មណ្ឌលគិរីៈ នៅក្នុង​រយៈពេល ៩ ​ខែ​ក្នុង​ឆ្នាំ​ ២០១៩ នេះ មន្ត្រី​ឧទ្យានុរក្ស​សហការ​ជាមួយ​នគរបាល និង​កងរាជអាវុធហត្ថ​ប្រចាំ​នៅ​ដែនជម្រក​សត្វព្រៃ​កែវសីមា​បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចំនួន ៦៦ ​ករណី​ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ ៣៤ ​នាក់​ក្នុង​នោះ​មាន​ ៣៥ ​ករណី​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ និង ៣១ ​ករណី​ត្រូវ​បាន​ពិន័យ​ជា​អន្តរកាល​។

របាយការណ៍​បូកសរុប​របស់​មន្ត្រី​ដែនជម្រក​សត្វព្រៃ​កែវសីមា​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ ៩ ​ខែ​នេះ​វត្ថុតាង​ដែល​បង្ក្រាប​ពី​បទល្មើស​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​គឺ​មាន​រថយន្ត​មិន​កែច្នៃ និង​កែច្នៃ ៣៩ ​គ្រឿង ម៉ូតូ ៥៥ ​គ្រឿង រណារយន្ត​ ១០០ គ្រឿង និង​ឈើ​សរុប ៩៣៦ កំណាត់ ស្មើនឹង​ជិត ៥០ ​ម៉ែត្រគុប​។ របាយការណ៍​បន្ត​ថា​ក្នុង​ពេល​ ៩ ​ខែ​នេះ​គឺ​សកម្មភាព​កាប់​រាន​ព្រៃ​ជា​កម្មសិទ្ធិ​ឯកជន​នៅតែ​បន្ត​កើតមាន ដែល​មាន​ទាំង​ការ​លួច​ដុត​ព្រៃ និង​ការដាំ​ដំណាំ​ពី​ពលរដ្ឋ​ចំណាកស្រុក​ និង​ក្នុង​មូលដ្ឋាន ហើយ​ក៏​នៅមាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ និង​រថយន្ត​ផងដែរ​ដោយ​ជនល្មើស​ភាគច្រើន​ប្រើ​គ្រឿងញៀន​ហើយ​តែង​តដៃ​ជាមួយ​សមត្ថកិច្ច​។

លោក​ ពិន ប៊ុនធឿន អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ទទួល​បន្ទុក​ការងារ​គ្រប់គ្រង​ដែន​ជម្រក​កែវសីមា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ចាប់តាំងពី​មាន​ប្រតិបត្តិការ​ចុះបង្ក្រាប​ដោយ​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ជិត ៣ ​ខែ​មក​នេះ​បាន​ធ្វើឱ្យ​បទល្មើស​ក្នុង​ដែន​ជម្រក​កែវសីមា​ថយចុះ​គឺ​លែង​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ទ្រង់ទ្រាយ​ធំ​តាម​រថយន្ត​ទៀត​ហើយ​។ លោក​ថា​៖ «​ការដឹកជញ្ជូន​ឈើ​គឺ​ថយចុះ​ពី​ ៨០ ​ទៅ​ ៩០% »​។

មន្ត្រី​រូបនេះ​បន្ត​ថា​នៅក្នុង​ដែនជម្រក​កែវសីមា​គឺមាន​មន្ត្រី​ឧទ្យានុរក្ស​ចំនួន ២២ ​នាក់​ដែល​តែង​ចុះ​ល្បាត​ដោយ​សហការ​ជាមួយ​នគរបាល​ចំនួន ១១ ​នាក់ និង​មាន​មន្ត្រី​កងរាជអាវុធហត្ថ​ ១៥ ​នាក់​។ លោក​ថា​៖ «​យើង​ពង្រឹង​សកម្មភាព​ល្បាត​ក្នុង​ព្រៃ​គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ពួកគាត់​ដេក​យប់​ក្នុង​ព្រៃ​ឱ្យបាន​ច្រើន​បន្តិច​កាលណា​យើង​ចូល​ព្រៃ​ច្រើន (​ក្រុម​ជន​ប្រព្រឹត្ត​) ​បទល្មើស​ក៏​អត់​ហ៊ាន​ចូល​ដែរ​»​។

ខេត្ត​មណ្ឌលគិរី​មាន​ដែនជម្រក​សត្វព្រៃ​ចំនួន ៥ គឺ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ភ្នំ​ណាមលៀរ ស្រែ​ពក លំផាត់ និង​ដែនជម្រក​សត្វព្រៃ​កែវសីមា​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ថ្លែងថា មកដល់​ពេល​នេះ​លោក​មិនទាន់​ទទួល​បាន​របាយការណ៍​ដែល​បង្ហាញ​អំពី​ការបង្ក្រាប​បាន​បទល្មើស​ក្នុង​ដែន​ជម្រក​ទាំងនោះ​នៅឡើយ​ទេ​។ លោក​ថា​៖ «​ខាង​ដែន​គេ​ធ្វើ​ (​បូកសរុប​លទ្ធផល​បង្ក្រាប​) ​រៀងៗ​ខ្លួន ហើយ​បានមក​បូកសរុប​នៅ​មន្ទីរ​»​។

លោក យិន ឈឹង សមាជិក​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវសីមា បាន​ថ្លែងថា​ក្នុង​រយៈពេល​មាន​ការ​ចុះបង្ក្រាប​ពី​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​គឺ​ពិតជា​សង្កេតឃើញ​បទល្មើស​ក្នុង​ដែន​ជម្រក​កែវ​សីមា​ថយចុះ​ច្រើន​មែន ដោយ​ស្ងប់ស្ងាត់​លែង​មាន​រថយន្ត​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ដូច​មុន​។

លោក​បន្តថា​​ កាលពី​មិនទាន់​មាន​ការប្រតិបត្តិការ​ពី​គណៈកម្មាធិការ​ជាតិ​នេះ​គឺ​ក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា​គឺ​មាន​ទាំង​រថយន្ត និង​ម៉ូតូ​បាន​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​បន្តកន្ទុយ​គ្នា​។

លោក​ថា​៖ «​ឥឡូវ​សកម្មភាព​ដឹកឈើ​ទ្រង់ទ្រាយ​ធំ គឺ​មិន​មាន​ដឹក​ទៀត​ទេ​។ ប៉ុន្តែ​គឺ​មាន​ដឹក​តែ​លក្ខណៈ​គ្រួសារ​តិចតួច គឺ​ ១ ​ម៉ូតូ​ ឬ​ ២ ​ម៉ូតូ​ដែល​​ ២-៣ ​ថ្ងៃ​កើតឡើង​ ១ ​ជើង​អី​ទេ គឺ​ដើម្បី​គ្រាន់តែ​ដោះដូរ​អំបិល​ប៊ីចេង​អីហ្នឹង​»៕