គម្រោង​បង្កើត​ឲ្យ​មាន​ការ​ជួប​​ប្រជុំ​វេទិកាសាធារណៈ​មួយ​នៅ​ទីក្រុង​ឡុងប៊ិច សហរដ្ឋ​អាមេរិក​។ ប៉ុន្តែ​នៅ​មុន​ថ្ងៃ​ប្រជុំ​នេះ​ស្រាប់តែ​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ​នៅ​ទី​នោះ ជាពិសេស​លោក ចាន់ វាសនា អតីត​ប្រធាន​​បក្ស​ប្រឆាំង​ប្រចាំ​នៅ​ទីក្រុង​នេះ​មិន​ឯកភាព​ឲ្យ​ធ្វើ​ដោយ​បាន​ប្រកាស​មិន​ស្វាគមន៍​ឡើយ​៕