
លោក នេត្រ ភក្ត្រា ប្រគល់បណ្ណសរសើរដល់ឧទ្យានុរក្សពីថ្ងៃ ១៧ មករា។ រូប អាប់ឌុលរ៉ាស់ហ៊ីម
មណ្ឌលគិរីៈ ក្រសួងបរិស្ថាន និងអង្គការ WWF ផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានដល់មន្ត្រីឧទ្យានុរក្សឆ្នើមចំនួន ៦ នាក់ក្នុងចំណោម ១០០ នាក់ក្នុងខេត្តមណ្ឌលគិរី ដើម្បីជាការលើកទឹកចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវក្នុងពេលកន្លងមក។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានឲ្យដឹងថា មន្ត្រីឧទ្យានុរក្សឆ្នើមចំនួន ៦ រូបដែលទទួលបានបណ្ណសរសើរមេត្រីភាពពីក្រសួងបរិស្ថាននោះ រួមមាន មន្ត្រីឧទ្យានុរក្ស ៣ រូបបំពេញការងារក្នុងដែនជម្រកសត្វព្រៃស្រែពក និង ៣ រូបទៀតបំពេញការងារយ៉ាងសកម្មក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច នៃខេត្តមណ្ឌលគិរី។
លោក នេត្រ ភក្ត្រា បានប្រគល់បណ្ណសរសើរដល់មន្ត្រីឧទ្យានុរក្សឆ្នើមទាំង ៦ រូប ដោយផ្ទាល់នៅទីស្នាក់ការ ត្រពាំងធ្មៀរក្នុងដែនជម្រកសត្វព្រៃស្រែពក កាលពីថ្ងៃទី ១៧ មករា ក្នុងឱកាសដឹកនាំ ក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចស្វែងយល់ពីសក្ដានុពលនៃដែនជម្រកសត្វព្រៃស្រែពក។
បើតាមលោក ភក្ត្រា បណ្ណសរសើរមេត្រីភាពនេះ គឺជាសក្ខីភាពបញ្ជាក់ពីការលះបង់កម្លាំងកាយ កម្លាំងចិត្តដ៏មោះមុតក្នុងការបំពេញការងារការពារធនធានធម្មជាតិនៅកម្ពុជា។ លើកទឹកចិត្តដល់មន្ត្រី ឧទ្យានុរក្សឲ្យបន្តបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងបន្តបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។ លោកថា ក្រសួងបរិស្ថានចាត់ទុកមន្ត្រីឧទ្យានុរក្សជាឆ្មាំការពារព្រៃឈើ និងជាអ្នកនៅជួរមុខដើម្បីអភិរក្សធនធានធម្មជាតិ។
លោកថ្លែងថា៖ «ទោះបីជាមន្ត្រីឧទ្យានុរក្សមានបទពិសោធច្រើនក្នុងការងារដើរល្បាត បង្ក្រាបបទល្មើស និងការពារ និងអភិរក្សធនធានធម្មជាតិ តែមន្ត្រីឧទ្យានុរក្សទាំងអស់ត្រូវបន្តហ្វឹកហាត់ផ្នែកបច្ចេកទេសថ្មីៗ បន្ថែមទៀតដើម្បីបង្កើនសមត្ថភាព និងទទួលបាននូវមេរៀន និងបទពិសោធថ្មីៗបន្ថែមទៀតក្នុងគោលដៅបង្កើនប្រសិទ្ធភាពក្នុងតួនាទីរបស់ខ្លួនជាឆ្មាំព្រៃ»។
ក្រៅពីទទួលបានបណ្ណសរសើរពីក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សទាំងអស់ក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចក៏ទទួលបានបណ្ណសរសើរពី អង្គការ WWF ដែលជាដៃគូសហការរបស់ក្រសួងបរិស្ថានផងដែរ។
លោក សេង ទៀក នាយកអង្គការ WWF នៅកម្ពុជាថ្លែងថា ការផ្តល់បណ្ណសរសើរដល់មន្ត្រីឧទ្យានុរក្ស ដើម្បីផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់មន្ត្រីជួរមុខដែលមានឆន្ទៈមោះមុត ការសន្យា និងការលះបង់ខ្ពស់ ចូលរួមការពារធនធានធម្មជាតិ និងសត្វព្រៃដែលជាបេតិកភណ្ឌជាតិមានជីវិតសម្រាប់កូនចៅជំនាន់ក្រោយ។
លោកបន្តថា៖ «ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលទទួលបានចេញពីការអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្សនៃដែនជម្រក សត្វព្រៃទាំង ២ ចាប់ពីឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០២០ ដែលបានចាប់បង្ក្រាបរឹបអូសបទល្មើសបានច្រើនករណី»។
បើតាមលោក សេង ទៀក ចាប់ពី ឆ្នាំ ២០១៣-២០២០ ឧទ្យានុរក្សប្រមូលអន្ទាក់បាន ២៤ ៧៩៨ និងអន្ទាក់ឆក់ ១ ០៩២៥ ម៉ែត្រ រណារយន្ត ១ ៧៥២ គ្រឿង ឈើ ២៦ ៤៨៦ ម៉ែត្រគុប និងការទន្ទ្រាន ដីព្រៃខុសច្បាប់ ២៣ ៨៩៨ ហិកតា ចេញលិខិតព្រមាន ១ ៥៩៧ ករណី និងចាប់បានជនប្រព្រឹត្ត ១២៣ នាក់បញ្ជូនទៅតុលាការ។
លោក អឿន សំរិត មន្ត្រីឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃស្រែពកដែលទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន សម្តែងក្តីរីករាយក្នុងការទទួលបានបណ្ណសរសើរនេះ ដោយលោកបញ្ជាក់ថា នេះជា លើកទី ១ ហើយ ក្នុងពេលបំពេញការងារជាង ៧ ឆ្នាំមកនេះ។
លោកនិយាយថា៖ «កន្លែងដែនជម្រក ដែលខ្ញុំកាន់កាប់រយៈពេល ៧ ឆ្នាំហ្នឹង វាមានបញ្ហាប្រឈមនឹងការគ្រោះថ្នាក់តិចតួច។ ប៉ុន្តែការទទួលបាននេះ ខ្ញុំគិតថា ដោយសារតែកន្លងមកខ្ញុំមិនដែលបដិសេធ ឬរាថយក្នុងការចុះធ្វើកិច្ចការងារអភិរក្ស ធនធានធម្មជាតិ និងជីវចម្រុះទេ»។
លោក សំរិត ឲ្យដឹងថា ការចុះអនុវត្តការងារការពារធនធានធម្មជាតិកន្លងមកមានប្រសិទ្ធភាព និងទាន់ពេលវេលា ដោយសារការសហការគ្នាជាក្រុម ដោយយកកម្លាំងពីតាមប៉ុស្តិ៍នីមួយៗ និងសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិផងដែរ៕