កំពង់ឆ្នាំងៈ អភិបាលស្រុក​រលាប្អៀរ លោក យ៉ង់ សៅវុឌ្ឍី បាន​ឲ្យ​ដឹងថា លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​ ១៤៧ ​គ្រួសារ​ ស្ថិត​នៅ​ក្នុង​ភូមិ​ប៉ាតឡាង ឃុំ ក្រាំងលាវ ស្រុក​រលាប្អៀរ ដែល​កងទ័ពអាកាស​បាន​ធ្វើ​របង​​ហ៊ុមព័ទ្ធ​នោះ​គឺជា​ដី​សាធារណៈ​របស់​រដ្ឋ​ស្ថិត​នៅក្នុង​គម្រោង​សម្រាប់​ការអភិវឌ្ឍ​ព្រលានយន្តហោះ​ខេត្ត​កំពង់ឆ្នាំង​។

លោក សៅវុឌ្ឈី បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​ការនាំ​គ្នា​ទៅ​ដាក់​ញត្តិ​សុំ​ឲ្យ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​ចេញ​បណ្ណ​កម្មសិទ្ធិ​របស់​អ្នកភូមិ​ទាំងនោះ​គឺ​មិនអាច​ទៅរួច​នោះទេ ព្រោះ​កន្លង​មក​អ្នកភូមិ​ទាំងនោះ​ទទួល​បាន​ដំណោះស្រាយ​ដីធ្លី​ពី​រាជរដ្ឋាភិបាល​ម្ដង​រួច​មក​ហើយ​»​។

លោក សៅវុឌ្ឍី បាន​បន្តថា​កាលពី​ថ្ងៃ​ ២៧ ​តុលា ​ឆ្នាំ ២០១២ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចែក​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ជុំវិញ​ព្រលាន​យន្តហោះ​រួចហើយ និង​បាន​ប្រកាស​រក្សាទុក​ផ្ទៃដី​ទំហំ​ ១ ៤១៥ ​ហិកតា សម្រាប់​អភិវឌ្ឍ​ព្រលាន​យន្តហោះ ក្រាំងលាវ​នាពេល​អនាគត ប៉ុន្តែ​ពលរដ្ឋ​មួយចំនួន​នៅតែ​បន្ត​ចូល​រស់នៅ​អាស្រ័យផល​ក្នុង​ទីតាំង​ដី​ព្រលានយន្តហោះ​នោះ​បន្តទៀត​ក្នុង​គោលបំណង​កាន់កាប់​ជា​លក្ខណៈ​ឯកជន ដែល​បង្ក​ឲ្យ​មាន​ភាព​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​។

ទោះជា​បែប​ណា​ក៏ដោយ​អ្នកស្រី អ៊ុង ឡុំ អាយុ​ ៥០ ​ឆ្នាំ​ ដែល​អះអាង​ថា ផ្ទះ​ដែល​គាត់​កំពុង​រស់នៅ​សព្វថ្ងៃ​ស្ថិត​ក្នុង​ភូមិ​ប៉ាតឡាង ឃុំ​ក្រាំងលាវ​នោះ ត្រូវ​បាន​ក្រុម​ទាហាន​កងទ័ព​អាកាស​ធ្វើ​របង​ព័ទ្ធ​ផងដែរ​នោះ​បាន​ឲ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ថា ពួកគាត់​គ្មាន​ដីស្រែ​នៅ​កន្លែង​ផ្សេងទៀត សម្រាប់​បង្កបង្កើនផល​ចិញ្ចឹមជីវិត​នោះទេ ប្រសិន​បើ​ដីស្រែ និង​ដី​លំនៅឋាន​របស់​ពួកគាត់​ត្រូវបាន​អាជ្ញាធរ​ដកហូត​ទៅវិញ​ទាំងអស់​នោះ​។

អ្នកស្រី​ថ្លែងថា​៖ «​គ្រួសារ​ខ្ញុំ​រស់នៅ និង​អាស្រ័យផល​លើ​​ទីតាំង​ដី​នេះ​តាំងពី​ឆ្នាំ​ ១៩៨៦ ​មក​ម្ល៉េះ ហើយ​គ្មាន​ដីស្រែ​ឯណា​ផ្សេងទៀត ដើម្បី​បង្កបង្កើនផល​ចិញ្ចឹម​ជីវិត​ទេ ប្រសិន​បើ​អាជ្ញាធរ​ដកហូត​ទាំងអស់​នោះ​»​។

ចំណែក​លោក គឹម ចាន់ថន អាយុ​ ៤៩ ​ឆ្នាំ ​ដែល​ដីស្រែ និង​ដី​លំនៅឋាន​របស់គាត់​ក៏​ត្រូវ​បាន​កម្លាំង​កងទ័ព​អាកាស ដែល​​ប្រចាំការ​ក្នុង​តំបន់​ព្រលាន​យន្តហោះ​ក្រាំងលាវ​ធ្វើ​របង​ហ៊ុមព័ទ្ធ​ដែរ​នោះ បាន​ថ្លែង​ឲ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ដែរ​ថា ដើម្បី​សុវត្ថិភាព​នៃ​ការរស់នៅ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ គាត់​ស្នើសុំ​ឲ្យ​ក្រសួង​ដែនដី​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់ ហើយ​ផ្ដល់​ដំណោះស្រាយ និង​ផ្ដល់​បណ្ណកម្មសិទ្ធិ​ស្របច្បាប់​ដល់​ពួកគាត់​។

លោក​ថ្លែង​ថា​៖ «​កន្លងមក​អាជ្ញាធរ​បានផ្ដល់​បណ្ណ​កម្មសិទ្ធិ​ដល់​ពលរដ្ឋ​មួយចំនួន​នៅក្នុង​ឃុំ​ក្រាំងលាវ​រួចរាល់​ហើយ ប៉ុន្តែ​សម្រាប់​ពួកយើង​ដែល​រស់នៅក្នុង​តំបន់​ព្រលាន​យន្តហោះ​នេះ​មិន​ទាន់​បានចេញ​បណ្ណ​កម្មសិទ្ធិ​ឲ្យ​ទេ​»​។

លោក ចាន់ថន បាន​បន្ត​ថា កន្លងមក​អាជ្ញាធរ​បាន​ប្រាប់​ពួកគាត់​ដែល​បាន​រស់នៅ និង​អាស្រ័យផល​ក្នុង​តំបន់​នេះ​ថា​អាច​រស់នៅ និង​អាស្រ័យផល​បន្តទៀត​បាន​រហូត​មាន​ការសម្រេច​ថ្មី​ពី​រដ្ឋាភិបាល អាជ្ញាធរ​នឹង​រៀបចំ​ដំណោះស្រាយ​ជូន​តាម​ភាពជាក់ស្ដែង​។

លោក លី សុភា ប្រធាន​មន្ទីរ​ដែនដី នគរូបនីយកម្ម និង សំណង់​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែងថា អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​កាលពី​ថ្ងៃ​អង្គារ​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​មើល​ស្ថានភាព​រស់នៅ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ទាំងនោះ ដើម្បី​សម្របសម្រួល​ដំណោះស្រាយ​លើ​ករណីនេះ​។

លោក​ថ្លែងថា​៖ «​ដី​លំនៅឋាន និង​ដីស្រែ​ដែល​អ្នកភូមិ​​កំពុង​រស់នៅ និង​អាស្រ័យផល​នោះ គឺ​ពិតជា​ស្ថិត​នៅក្នុង​ទីតាំង​ដី​សាធារណៈ​របស់​រដ្ឋ ដែល​រក្សាទុក​សម្រាប់​អភិវឌ្ឍ​ព្រលាន​យន្តហោះ​ក្រាំងលាវ​។ ករណី​នេះ​អាជ្ញាធរ​មូលដ្ឋាន​​កំពុង​ដំណើការ​ដំណោះស្រាយ​តាម​នីតិវិធី​ហើយ​»៕