ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំរាជធានី-ខេត្ត បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិភាក្សាពីយុទ្ធសាស្ត្រការអប់រំពីចម្ងាយកម្រិតបឋម និងមធ្យមសិក្សា ខណៈសាលារៀនទូទាំងប្រទេស នៅមិនទាន់បើកដំណើរការឡើងវិញ ដោយសារបញ្ហាជំងឺកូវីដ ១៩។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី ២៧ ឧសភា តាមរយៈប្រព័ន្ធអេឡិចត្រូនិក ដោយមានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំទូទាំងប្រទេស ដើម្បីផ្តោតលើវឌ្ឍនភាព និងពិភាក្សាបញ្ហាប្រឈមលើការងារប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ គោលនយោបាយ ផែនការ និងការងារពិនិត្យតាមដាន និងវាយតម្លៃ ក្នុងអំឡុងពេលផ្អាកសាលារៀនទូទាំងប្រទេស។
ក្រសួងអប់រំ បានឲ្យដឹងនៅលើទំព័រហ្វេសបុករបស់ខ្លួន នៅថ្ងៃទី ២៧ ឧសភាថា កិច្ចពិភាក្សានេះ ក៏នឹងពិភាក្សា ដើម្បី ស្វែងរកដំណោះស្រាយ និងយុទ្ធសាស្ត្របន្តសកម្មភាពក្នុងគន្លងថ្មី សម្រាប់ផ្តល់ការអប់រំពីចម្ងាយក្នុងកម្រិតបឋម និងមធ្យមសិក្សាផងដែរ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងឱកាសនោះ ដោយបានចែករំលែកបទពិសោធន៍ល្អៗ និងបានបង្ហាញអំពីអាទិភាពសំខាន់ៗក្នុងវិស័យអប់រំ ព្រមទាំងបានឆ្លុះបញ្ចាំងពីគំនិតនវានវត្តន៍ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំឲ្យទទួលបានជោគជ័យក្នុងកាលៈទេសលំបាកនេះ។
លោក បញ្ជាក់ថា៖ «ជាពិសេសការផ្តល់សេវាអប់រំ និងការកំណត់សកម្មភាពអាទិភាពសំខាន់ៗក្នុងវិស័យអប់រំ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ជាពិសេសនោះការរៀបចំគោលនយោបាយ ប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ ការរៀបចំផែនការ និងការពិនិត្យតាមដាន និងវាយតម្លៃត្រូវមានការផ្សារភ្ជាប់គ្នា និងការអនុវត្តជាក់ស្តែង»។
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីនេះ បានប្រកាសថា សាលាទូទាំងប្រទេស គឺនៅតែបន្តផ្អាក និងរៀនតាមប្រព័ន្ធអនឡាញ រហូតដល់រដ្ឋាភិបាល ប្រកាសបិទព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានលើកឡើងថា បន្ទាប់ពីកិច្ចប្រជុំនេះចប់ ក្រសួងអប់រំ យុវជន និងកីឡា នឹងចេញសេចក្តីណែនាំមួយ ពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តយុទ្ធសាស្ត្ររៀន និងបង្រៀនតាមគន្លងជីវិតថ្មី។
លោកបញ្ចាក់ថា៖ «យុទ្ធសាស្ត្ររៀន និងបង្រៀនតាមគន្លងជីវិតថ្មី នៃវិស័យអប់រំនេះ ដោយបន្តផ្តោតលើគោលការសុវត្ថិភាពសុខភាព។ ទន្ទឹមនឹងនេះ ការបន្តតាមដាន និងវាយតម្លៃកម្រិតហានិភ័យ និងស្ថានភាពរបស់កូវីដ ១៩ ដែលមានផលជះលើការអប់រំ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងថា អ្វីទាំងអស់ ដែលក្រសួងបានធ្វើកន្លងមកនេះ គឺជាជម្រើសមួយក្នុងបរិបថនៃការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ដែលការសិក្សាទាំងនោះ គឺគ្មានជម្រើសអ្វីក្រៅតែពីរៀនតាមប្រព័ន្ធអនឡាញនោះទេ។
លោកបន្តថា បន្ថែមពីការរៀនតាមអនឡាញនេះ គ្រប់ស្ថាប័នទាំងអស់ គួរតែមានការចូលរួមគាំទ្រឲ្យបានខ្លាំង ដើម្បីបង្កលក្ខណៈងាយស្រួល និងជំរុញឲ្យមានការចូលរួមពីសហគមន៍ ដោយធ្វើយ៉ាងណាឲ្យកុមារដែលមានឱកាសតិចតួច ទទួលបានការសិក្សាតាមអនឡាញនេះ។
លោកបានបញ្ជាក់ថា៖ «បន្ថែមពីលើនេះ មិនថា តែកុមារនោះទេ ចំពោះមនុស្សពេញវ័យក៏ដោយ ដែលគាត់នៅតំបន់ដាច់ស្រយាលនោះ ឱកាសនៃការទទួលបានការរៀនសូត្រក្នុងពេលនេះ គឺគួរតែផ្តោតសំខាន់លើពួកគាត់»៕