ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​អំពាវនាវ​ដល់​សាធារណជន​នៅ​ទូទាំង​ប្រទេស​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ការធ្វើ​ដំណើរ​ទៅកាន់​តំបន់​កម្សាន្ត​នានា​ក្នុង​អំឡុងពេល​ឈប់សម្រាក ដើម្បី​ចូលរួម​បង្ការ​ និង​ទប់ស្កាត់​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ ដែល​បណ្ដាល​មកពី​ការបើកបរ​មិន​គោរព​ច្បាប់ ប្រមាថ និង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​។

រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​បាន​ឈប់សម្រាក​ចាប់ពី​ថ្ងៃទី​ ១៧-២១ ខែ​សីហា ​នេះ ដែល​ជា​ការសង​ជំនួស​មកវិញ​នូវ​ថ្ងៃ​សម្រាក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​កាលពី​ខែមេសា ព្រោះ​រាជរដ្ឋាភិបាល​បាន​បិទ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស​នានា​នៅក្នុង​ពិភពលោក​ឆ្លង​ និង​ស្លាប់​។

គណៈកម្មាធិការ​ជាតិ​នេះ​បាន​បញ្ជាក់ថា​៖ «​សាធារណជន​ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​បន្ថែម​ពី​លើ​ការអនុវត្ត​គ្រប់​វិធានការ ការពារ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ សូមមេត្តា​បន្ត​ការយក​ចិត្ត​ទុកដាក់ ការប្រុងប្រយ័ត្ន និង​ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ផ្លូវគោក​រាល់​ពេល​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​ជានិច្ច​»​។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​អ្នកប្រើប្រាស់​ផ្លូវត្រូវ​អនុវត្តតាម​វិធានការ​ច្បាប់​មួយចំនួន​ដូចជា ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច​ក្នុង​ពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​ទោះ​ជិត​ ឬ​ឆ្ងាយ​គ្រប់​ពេលវេលា​។ មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជាដាច់ខាត​។ មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត​។ ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច​។ ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច​ក្នុង​ពេល​ធ្វើដំណើរ​តាម​រថយន្ត​។ មិន​ត្រូវ​បត់​ ឬ​វ៉ាជែង​ក្នុង​ភាពប្រថុយ​ប្រថាន ឬ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​ជាដើម​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ​មិន​ត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករ​លើដំបូល និង​កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុង​ឱកាស​នេះ​»​។

លោកស្រី មឹន មាណវី ​រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្នុង​ការបង្ការ ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នា​ថ្ងៃ​ឈប់សម្រាក​ខាង​មុខ​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ និង​សមត្ថកិច្ច​នៅតាម​បណ្ដា​រាជធានី ខេត្ដ នឹង​បន្ត​អនុវត្ដ​ការរឹតបន្តឹង​ច្បាប់​ចរាចរណ៍​តាម​គោលដៅ​នានា​ដែល​មន្ត្រី​ជំនាញ​បាន​កំណត់​ទុក​។

លោកស្រី​ថ្លែងថា​៖ «​សមត្ថកិច្ច​យើង​មិនបាន​សម្រាក​ទេ ពួកគាត់​នៅ​តែ​បន្តធ្វើ ប្រុងប្រយ័ត្ន​ជានិច្ច ជាពិសេស​ពេល​ឈប់សម្រាក​នេះ គឺ​ពួកគាត់​នៅតែ​បន្ត​ធ្វើការ​អនុវត្ដ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ដដែល​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​»​។

លោកស្រី មាណវី ​បាន​ឲ្យ​ដឹង​ទៀតថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​ដែល​បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់​ និង​របួស​មាន​ការថយចុះ​ខ្លះ ក្រោយពី​សមត្ថកិច្ច​បាន​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​។

លោកស្រី​បញ្ជាក់ថា​៖ «​កាលពី​ឆ្នាំមុន​ក្នុង​ ១ ​ថ្ងៃ​ មាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រង្វង់​ពី ៥ ​ទៅ​ ៦ ​នាក់ ប៉ុន្ដែ​បច្ចុប្បន្ន​មាន​អ្នកស្លាប់​មិន​ដល់ ៥ នាក់​ទេ​»​។

លោក ​គឹម បញ្ញា ​នាយក​អង្គការ​បង្ការ​របួស​អាស៊ី (AIP Foundation) ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា ស្របពេល​ដែល​សមត្ថកិច្ច​ និង​អ្នកពាក់ព័ន្ធ​កំពុង​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ និង​ជំរុញ​ការអនុវត្ដ​ច្បាប់​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​នេះ បើ​ប្រៀបធៀប​ជាមួយ​ពេល​មុនៗ​មិន​មាន​សម្ទុះ​ខ្លាំង​ទេ​។

លោក​បន្ថែមថា​៖ «​បើ​តាម​តែ​ការអំពាវនាវ ការអប់រំ ផ្សព្វផ្សាយ ពលរដ្ឋ​របស់​យើង​គាត់​នឹង​មិន​ចូលរួម​ខ្លាំង​ទេ​។ មាន​តែ​ការអនុវត្ដ​ច្បាប់​ឱ្យបាន​ទូលំទូលាយ ម៉ឺងម៉ាត់ និង​ជាប់លាប់​ធ្វើ​ទាំងថ្ងៃ​ទាំងយប់ ប្រកប​ដោយ​តម្លាភាព និង​ស្មើភាព​ទើប​អាច​ទាញ​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​អ្នកស្លាប់ និង​អ្នករងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​អាច​ធ្លាក់​ចុះមក​នៅ​កម្រិត​ទាប​បាន​»​។

បើតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​បាន​ឲ្យ​ដឹងថា​ក្នុង​ឆ្នាំ ២០១៩ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៤ ១២១ ​លើក​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ១ ៩៨១ ​នាក់ និង​រងរបួស​ចំនួន ៦ ១៤១ ​នាក់​។ ​នៅក្នុង​រយៈពេល​ជិត​ ៦ ​ខែ​ឆ្នាំ ២០២០ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ១ ៥៩៦ ​លើក​ មាន​អ្នកស្លាប់ ៨៥៣ ​នាក់ ​រងរបួស​ធ្ងន់ ១ ៥០១ ​នាក់ ​រងរបួស​ស្រាល​ ៩២៣ ​នាក់​។ ​

ក៏ប៉ុន្តែ​​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ទៅ​នឹង​ឆ្នាំ​ ២០១៩ គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ ២៦ ​ភាគរយ ស្លាប់​ថយចុះ ១៦ ​ភាគរយ របួសធ្ងន់​ថយចុះ ២៨ ​ភាគរយ និង​របួសស្រាល​ថយចុះ ១៧ ​ភាគរយ​៕