ភ្នំពេញៈ លោកស្រី មូរ សុខហួរ អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិបានប្រកាសតាមរយៈហ្វេសប៊ុកឡាយ កាលពីថ្ងៃសៅរ៍ថា លោកស្រីនិងសហការីដែលជាថ្នាក់ដឹកនាំអតីត CNRP ផ្សេងទៀតនឹងវិលត្រឡប់មកកម្ពុជាវិញនៅក្នុងខែ ៨ ឬខែ ៩ ដើម្បីមកតស៊ូមតិក្នុងវិស័យនយោបាយក្នុងប្រទេស និងទាមទារឲ្យមានការដោះលែងលោក កឹម សុខា។ ខណៈនគរបាលក៏បានអះអាងថា បានត្រៀមជាស្រេចក្នុងការចាប់ ឬនាំខ្លួនតាមដីការបស់តុលាការ។
លោកស្រីបញ្ជាក់ថា ការវិលត្រឡប់នេះនឹងធ្វើឡើងដោយអហិង្សា សន្តិវិធី តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលក្នុងគោលបំណងរួមគឺរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP ដែលផ្ដល់ឲ្យដោយសហរដ្ឋអាមេរិក។ លោកស្រីថា ការស្ដារលទ្ធិប្រជាធិបតេយ្យ និងដោះលែងលោក កឹម សុខា គឺជាលក្ខខណ្ឌតម្រូវដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
លោកស្រីថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថា ក្បួនដំណើរមាតុភូមនិវត្តន៍នៃថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចាប់ផ្ដើមដំណើរការ ហើយនឹងទៅដល់មាតុភូមិយើងនៅក្នុងរយៈពេលខែ ៨ មិនយូរជាងខែ៩ទេបងប្អូន។ យើងខ្ញុំមិនអាចតស៊ូមតិនៅក្រៅប្រទេសបន្តទេ។ យើងខ្ញុំយល់ឃើញថាដល់ពេលវេលាគ្រប់គ្រាន់ ត្រឡប់ទៅប្រទេសជាតិយើងវិញ»។
ក្រៅពីមូលហេតុមកសង្គ្រោះ EBA និង GSP លោកស្រី មូរ សុខហួរ ថ្លែងថា កម្ពុជាជាមាតុភូមិរបស់លោកស្រី ក៏ដូចជាថ្នាក់ដឹកនាំ CNRP ផ្សេងទៀតដែលទាំងអស់គ្នាមានសិទ្ធិវិលត្រឡប់មកវិញ ហើយការវិលត្រឡប់នេះមានទាំងលោក សម រង្ស៊ី ផងដែរ។
លោកស្រីថ្លែងបន្តថា៖ «ខ្ញុំនិយាយនេះ ប្រហែលបងប្អូនថា ចុះម្សិលមិញថាអត់មកទេ លុះត្រាតែនេះលុះត្រាតែនោះ ម៉េចថ្ងៃនេះចង់មកវិញ? បងប្អូនយើងសូមបញ្ជាក់ថា នៅឆ្នាំ ២០១៩ អត់ផុត ២០១៩ ទេ យើងខ្ញុំត្រឡប់ទៅវិញទៅដល់ទឹកដីយើង»។
លោកស្រី មូរ សុខហួរ បានបដិសេធលើការលើកឡើងរបស់លោក សុខ ឥសាន ដែលលោកស្រីថា លោក សុខ ឥសាន អះអាងថា គណបក្សសង្គ្រោះជាតិជាអ្នកបំផុសឲ្យមានការដក EBA ឬ GSP។ លោកស្រីថាប្រទេសនៅសហភាពអឺរ៉ុបបានដឹងព័ត៌មានច្បាស់ហើយ ដោយពួកគេមិនបានជឿលើគណបក្សសង្គ្រោះជាតិ ឬលោក សម រង្ស៊ី ទេ។
លោកស្រី ថ្លែងថា៖ «គេមិនអាចជឿបានទេ តែអ្វីដែលគេដឹងច្បាស់តែអ្វីដែល គេជឿគឺប្រធានលោក កឹម សុខា នៅ ជាប់ការឃុំឃាំងអាហ្នឹងមិនបាច់ប្រាប់គេ ទេគេដឹងហ្មង ហើយគេដាក់លក្ខខណ្ឌ ទៀត ដោះលែងលោកប្រធានកឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិទៅ EBA រួចខ្លួន»។ លោកស្រីថា កូនសោនៃ EBA គឺនៅលើលោក ហ៊ុន សែន»។
ទោះយ៉ាងណាលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានថ្លែងតាមប្រព័ន្ធតេឡេក្រាមថា ការលើកឡើងពីការវិលចូលស្រុកខែសីហា គឺជាល្បិចប្រមូលលុយបន្ថែមប៉ុណ្ណោះ។
លោកថ្លែងថា៖ «អ្នកណាទៅអង្វរបរទេសឲ្យកាត់ផ្តាច់ EBA និងសុំទៅសហរដ្ឋអាមេរិកបិទ GSP? មិនគឺក្រុមឧទ្ទាមក្រៅច្បាប់ទេឬ? កុំក្រឡាស់ពាក្យ សម្តីប្រជាជនកម្ពុជាបានដឹងអស់ហើយ»។
លោកស្រី មូរ សុខហួរ មិនអាចសុំការបញ្ជាក់បន្ថែមបានទេកាលពីម្សិលមិញ។
លោក ឯក សុវណ្ណារ៉ា អ្នកវិភាគនយោបាយបានយល់ឃើញថា ការលើកឡើងរបស់លោកស្រី មូរ សុខហួរ អាចជឿជាក់បានតែ ៥០ ភាគរយប៉ុណ្ណោះ។
លោកថ្លែងថា៖ «គាត់និយាយអាចពិតដែរ តែបើតាមខ្ញុំគិតការលើកឡើងរបស់គាត់អាចជឿជាក់បានតែពាក់កណ្ដាលទេ ព្រោះស្ថានការណ៍នយោបាយ ឬឥរិយាបថរបស់គណបក្សកាន់អំណាចអត់ទាន់មានស្ថានភាពណាអំណោយផលសម្រាប់គាត់មកទេ។ គាត់លើកឡើងនេះគឺដើម្បីរំឭកឬកៀរគរ អ្នកគាំទ្ររបស់គាត់តែប៉ុណ្ណឹងទេ»។
លោក សុវណ្ណារ៉ា ថ្លែងថា៖ «គណបក្សនោះ តែប៉ុណ្ណឹងឯង មកឬមិនមកក៏អត់ មានអីបាត់បង់ប្រជាប្រិយភាពដែរ»។
ចំណែកលោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយថ្លែងថា គេអាចជឿទុកចិត្តបាននៅពេលដែលពួកគាត់ត្រឡប់មកជាក់ស្ដែង។ លោកថា បើសិនពួកគាត់ត្រឡប់មក គាត់មកហើយ ដូច្នេះទៅតាមនោះចុះ ហើយបើមកពួកគេនឹងត្រូវបាន ទទួលស្វាគមន៍ត្រឡប់មកផ្ទះវិញ។
លោកថ្លែងថា៖ «វាមិនល្អទេដែលយើងធ្វើការគិតទុកមុននៅក្នុងវប្បធម៌នៃប្រទេសមួយដែលសីលធម៌នយោបាយគឺជាធនធានកម្រ ហើយជាទីដែលការស្រេកឃ្លានអំណាចនិងទ្រព្យសម្បត្តិមិនមានកម្រិត។ ប្រសិនបើ ឬនៅពេលពួកគេត្រឡប់មកវិញ ពួកគេនឹងប្រឈមមុខនឹងការចាប់ខ្លួន ហិង្សាផ្លូវកាយ ឬរងរបួស ឬអាចថែមទាំងធ្វើឃាត ដោយអ្វីដែលគេហៅថា បាតដៃទី៣»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានថ្លែងកាលពីម្សិលមិញថា ជំហររបស់រាជរដ្ឋាភិបាល និងសមត្ថកិច្ចមានស្រាប់ហើយក្នុងការអនុវត្តចាប់ខ្លួន ឬនាំខ្លួនតាមដីការបស់តុលាការ។
លោកថ្លែងថា៖ «គាត់មកប៉ុន្មាននាក់មិនសំខាន់ទេ សំខាន់ដីកាមានប៉ុន្មាន យើងអនុវត្តតាមដីកាប៉ុណ្ណឹង សមត្ថកិច្ចបានត្រៀមលក្ខណសម្បត្តិរួចហើយសម្រាប់ពួកគាត់»។
លោក សម រង្ស៊ី ត្រូវកាត់ទោសក្នុងករណីជាច្រើន និងរងនូវការចាប់ខ្លួន។ កាលពីខែមីនា មន្ត្រីជាន់ខ្ពស់ ៧ រូបទៀតមានលោក ឡុង រី លោក ម៉ែន សុថាវរិន្ទ លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និងលោក ហូរ វ៉ាន់ ត្រូវបានតុលាការចេញដីកាចាប់ខ្លួន ពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»៕