
មន្ត្រីពេលកំពុងលែងពស់ថ្លាន់កាលពីថ្ងៃទី ២៥ ឧសភា ។ រូបថត ហ្វេសប៊ុក
កំពង់ឆ្នាំង៖ មន្ត្រីឧុទ្យានអនុរក្សខេត្តកំពង់ឆ្នាំងបានសហការជាមួយក្រុមអង្គការអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តលែងពស់ថ្លាន់ ៣៨ ក្បាល ចូលបឹងធម្មជាតិវិញកាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១។
លោក ម៉ែន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ក្រុមអង្គការអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តបានរកឃើញពស់ថ្លាន់ចំនួន៣៨ក្បាល ពីបណ្តាកន្លែងផ្សេងៗ ក្នុងនោះមានប្រមូលពីភ្នំតាម៉ៅ បណ្តាកន្លែងចិញ្ចឹមតាមផ្ទះ នៅក្នុងរាជធានីភ្នំពេញ និងស្ទាក់ចាប់បានពីក្រុមឈ្មួញដឹកជញ្ជូនសត្វព្រៃលក់ផងដែរ។
លោក ម៉ែន ផល្លា ក្រុមអង្គការអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័ត បានឱ្យដឹងថា៖ «គាត់ (មន្ត្រី) ចាប់បានពីកន្លែងផ្សេងៗ ហើយមកសហការជាមួយមន្ត្រីយើងប្រចាំការនៅ ឆ្នុកទ្រូហ្នឹងដើម្បីដោះលែងទៅបឹងធម្មជាតិវិញ។ ពស់ទាំងនោះយើងអត់បានដឹងថា មានទម្ងន់ និងប្រវែងប៉ុន្មានទេ ព្រោះប្រញាប់យកទៅលែង ខ្លាចទុកយូរទៅវាងាប់» ។
លោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋជួយថែរក្សាការពារ និងអភិរក្សសត្វព្រៃគ្រប់ប្រភេទ កុំចាប់ ឬសម្លាប់សត្វ និងកុំកាប់ដុតរុករានទន្ទ្រានដីព្រៃដែលជាជម្រកជីវចម្រុះគ្រប់ប្រភេទ។ លោកផល្លាបញ្ជាក់ថា ការចាប់សត្វព្រៃយកទៅជួញដូរជាអំពើខុសច្បាប់។
លោក ខៀវ រចនា មន្ត្រីបច្ចេកទេសផ្នែកចម្ការឈើដាំនៃក្រុមហ៊ុន Grandis Timber ដែលធ្វើការអភិរក្សសត្វព្រៃនិងបង្កើតចម្ការឈើលើដីរេចរឹលនៅកម្ពុជា បានសាទរចំពោះការដោះលែងពស់ថ្លាន់ចូលទៅកាន់លំនៅធម្មជាតិរបស់វាវិញ ប៉ុន្តែលោកសំណូមពរឲ្យមានការដោះលែងយ៉ាងណាឲ្យត្រូវតាមតំបន់ជាមួយប្រភេទសត្វដែលត្រូវដោះលែង។
លោកថ្លែងថា៖ «ពស់ថ្លាន់ វាមានប្រភេទខ្លះវារស់នៅក្នុងតំបន់ព្រៃភ្នំ ឯខ្លះទៀតនៅតាមបឹងដែលគេហៅថាថ្លាន់ទឹក អីចឹងបើលែងត្រូវតំបន់កន្លែងវារស់នៅ សត្វវាងាយស្រួលរស់នៅ មិនសូវមានហានិភ័យ ប៉ុន្តែបើលែងខុសទីតាំងលក្ខខណ្ឌកន្លែងដែលវារស់នៅ ធ្វើឲ្យវាពិបាករកចំណី ហើយមានហានិភ័យខ្ពស់ពីការបរបាញ់របស់អ្នកភូមិ»៕