
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិមិនមានប្រវត្តិរត់ចោលស្រុកដូចលោក សម រង្ស៊ី ទេ ហើយក្នុងនាមពលរដ្ឋថ្លៃថ្នូរ លោកមិនឆ្លើយជាមួយលោក សម រង្ស៊ី ឡើយ។
ការអះអាងបែបនេះ គឺជាការបំភ្លឺដល់សាធារណជន និងក៏ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ដែលបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃសុក្រកន្លងទៅថា លោក នេត សាវឿន និងក្រុមគ្រួសារ រួមមានភរិយា និងកូនស្រី ៣ នាក់ បានទៅទិញសញ្ជាតិពីប្រទេសចំនួន ២ គឺប្រទេស សេនគ្រីស្តុហ្វឺអេនណេវីស នៅទ្វីបអាមេរិក និងប្រទេស ស៊ីប នៅទ្វីបអឺរ៉ុប។
ក្រៅពីការលើកឡើងរឿងទិញសញ្ជាតិ លោក សម រង្ស៊ី បានចោទប្រកាន់ថា លោក នេត សាវឿន ត្រៀមរត់ទៅក្រៅប្រទេសដោយសាររដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិតដួលរលំ ហើយថា លោក នេត សាវឿន បានប្រព្រឹត្តអំពើពុករលួយមានប្រាក់រាប់លានដុល្លារហើយយកទៅទុកនៅបរទេស។
លិខិតបំភ្លឺចុះថ្ងៃទី ១០ សីហា របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានបំភ្លឺថា ការលើកឡើងរបស់លោក សម រង្ស៊ី ដែលអគ្គស្នងការនគរបាលជាតិហៅថា «មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់» នោះបានព្យាយាមបង្ហោះព័ត៌មានប្រឌិត បំផ្លើស និងបំភ្លៃការពិត ដើម្បីញុះញង់មួលបង្កាច់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក នេត សាវឿន ប៉ុណ្ណោះ។
អ្នកនាំពាក្យអគ្គស្នងការថ្លែងថា លោក នេត សាវឿន «ជាមេដឹកនាំខ្ពង់ខ្ពស់នៃកងកម្លាំងនគរបាលជាតិ ដែលតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរ និងខ្វាយខ្វល់ជានិច្ចពីសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយមិនដែលមានប្រវត្តិរត់ចោលស្រុក និងប្រព្រឹត្តអំពើក្បត់ជាតិ ក្បត់ប្រជាពលរដ្ឋ ឬធ្វើសកម្មភាពញុះញង់ បង្កចលាចលដល់សង្គមជាតិ ឬធ្វើសកម្មភាពណាមួយក្នុងគោលដៅបំផ្លិចបំផ្លាញជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ ដូចទណ្ឌិត សម រង្ស៊ី និងបក្ខពួកទេ»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិថ្លែងបន្តថា ក្នុងឋានៈជាពលរដ្ឋថ្លៃថ្នូរមួយរូប លោក នេត សាវឿន មិនមានចេតនាធ្វើការតបតជាមួយលោក សម រង្ស៊ី និងបក្ខពួកទេ។
បើទោះបីជាចោទប្រកាន់លោក នេត សាវឿន ថាបានប្រព្រឹត្តអំពើពុករលួយក៏ដោយ ក៏លោក សម រង្ស៊ី បានស្នើឲ្យលោក នេត សាវឿន ចូលរួមដៃជាមួយពលរដ្ឋដើម្បីចាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជាការឆ្លើយតបនឹងអគ្គស្នងការនគរបាលជាតិ លោក សម រង្ស៊ី កាលពីថ្ងៃសៅរ៍ បានថ្លែងក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី ថា លោក នេត សាវឿន មិនហ៊ានឆ្លើយតបជាមួយរូបលោក ដោយសារលោកមានឯកសារជាក់ស្ដែងរួមមានលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណប្រទេស ដែល លោក នេត សាវឿន បានទៅទិញសញ្ជាតិ។
លោក រង្ស៊ី អះអាងថា លោកបានស្រាវជ្រាវឃើញថា ប្រទេសទាំង ២ ខាងលើលក់សញ្ជាតិក្នុងតម្លៃ ៥០ ម៉ឺនដុល្លារ តែបើចង់បានលឿនអាចមានតម្លៃរហូតដល់ ៣ ឬ ៤ លានដុល្លារ។
លោកបន្តថា បើលោក នេត សាវឿន បដិសេធថា មិនបានទិញ លោកត្រូវប្រកាសថា លោកឈប់យកសញ្ជាតិទាំងនោះ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយថ្លែងថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺជានយោបាយអុជអាល ឬបំបែកបំបាក់ ដែលពីមុនបក្សប្រឆាំងធ្លាប់រងគ្រោះ ប៉ុន្តែបច្ចុប្បន្ននេះ បក្សប្រឆាំងយកការបំបែកបំបាក់មកប្រើម្ដង ហើយអ្នកនយោបាយខ្មែរបាត់បង់សីលធម៌។
លោកថ្លែងថា៖ «គាត់ធ្វើអ៊ីចឹងគឺដើម្បីញុះញង់ឲ្យផ្ទៃក្នុងបក្សកាន់អំណាចប្រេះឆា ប្រឈមដាក់គ្នា និងបាត់សេចក្ដីទុកចិត្តគ្នាទៅវិញទៅមក»៕