ភ្នំពេញៈ មន្ត្រី​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​អំពាវនាវ​ដល់​ជន​មាន​ពិការភាព​ឱ្យទៅ​ចុះឈ្មោះ​នៅ​​តាម​សាលាឃុំ សង្កាត់ ដើម្បី​ទទួលបាន​បណ្ណ​សម្គាល់​ខ្លួន​​ដែល​អាចនឹង​ទទួល​បាន​អត្ថប្រយោជន៍​ប្រកប​ដោយ​សមធម៌ និង​បរិយាប័ន្ន ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​​ ខណៈ​ជន​មាន​ពិការភាព​ជាង​ ១ ​ម៉ឺន​នាក់​បាន​ចុះឈ្មោះ​រួច​។

ការថ្លែង​អំពាវនាវ​នេះ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​បណ្តាញ​អង្គការ​តំណាង​ជន​មាន​ពិការភាព​ថ្នាក់ជាតិ​ស្តីពី​ការអនុវត្ត​បរិយាបន្ន​ការងារ​សម្រាប់​ជន​មាន​ពិការភាព​កាលពី​ថ្ងៃទី​ ៩ កុម្ភៈ នៅ​សណ្ឋាគារ​ភ្នំពេញ ដែល​មាន​តំណាង​ក្រសួង​ពាក់ព័ន្ធ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ និង​ជនពិការ​ជិត ២០០ ​នាក់​។

លោក យៀប ម៉ាលីណូ ប្រធាន​​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ និង​តំណាងឱ្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ថ្លែង​ក្នុងឱកាស​នោះ​ថា​៖ «​បងៗ​ដែល​អញ្ជើញ​មកពី​ខេត្ត​ទាំង​ ៨ ពេល​ត្រឡប់​ទៅវិញ កុំ​ភ្លេច​ជំរុញ​ក្រុមប្រឹក្សា​ឃុំ ឬ​បងប្អូន​ជន​មាន​ពិការភាព​នៅ​សាលាឃុំ​។

ប៉ុន្តែ​ជាទូទៅ មន្ត្រី​បង្គោល​នៅតាម​ឃុំ​សង្កាត់​ចំនួន​ ២ ​នាក់​នឹង​ចុះទៅ​តាម​ភូមិ​នីមួយៗ​ដើម្បី​ប្រាប់​ពី​ព័ត៌មាន​នេះ​។ ​សូម​​កុំឱ្យ​បងប្អូន​មាន​ពិការភាព​ណា​ម្នាក់​នៅក្នុង​ឃុំ សង្កាត់​របស់​​លោក លោកស្រី​មិន​បាន​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​ (app) ​នេះ ព្រោះ​ប្រព័ន្ធ​នេះ​នឹង​ចាប់​យក​ទិន្នន័យ បងប្អូន​មាន​ពិការភាព​​ទូទាំង​ប្រទេស​»​។

បើតាម​លោក យៀប ម៉ាលីណូ កម្មវិធី​អត្តសញ្ញាណកម្ម​សម្រាប់​ប្រមូល​ទិន្នន័យ​ជនពិការ​នៅ​ទូទាំង​ប្រទេស​បាន​ចាប់ផ្តើម​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​ ២០១៩ នៅក្នុង​ខេត្ត​ចំនួន​ ៨ រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និង​ខេត្តឧត្តរមានជ័យ ដោយ​បាន​ចុះឈ្មោះ​ជន​មាន​ពិការភាព​ជា​ស្ថាពរ​ប្រមាណ​ ១៤ ០២៨ ​នាក់​។

លោក​បាន​បន្តថា កម្មវិធី​នេះ​ក៏​កំពុង​បន្ត​ការបណ្តុះបណ្តាល​មន្ត្រី​នៅ​ទូទាំង​រាជធានី-ខេត្ត​ចំនួន​ ១៧ បន្ថែម​ទៀត ដើម្បី​អនុវត្ត​ក្នុងពេល​ខាងមុខ​នេះ​ដោយ​ធ្វើ​យ៉ាងណា​ប្រមូល​ទិន្នន័យ​របស់​​ជន​មាន​ពិការភាព​ទាំងអស់​នៅក្នុង​ប្រទេស​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​ផ្តល់​បណ្ណ​សម្គាល់​ជនពិការ​នេះ​​ឱ្យ​ពួកគាត់​ដែល​បាន​ចុះឈ្មោះ​​ហើយ​ឆាប់ៗ​ហើយ​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ក៏បាន​ប្រឹងប្រែង​ដែរ​។ ពិត​ហើយ​បណ្ណ​សម្គាល់​ពិការភាព​នៅពេល​នេះ​​មិនមាន​តម្លៃ​ខ្ពស់​ណាស់ណា​ទេ ក៏ប៉ុន្តែ​អនាគត​បណ្ណ​នេះ​នឹងមាន​តម្លៃ​ខ្លាំងណាស់​សម្រាប់​​ឱ្យ​ការចូលរួម​របស់​លោក លោកស្រី ក្នុង​សកម្មភាព​សង្គម វប្បធម៌ និង​សេដ្ឋកិច្ច ការងារ និង​នយោបាយ​»​។

បន្ថែម​ពីនេះ លោក យៀម ម៉ាលីណូ បានលើកឡើង​ទៀត​ថា អ្នកមាន​បណ្ណ​នេះ ទៅ​ថ្ងៃ​អនាគត​អាច​នឹង​ទទួល​បាន​សិទ្ធិ​ពិសេស​ក្នុង​ការទទួល​បាន​សេវា​នានា​ពី​រដ្ឋ​ដោយ​មិន​គិតថ្លៃ​ព្រមទាំង​ទទួល​បាន​កញ្ចប់​ថវិកា​គាំទ្រ​សង្គម​ផ្នែក​ណាមួយ រហូត​ដល់​ការលើកលែង​ពន្ធ​ទៀតផង​។

អ្នកស្រី មិន សុផល អាយុ ៦១ ​ឆ្នាំ​ដែល​ជា​ជន​មាន​ពិការភាព​មកពី​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ៩ កុម្ភៈ​ថា ក្រសួង​សង្គមកិច្ច​គួរតែ​ផ្សព្វផ្សាយ​អំពី​ការចុះឈ្មោះ​ក្នុង​កម្មវិធី​នេះ​ឱ្យបាន​ទូលំទូលាយ​បន្ថែម​​ទៀត​ព្រោះ​ជន​មាន​ពិការភាព​ភាគច្រើន​មិន​ទាន់​ទទួលបាន​ព័ត៌មាន​ពី​ការចុះឈ្មោះ​នេះ​ទេ​។

អ្នកស្រី​បានបញ្ជាក់​ថា​៖ «​ពួកយើង​ទាំងអស់​គ្នា ចង់បាន​បណ្ណសម្គាល់​ខ្លួន​នេះ យូរហើយ​តាំងពី​ឆ្នាំ​ ២០១៤ ហើយ​មក​ឥឡូវ​ចង់​ ៦ ទៅ​ ៧ ​ឆ្នាំ​ហើយ គឺ​ឆ្នាំនេះ ទទួល​បាន​លទ្ធផល​ខ្លះ​ដែល​ពួកយើង​ចង់បាន​។ ប៉ុន្តែ​លទ្ធផល​ជាក់ស្តែង​បណ្ណ​នេះ​មក​នៅ​ដល់​​ដៃ​គឺ​អត់​ទេ​»​។

លោកស្រី ម៉ាក់ ម៉ូនីកា នាយិកា​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា​បាន​ថ្លែងថា ក្រសួង​សង្គមកិច្ច គួរ​បើកចំហ​កិច្ចសហការ​ជាមួយ​ដៃគូ​អភិបាល និង​ម្ចាស់​​ជំនួយ​ដើម្បី​ជំរុញ​ការចុះឈ្មោះ​ជន​មាន​ពិការភាព​ឱ្យបាន​ទូទាំង​​ប្រទេស​។ ​លោកស្រី​បន្តថា ជន​មាន​ពិការភាព​បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន ហើយ​តាម​ការសង្កេត​ក្នុង​អំឡុងពេល​កូវីដ​ ១៩ ​នេះ ពួកគេ​ក៏​កំពុង​បារម្ភ​ពី​សុវត្ថិភាព​ និង​ហានិភ័យ​នានា​ផង​​ដែរ ខណៈ​មាន​ជនពិការ​មួយ​ចំនួន​មិន​ដែល​ទទួល​បាន​ការគាំទ្រ​ពី​រដ្ឋាភិបាល ដោយសារ​ពួកគេ​មិនមាន​បណ្ណ​ទាំងនេះ​។

លោកស្រី​បញ្ជាក់ថា​៖ «​ឥឡូវ​នេះ​រឿង​កូវីដ​នេះ គឺជា​រឿង​ថ្មី​ទាំងអស់ ស្រាប់តែ​កំពុងៗ​ធ្វើ​អាកូវីដ​នេះ​មក​ល្មម ។ ចុះ​លោ​តែ​បន្តិចទៀត យើង​មើលមិនឃើញ​រឿង​គ្រោះមហន្តរាយ​ហ្នឹង​​ស្រាប់តែ​សុខៗ​ទឹកជំនន់​មក ហើយ​មានអី​ទៀត​ទៅ ដូច្នេះ​ដំណើរការ​ធ្វើ​របស់​យើង​ក៏​ស្ទះ ហើយ​ជន​មាន​ពិការភាព​ក៏​មិន​បានទទួល​នូវ​អត្ថប្រយោជន៍​នានា​ក្នុង​អំឡុង​ពេលដែល​ចាំបាច់​ដែរ​»​។

បើ​តាម​លោកស្រី ម៉ាក់ ម៉ូនីកា កម្ពុជា​មាន​ជនពិការ​ប្រមាណ​ ៩ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ទូទាំង​ប្រទេស ប៉ុន្តែ​លោកស្រី​រំពឹង​ថា ការប្រមូល​ទិន្នន័យ​តាមរយៈ​កម្មវិធី​អត្តសញ្ញាណកម្ម​របស់​ក្រសួង​សង្គមកិច្ច​នេះ​នឹង​ធ្វើឡើង​ឱ្យបាន​ឆាប់រហ័ស និង​ផ្តល់ជូន​ដល់​ជនពិការ​គ្រប់រូប​៕