
មន្ត្រីឧទ្យានុរក្សកំពុងរើអន្ទាក់ ដែលគេដាក់ចាប់សត្វព្រៃក្នុងតំបន់ការពារអារ៉ែង។ រូបថត WA-C
កោះកុងៈ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia) បានឲ្យដឹងថា កាលពីសប្ដាហ៍មុន មន្ត្រីឧទ្យានុរក្សបានចុះដកហូតអន្ទាក់ដាក់សត្វព្រៃចំនួនជាង ២០០ អន្ទាក់នៅក្នុងតំបន់អារ៉ែង។
មន្ត្រីបរិស្ថានខេត្តកោះកុងបានលើកឡើងថា ជ្រូកព្រៃគឺជាសត្វរងគ្រោះច្រើនជាងគេ ដោយសារអន្ទាក់ទាំងនោះ។
ទំព័រហ្វេសប៊ុកអង្គការសម្ព័ន្ធមិត្តសត្វព្រៃចុះផ្សាយនៅថ្ងៃទី ៧ មករាបានឲ្យដឹងថា៖ «កាលពីសប្ដាហ៍កន្លងទៅ មន្ត្រីឧទ្យានុរក្សស្នាក់ការអារ៉ែងបានរុះរើ និងដកហូតអន្ទាក់បានចំនួន ២៦៦ អន្ទាក់។ អន្ទាក់គឺជាគ្រោះមហន្តរាយដ៏ធំមួយសម្រាប់សត្វព្រៃក្នុងតំបន់អាស៊ីអាគ្នេយ៍»។
ទំព័រហ្វេសប៊ុកនេះបានបង្ហាញរូបថតចំនួន ៤ សន្លឹក ដែលមានមន្ត្រីឧទ្យានុរក្សម្នាក់ កងរាជអាវុធហត្ថ ២ នាក់ និងមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឈរបង្ហាញខ្សែអន្ទាក់សត្វព្រៃទាំងនេះ។ មន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃសុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ក្រុមការងារទាំងនោះគឺតែងចុះធ្វើសកម្មភាពល្បាតជារៀងរាល់ថ្ងៃនៅក្នុងតំបន់អារ៉ែង ហើយអន្ទាក់សត្វព្រៃដែលត្រូវដកហូតពីក្នុងព្រៃទាំងនោះគឺត្រូវរក្សាទុកនៅក្នុងទីស្នាក់ការអារ៉ែងរបស់ក្រសួងបរិស្ថាន។
មន្ត្រីដដែលរូបនោះនិយាយថា៖ «អន្ទាក់សត្វទាំងហ្នឹង គឺជាប់សត្វព្រៃចម្រុះ សត្វណាចូលក្នុងអន្ទាក់ហ្នឹងមុនគឺសត្វនោះហើយ»។
អារ៉ែងជាតំបន់មួយស្ថិតក្នុងតំបន់ជួរភ្នំក្រវាញ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានអះអាងថា ជួរភ្នំក្រវាញដែលជាព្រៃទឹកភ្លៀងរបស់កម្ពុជាគឺគេអាចមានឱកាសបានឃើញប្រភេទបក្សីចំនួន ៤៥០ ប្រភេទ និងសត្វឆ្អឹងកងជាង ៥៥ ប្រភេទដែលកំពុងរងការគំរាមកំហែងដូចជាសត្វខ្លាឃ្មុំព្រះអាទិត្យ និងដំរីអាស៊ីជាដើម។
លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានថ្លែងឲ្យដឹងថានៅក្នុងតំបន់អារ៉ែង សត្វព្រៃដែលឧស្សាហ៍បានឃើញច្រើនជាងគេគឺមានដូចជាជ្រូកព្រៃ ដំរី និងឈ្លូសជាដើម ខណៈសត្វព្រៃរងគ្រោះខ្លាំងជាងគេបំផុតពីការដាក់អន្ទាក់ គឺមានដូចជាសត្វជ្រូកព្រៃ និងសត្វត្រកួត។
លោកថ្លែងឲ្យដឹងទៀតថា មន្ត្រីឧទ្យានុរក្សប្រចាំខេត្តកោះកុងគឺមានចំនួន ១១២ នាក់ ដែលតែងចុះល្បាតជារៀងរាល់ថ្ងៃនៅក្នុងតំបន់អារ៉ែង និងតំបន់មួយចំនួនទៀតនៅក្បែរៗតំបន់អារ៉ែង។ ប្រធានមន្ទីររូបនេះបន្ថែមថា អ្នកដែលដាក់អន្ទាក់ទាំងនោះ គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រៃឡង់ដែលពួកគាត់ភាគច្រើនដាក់អន្ទាក់ សម្រាប់យកសត្វព្រៃមកបរិភោគ ឬចែកចាយគ្នា។
លោកថ្លែងថា៖ «ស្ថានភាព (ការដាក់អន្ទាក់) មិនមានការកើនឡើងទេ។ សកម្មភាពដាក់អន្ទាក់គឺអាចកើតឡើងប្រហាក់ប្រហែលនាពេលកន្លងមក ឬមានការថយចុះតិចតួច ដោយសារយើងមានវិធានការទប់ស្កាត់ និងបង្ក្រាបជាប្រចាំ»។
លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំងខេត្តកោះកុងបានលើកឡើងថា ខាងសាលាស្រុកបានបញ្ជូនមន្ត្រីចុះទៅផ្សព្វផ្សាយតាមសាលានានាដោយសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សសត្វព្រៃ។
លោកបន្តថា ក្រៅពីនេះក៏តែងតែចុះធ្វើវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយទៅប្រជាពលរដ្ឋនៅតាមភូមិឱ្យយល់ដឹងអំពីអត្ថប្រយោជន៍នៃការការពារសត្វព្រៃផងដែរ ជាពិសេសអំពីការការពារនៅតំបន់អារ៉ែង និងតំបន់ជីផាត់។
លោកបានថ្លែងថា៖ «យើងតែងធ្វើវេទិកាសាធារណៈ គឺធ្វើ ១ ខែម្ដងទៅ ២ ខែម្ដង»៕