ភ្នំពេញៈ លោកស្រី​ កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្រៃ្តយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បាន​ថ្លែងថា ការកំណត់​ព្រំដែន​ដែល​នៅ​សេសសល់​ជាមួយ​ប្រទេស​វៀតណាម ថៃ និង​ឡាវ គឺ​មាន​ភាពស្មុគស្មាញ​ខ្លាំង​ទាំង​លក្ខណៈ​បច្ចេកទេស និង​ឯកសារ​ផ្លូវច្បាប់ ខណៈ​ដែល​បច្ចុប្បន្ន​ការបោះបង្គោល​ព្រំដែន​គោក​ជាមួយ​វៀតណាម​សម្រេច​បាន​ចំនួន ៣១៥ បង្គោល​លើ​ចំនួន​សរុប ៣៧៥ បង្គោល​ដែល​នឹង​ស្មើ ៨៤%​។

លោកស្រី កុយ ពិសី បាន​ថ្លែង​បែបនេះ​នៅក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​កាសែត​ភ្នំពេញប៉ុស្តិ៍​។ លោកស្រី​ឲ្យ​ដឹង​ទៀតថា ចំណែក​ការបោះបង្គោល​ព្រំដែន​ជាមួយ​ឡាវ​សម្រេច​បាន​ចំនួន ១២១ បង្គោល​លើ​ចំនួន​សរុប ១៤៥ បង្គោល​ស្មើនឹង ៨៦% និង​ជាមួយ​ភាគី​ថៃ កម្ពុជា-ថៃ​បាន​ស្វែងរក និង​កំណត់​ទីតាំង​បង្គោល​ព្រំដែន​ចាស់​ដែល​បោះ​ដោយ​គណៈកម្មាធិការ​ចម្រុះ​បារាំង-​សៀម នៅក្នុង​សម័យ​អាណានិគម​បារាំង​បាន​ចំនួន ៤៥ ​បង្គោល​ក្នុងចំណោម​បង្គោល​សរុប​ចំនួន​ ៧៣ ​បង្គោល​ស្មើនឹង ៦២%​។

លោកស្រី ពិសី បន្ត​ថា ការកំណត់​ព្រំសីមា​ដែល​នៅ​សេសសល់​ជាមួយ​ប្រទេស​ទាំង ៣ ថៃ ឡាវ និង​វៀតណាម​គឺមាន​ភាពស្មុគស្មាញ​ខ្លាំង​រួមមាន ទាំង​លក្ខណៈ​បច្ចេកទេស និង​ឯកសារ​ផ្លូវច្បាប់​។ លោកស្រី​បញ្ជាក់​ថា ការបោះបង្គោល​ព្រំដែន​ដែល​នៅសល់​រវាង​កម្ពុជា-វៀតណាម និង​ឡាវ​គឺ​ពិបាក​ដូចគ្នា​ទាំង​ផែនទី និង​បច្ចេកទេស​នៅក្នុង​ការគូស​ចម្លង​ផែនទី​ដោយសារ​តែ​កម្ពុជា​នឹង​ប្រទេស​ទាំង​​ ២ ប្រើប្រាស់​ផែនទី​ខ្នាត​ ១ ​លើ​ ១០០ ​ពាន់​។

លោកស្រី​ថា​៖ «​ផែន​ទីនេះ​បោះពុម្ព​យូរ​ហើយ​ពេល​យក​ទៅ​បោះ​នៅលើ​ដី​ជាក់ស្តែង យើង​អត់​អាច​អនុវត្ត​កើត​ទេ ព្រោះ​នៅលើ​ផែនទី និង​នៅ​ទីតាំង​ជាក់ស្តែង​វា​អត់​ដូចគ្នា​។ ចំណែក​ថៃ​វិញ​គឺ យើង​រុករក​បង្គោល​ចាស់​បច្ចុប្បន្ន​នៅសល់​ ២៨ ​បង្គោល​ទៀត​ដែល​យើង​មិន​ឯកភាព​គ្នា​នៅលើ​ទីតាំង ព្រោះ​វា​ខុសពី​ទីតាំង​ដើម​»​។

លោកស្រី​បន្តថា ការកំណត់​ព្រំដែន​នេះ​វា​ក៏​ទាក់ទង​នឹង​ឯកសារ​ពាក់ព័ន្ធ​នានា​ផងដែរ​ដូចជា​សេចក្តីសម្រេច​របស់​អគ្គទេសាភិបាល​ឥណ្ឌូចិន និង​ឯកសារ​ផ្សេងៗ​ដោយ​ភាគី​នីមួយៗ​ត្រូវយក​ឯកសារ​នោះមក​ធ្វើជា​អំណះអំណាង​។ «​អ៊ីចឹង​ផែនទី​ហ្នឹង​ដាក់​ថា ជា​របស់​គេ ប៉ុន្តែ​ភាគី​កម្ពុជា​យើង​មាន​ឯកសារ​មួយទៀត​ដែលថា​ជា​របស់​យើង ដូចនេះ​វា​ត្រូវការ​ពេលវេលា និង​ត្រូវ​ជជែក​គ្នា​រក​ដំណោះស្រាយ​»​។

លោកស្រី កុយ ពិសី បាន​ថ្លែង​ទៀតថា រាជរដ្ឋាភិបាល​បាន​បំពេញ​បេសកកម្ម​កំណត់ព្រំដែន​នេះ​បន្ត​ពី​ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរមរតនកោដ្ឋ ក្រោយពី​ព្រះអង្គ​ដណ្តើម​បាន​ឯករាជ្យ​ពី​បារាំង​។

លោកស្រី​បញ្ជាក់ថា​៖ «​រដ្ឋធម្មនុញ្ញ​ឆ្នាំ​ ១៩៩៣ បញ្ជាក់ថា​ផែនទី​យើង ខ្នាត​ ១ លើ​ ១០០ ​ពាន់ បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ធ្វើ​ឡើង​នៅ​ចន្លោះ​ឆ្នាំ​ ១៩៣៣ ដល់​ ១៩៥៣ នេះ​គឺជា​មូលដ្ឋាន​ចម្បង​ដែល​រដ្ឋាភិបាល​ត្រូវ​យកមក​ដោះស្រាយ​បញ្ហា​ព្រំដែន​»​។

លោកស្រី​ថ្លែង​ទៀតថា ពេល​ទទួល​បាន​ឯករាជ្យ​ពី​បារាំង ព្រះករុណា នរោត្តម សីហនុ បាន​យក​ផែនទី​ទៅ​ដាក់​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ដើម្បី​ឲ្យ​អន្តរជាតិ​ទទួលស្គាល់​ព្រំដែន​បច្ចុប្បន្ន​របស់​កម្ពុជា​។ «​មានន័យថា បារាំង​ប្រគល់​ព្រំដែន​ឲ្យ​យើង​ប៉ុនណា គឺ​យើង​យក​ប៉ុណ្ណឹង យើង​អត់​មាន​ទៅ​ទាមទារ​លើសពីនេះ​ទេ ហើយ​សម័យ​ព្រះករុណា អត់​ទាន់​បាន​បោះបង្គោល​ទេ អ៊ីចឹង​រដ្ឋាភិបាល បន្ត​បេសកកម្ម​របស់​លោក​ (​ព្រះបរម​រតនកោដ្ឋ​) គឺ​យក​ផែនទី​នោះ​ឲ្យ​ចេញ​ជា​បង្គោល​នៅលើ​ដី​ជាក់ស្តែង​»​។

លោកស្រី​ ពិសី ​បន្ថែម​ថា លោកស្រី​មាន​មោទនភាព​ចំពោះ​កិច្ចការ​កំណត់​ព្រំសីមា​នេះ ព្រោះ​កាលពី​មុន​ព្រំដែន​ជា​តំបន់​ធ្វើ​សឹក​សង្គ្រាម និង​ត្រូវបាន​បោះបង់​ចោល ប៉ុន្តែ​បច្ចុប្បន្ន​តំបន់​ព្រំដែន​មាន​ការអភិវឌ្ឍ​ច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ មាន​ប្រជាជន​រស់នៅ​ច្រើន​ដែល​កាន់តែ​ធ្វើ​ឲ្យ​ព្រំដែន​រឹងមាំ​។

ទាក់ទិន​នឹង​ការអភិវឌ្ឍ​នៅតាម​ព្រំដែន​នេះ​កាលពី​ឆ្នាំ ២០១៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ​មួយ​ហាមឃាត់​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ឲ្យ​ជួល ឬ​លក់​ដី​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​នៅ​ប្រទេស​ជិតខាង​ដូចជា វៀតណាម ឡាវ និង​ថៃ គឺ​ដើម្បី​រក្សា​ការពារ​នូវ​សិទ្ធិ​កាន់កាប់​ដីធ្លី និង​ផលប្រយោជន៍​ស្របច្បាប់​ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្តោយ​ព្រំដែន ព្រមទាំង​ជួយ​សម្រួល​ដល់​ការងារ​កំណត់ និង​បោះបង្គោល​ខណ្ឌ​សីមា​សំដៅ​រក្សា​ការពារ​ឲ្យ​បាន​នូវ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ​។

កាលពី​ខែ​តុលា ឆ្នាំ​ ២០១៩ នៅ​ក្នុងឱកាស​ចុះហត្ថលេខា​ទទួល​ស្គាល់​ជា​ផ្លូវការ​នៃ​ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម លោក​នាយករដ្ឋមន្ត្រី​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រែក្លាយ​ខ្សែ​ព្រំដែន​កម្ពុជា-វៀតណាម ក៏ដូចជា​ព្រំដែន​កម្ពុជា​ជាមួយ​ឡាវ និង​ថៃ​ឱ្យ​ទៅ​ជា​ព្រំដែន​អន្តរជាតិ​ពិតប្រាកដ ដើម្បី​បញ្ចប់​នូវ​បាតុភាព​ព្រំដែន​រួម​គ្នា​ប្រែក្លាយ​តំបន់​ព្រំដែន​ឱ្យ​ទៅ​ជា​តំបន់​គ្មាន​ភាពភ័យខ្លាច​ទៅ​ជា​តំបន់​ដែល​មាន​ជីវភាព​​ធូរធារ និង​ជា​តំបន់​មានការ​អភិវឌ្ឍ​សុខដុម​នីយកម្ម រុងរឿង​តរៀង​ទៅ​»​។

លោក វ៉ា សាម៉េត ពលរដ្ឋ​រស់នៅ​ខេត្ត​ស្វាយរៀង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​សប្បាយ​ចិត្ត​នៅពេល​ដែល​រដ្ឋាភិបាល​បាន​កំណត់​ការបោះបង្គោល​ព្រំដែន​បាន​ចំនួន​ច្រើន និង​ស្នើឲ្យ​ពន្លឿន​ដើម្បី​ឲ្យ​ឆាប់​បាន​បញ្ចប់​ការកំណត់​ព្រំដែន​។ «​ការបោះបង្គោល​ព្រំដែន​នៅពេល​នេះ​គឺ​ល្អ​ណាស់ ខ្ញុំ​សប្បាយចិត្ត​ព្រោះ​បើ​ផ្ទះមួយ​មាន​របង​ត្រឹមត្រូវ យើង​អាច​ការពារ​បាន យើង​លែង​ភ័យ លែង​បារម្ភ អ្នក​ជុំវិញ​យើង​ដណ្តើម​ឈ្លានពាន​។ ខ្ញុំ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើឲ្យ​សម្រេច​ឆាប់​ព្រោះ​កាលណា​ធ្វើ​ហើយ​មាន​ប្រជាជន​យើង​ចង់ទៅ​មើល​ចង់ដឹង​គេ​ធ្វើ​ព្រំដែន​យ៉ាងម៉េច​»​។

លោកស្រី​ កុយ ​ពិសី ​ថ្លែងថា រដ្ឋាភិបាល​មាន​ឆន្ទៈ​មុតមាំ​ក្នុង​ការជំរុញ​ការងារ​ព្រំដែន និង​ចង់​បញ្ចប់​ការបោះបង្គោល​ព្រំដែន​ឲ្យ​បាន​រួចរាល់​នៅ​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន គឺ​ធ្វើយ៉ាងណា​ឲ្យ​ការ​គូស​ផែនទី​នៅលើ​ក្រដាស​ត្រូវ​គ្នា​ជាមួយ​នឹង​ទីតាំង​ដី​ជាក់ស្តែង​។ «​យើង​មិនអាច​ទុក​ប្រទេស​យើង​ឲ្យ​អត់​របង ល្ហល្ហេវ​បានទេ គឺ​ចាំបាច់​ត្រូវតែ​ធ្វើ​របង​ការពារ​ទាំង​បង្គោល​ព្រំដែន​ខ្សែ​ព្រំដែន និង​ប្រជាជន យើង​ចង់​បាន​ព្រំដែន​មួយ​ស្រុះស្រួល​គ្នា និង​សុខសន្តិភាព​»៕