ភ្នំពេញៈ ក្រោយពីការធ្វើកោសល្យវិនិច័យលើសាកសពនារីទេសចរជនជាតិអង់គ្លេសអាយុ ២១ ឆ្នាំ ឈ្មោះ Amelia Bambridge ដែលបានរកឃើញសាកសពអណ្តែតនៅលើទឹកសមុទ្រគឺមិនបានរកឃើញចំណុចណាមួយមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌឡើយ និងតាមការវិភាគបញ្ជាក់ថា គឺស្ដ្រីរូបនេះលង់ទឹកស្លាប់ដោយខ្លួនឯង។ នេះបើតាមមន្ត្រីនគរបាលជាន់ខ្ពស់។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា តាមការវិភាគរបស់មន្ត្រីជំនាញគឺស្ដ្រីជនជាតិអង់គ្លេសអាចផឹកស្រាស្រវឹងខ្លាំងនៅក្នុងកម្មវិធីជប់លៀង ហើយក្រោយមកបានដើរទៅទុកកាបូបនៅលើថ្ម ជាប់មាត់ទឹក ដើម្បីចុះងូតទឹក នៅពេលត្រឡប់ពីកន្លែងជប់លៀងទៅកាន់កន្លែងស្នាក់នៅវិញ។
លោកបន្តថា៖ «គាត់ចេញពីកន្លែងជប់លៀងវិញហើយ ហើយប្រហែលកន្លែងដែលគាត់ចុះងូតទឹកហ្នឹងទឹកវាជ្រៅមិនដឹង និងស្របពេលគាត់ស្រវឹងផង។ អានេះយើងក៏មិនដឹងដែរ ប៉ុន្តែវាជាការវិភាគរបស់សមត្ថកិច្ចជំនាញ។ អត់មាន(រកឃើញចំណុចសង្ស័យ) ចាប់រំលោភ និងចាប់វ៉ៃទេ គឺអត់មានទេ»។
ស្ដ្រីជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge មកពីក្រុង Worthing ដែលជាក្រុងមួយស្ថិតនៅភាគខាងត្បូងនៃទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ត្រូវបានបាត់ខ្លួននៅកោះរ៉ុងកាលពីថ្ងៃទី ២៤ តុលា បន្ទាប់ពីនៅក្នុងកាមេរ៉ាសុវត្ថិភាពបង្ហាញថា នាងធ្វើដំណើរជាមួយមិត្តភក្តិទៅចូលរួមកម្មវិធីជប់លៀងនៅក្នុងភោជនីយដ្ឋានឈ្មោះ Police Beach នៅកោះរ៉ុងខេត្តព្រះសីហនុ។
ក្រោយពីនាងបានបាត់ខ្លួន ៧ ថ្ងៃ ត្រូវបានក្រុមអ្នករុករកប្រទះឃើញសាកសពអណ្ដែតនៅជិតដល់ព្រំដែនទឹកប្រទេសថៃកាលពីវេលាម៉ោងប្រហែល ១១ ថ្ងៃទី ៣១ ខែតុលា និងមានចម្ងាយពីកន្លែងបាត់ខ្លួនប្រហែល ៥៧ ម៉ាយល៍ ឬស្មើចម្ងាយ ៩១ គីឡូម៉ែត្រ។
ក្រុមអ្នករុករកបានដឹកសាកសពមកធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុមុននឹងប្រគល់សាកសពទៅឱ្យក្រុមគ្រួសារដឹកតាមយន្តហោះត្រឡប់ទៅកាន់ប្រទេស អង់គ្លេស វិញ។
លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងបានថ្លែងកាលពីថ្ងៃអាទិត្យថា ពីភោជនីយដ្ឋាន Police Beach និងកន្លែងដែលរកឃើញកាបូបរបស់ Amelia Bambridge នៅមាត់ទឹកគឺមានចម្ងាយប្រហែល ៣០ ម៉ែត្រ។ ប៉ុន្តែលោកថ្លែងថាលោកមិនអាចបញ្ជាក់លម្អិតអំពីការធ្វើកោសល្យវិច័យបានឡើយ ដោយសារករណីនេះវាបានចប់ភារកិច្ចរបស់លោកបន្ទាប់ពីសាកសពត្រូវបានដឹកទៅដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានទេ ដោយមន្ត្រីរបស់លោកបានប្រាប់ថា លោកទើបតែបានធ្វើដំណើរចាកចេញទៅប្រទេស ថៃ ដើម្បីពិនិត្យសុខភាពតាមការណាត់របស់គ្រូពេទ្យ។
ប៉ុន្តែយោងតាមសារព័ត៌មាន Mirror បានចុះផ្សាយនៅថ្ងៃទី ២ វិច្ឆិកា ថា គ្រួសាររបស់ Amelia Bambridge បានសម្ដែងក្ដីតក់ស្លុត និងខឹងសម្បា ចំពោះការបន្តផ្សព្វផ្សាយរូបភាពសាកសពរបស់នាង Amelia Bambridge នៅតាមទំព័រហ្វេសប៊ុក និង Instagram បន្ទាប់ពីការរកឃើញសាកសពភ្លាម។
មិត្តភក្ដិមួយចំនួនក៏បានលើកឡើងថា ការបង្ហាញរូបភាពសាកសពបែបនេះ គឺជាការមិនគោរពចំពោះភាពឯកជន និងការចង់បានរបស់គ្រួសារជនរងគ្រោះឡើយ។
បងប្រុសម្នាក់របស់ Amelia Bambridge ឈ្មោះ Harry Bambridge បានអំពាវនាវដល់អ្នកប្រើបណ្តាញសង្គមឲ្យបញ្ឈប់ការចែករំលែក និងបង្ហោះរូបភាពសាកសពប្អូនស្រីរបស់លោកតទៀត៕