ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ថា ការ​ទាម​ទារ​របស់​សហភាព​អឺរ៉ុប ​រឿង​ EBA មិន​អាចហួស​ប​ន្ទាត់​​ក្រហម «អធិប​តេយ្យ​​ភាព និង​ឯករាជភាព» របស់​កម្ពុជា​​ទេ ខណៈ​អ្នក​វិភាគ​យល់​​ថា រដ្ឋាភិបាល​ មិន​បាន​ធ្វើទៅ​​តាម​ការ​ចង់​បាន​របស់​សហ​​​ភា​ព​អឺរ៉ុបក្នុង​ការ​ស្តារ​ស្ថាន​ភាព​សិ​ទ្ធិ​​​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​ធ្លាក់​ចុះ។

លោក ប្រាក់​ សុខុន ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស ​និង​សហប្រតិបត្តិការ​អន្តរ​ជា​តិ បាន​ជួប​ជា​មួយ​លោក Jean-Christophe Belliard អគ្គលេខាធិ​ការរង​ នៃមន្ទីរ​ការ​បរទេស​សហ​ភាព​អឺរ៉ុប​ និង​លោក George Edgar ឯក​អគ្គរដ្ឋ​​​ទូ​ត​​អឺរ៉ុប​ប្រចាំ​កម្ពុជា ដើម្បី​​សំណេះ​សំណា​ល​​ អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​ក្រសួ​​ង​ការបរទេស កាល​ពី​ម្សិល​មិញ។ លោ​ក​ សុខុន បាន​ប្រាប់​ប្រតិ​ភូ​សហភាព​អឺរ៉ុ​ប​​​ថា កម្ពុជា​មិន​អាច​យក​អធិប​តេយ្យភាព​របស់​ខ្លួន​ទៅ​ប្ដូរ​នឹង​ EBA បាន​ទេ ។

លោក កេត សោផាន់ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ ក្រោយ​ជំនួប​នោះ​ថា EBA មិន​ត្រឹម​តែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្មករ ​កម្មការិនី​ ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ដល់​ជីវភាព​ក្រុម​គ្រួសារ​របស់​ពួក​គេ​ប្រមាណ​ ២​ លាន​នាក់​ទៀត។

លោក​ សោផាន់ ថ្លែង​ដោយ​លើក​ឡើ​ង​នូវ​ពាក្យ​សម្ដី​របស់​លោក សុខុន ដែល​​ថ្លែង​ថា៖ «រដ្ឋា​ភិបាល​នឹង​ព្យាយាម​គ្រ​ប់​​បែប​យ៉ាង​ ដើម្បី​រក្សា​នូវ EBA សម្រាប់​កម្ពុជា។ ប៉ុន្តែ​ទោះយ៉ាងណាមាន​បន្ទា​ត់​​​​ក្រហម​មួយ​នោះ​គឺ​ថា អធិប​តេយ្យ​ភា​ព​ និង​ឯករាជភា​ពសម្រាប់​ប្រទេស គឺ​មិន​​អាច​ប្តូរ​ជាមួយ EBA បាន​ទេ»។

លោក សោផាន់ បន្ត​ថា៖ «ភាគី​ទាំង​ ២ នឹង​បន្ត​សន្ទនាជាមួយ​គ្នា​​រក​ដំណោះ​ស្រាយ​ ដើម្បី​រក្សា​ EBA សម្រាប់​កម្ពុជា​​។ ការ​សន្ទនា​នេះ​ គឺឈរ​នៅលើ​ស្មារតី​គោរព​គ្នា​ទៅវិញ​ទៅមក»។

យោង​តាម​សហភាព​អឺរ៉ុប EBA ត្រូវ​បាន​ផ្ដល់​ឲ្យ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច ​ដើម្បី​​ជួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ក្នុង​ការ​​កាត់​បន្ថយភាព​ក្រី​ក្រ លើក​កម្ពស់​អភិបាល​កិច្ច​ល្អ និង​ការ​អភិវឌ្ឍដោយ​ចីរភាព។ ប៉ុន្តែ​ប្រទេស​ដែល​ទទួល​បាន​ ត្រូវ​គោរព​គោល​ការណ៍​សិទ្ធិ​មនុស្ស​ ដែល​​មាន​ចែងក្នុង​​កតិកា​សញ្ញា​ដែល​ពាក់​ព័ន្ធ។ ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ សហភាព​អឺរ៉ុប​ សម្រេចចាប់​​ផ្ដើម​ដំណើរ​ការ​នីតិវិធី​ផ្អាក​ EBA ពី​កម្ពុជា​ដែល​ខ្លួន​បាន​ផ្ដល់​ឲ្យ​កាល​ពី​ឆ្នាំ ​២០០៣ ដោយ​លើក​ឡើង​ពី​ហេតុផល​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

លោក​ សោផាន់ ​ថ្លែង​ថា លោក ប្រា​ក់​ សុខុន បាន​ប្រាប់​ប្រតិភូ​សហភាព​អឺរ៉ុប​​ថា កម្ពុជា​បាន​ធ្វើ​កិច្ច​ការ​ដើម្បី​ឆ្លើយ​ត​ប​ នឹង​ការ​ទាម​ទារ ដូច​ជា​ការ​កែ​ប្រែ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​អ្នក​នយោបាយ​ជាប់​បម្រាម​អាច​ស្នើ​សុំ​សម្បទា​នយោ​បា​យ​ ហើយ​ថែម​ទាំង​បាន​អនុញ្ញាត​ឲ្យ​លោ​​ក កឹម សុខា ទទួល​បាន​ការ​នៅ​ក្រៅ​ឃុំប៉ុន្តែ​ជាប់​ក្រោម​លក្ខខណ្ឌ​កំណត់​របស់​តុលាការ។

លោក​ថ្លែង​ថា៖ «ប្រទេស​ខ្លះ ​ទាម​ទារ​សេរីភាព​របស់​លោក កឹម សុខា ។ នេះ​ជា​ចំណុច​ដែល​ប៉ះ​ពាល់​ដ​​ល់​អធិបតេយ្យភាព​របស់​ប្រទេស​ កម្ពុជា។ កម្ពុជា​គោរព​ច្បាប់ គោរព​នីតិ​រដ្ឋ។ អ្វី​ដែល​កម្ពុជា​ មិន​អាច​ធ្វើ​បាន​គឺនៅ​បន្ទាត់​ក្រហម​នេះ»។

លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួ​​​​​ង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈថ្លែ​ង​ថា ទោះ​បី​មាន​ ​ឬ​គ្មាន EBA ​សេដ្ឋកិច្ច​កម្ពុជា ​​មិន​អាច​ធាក់​ថយ​ក្រោយ​នោះ​ទេ​។ វា​អាច​​មាន​សម្ពា​ធ​​នៅ​ក្នុង​ដំណាក់កា​ល​ខ្លី​ណា​មួយ​ ហើយ​បើ​អាច​គ្រប់​គ្រង​ចំណុច​ប្រឈមឬ​ចំណុច​ប៉ះ​ពាល់​ទាំ​ង​នោះ​បាន​ កម្ពុជា​​នឹង​មាន​ឧត្តម​ភាព​ក្នុ​​ង​ការ​ប្រកួត​ប្រជែង​ក្នុង​រយៈ​ពេល​យូរ​​អង្វែង។ លោក​បន្ត​ថា បើ​ទោះ​បី EBA អាច​បាត់​បង់​នៅ​ដំណាក់​កាល​ចុងក្រោ​​យ​ក៏​ដោយ ​ក៏​សហប្រតិបត្តិ​ការ​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ យើង​នៅ​មាន​វិធានការ​ពិភាក្សា​គ្នា​ជា​បន្ត​បន្ទាប់​ទៅមុខ​ទៀត ហើយ​ចំណុច​ជា​ច្រើន​​ដូ​ច​​​កម្ពុជា​បាន​បញ្ជាក់​ជំហរ​រួច​ហើយ​ថា បើ​មាន​ EBA យើង​ស្វាគមន៍ ហើយ​បើ​អត់​ EBA ក៏​យើង​នៅ​តែ​បន្ត​ទំនាក់​ទំនង​ជាមួយ​នឹង ​EU ហើយ​វា​អាស្រ័​យ​​លើ​ EU ជា​អ្នក​សម្រេច​ថា​តើ​អ្វី​ជា​គោ​​ល​​​​នយោបាយ​រួម​របស់​ EU សម្រាប់​ប្រជា​​ជន​កម្ពុជា​វា​ដូច​ម្ដេច ។ ប្រសិន​បើ EU ចង់​ឃើញ​អ្វី​ដែល​ជា​ភាពវិជ្ជមាន​ អំពី​សុ​ច្ឆន្ទៈ​នៃ​ការ​ចង់​ឃើញ​ការ​គោរព​លក្ខ​​​​​ខណ្ឌ​ការងារ​ ដែល​កម្ពុជា​ឈាន​មុខ​គេ​ហើយ ខ្ញុំ​សង្ឃឹម​ថា​ EU នឹង​បន្ត»។

លោក​បន្ត​ថា៖ «ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​សមភាគី​របស់​យើង​យល់​ថា​ លក្ខខណ្ឌ​ការងារ​ឬ​អ្វី​ដែល​កម្ពុជា​បាន​ធ្វើ​ល្អ​ជាង​គេ ហើយ​វា​មិន​អាច​ជា​ចំណុច​គន្លឹះ​សម្រាប់​ EU ធ្វើ​ការ​ពិចា​​​​​​​រណា​ទេអាហ្នឹង​ក៏​វា​ជា​ការ​វិនិច្ឆ័យ​ដោ​យ​​ឡែក​របស់​ EU ។ ចំណែក​កម្ពុជា​ក៏​មាន​គោល​នយោបាយ​ឯក​រាជ្យ មាន​វិធានការ​ឯករាជ្យ​របស់​ខ្លួន​ក្នុង​ការ​​គ្រប់​គ្រង​មីក្រូ​សេដ្ឋកិច្ច និង​គ្រប់​គ្រង​នូវ​មូលដ្ឋាន​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន»។

លោក ផៃ​ ស៊ីផាន អ្នក​នាំ​​ពាក្យ​រដ្ឋាភិបាល​ ​លើក​ឡើង​ថា កម្ពុជា​ បាន​ត្រៀម​ខ្លួន​ជាង​ ១ ឆ្នាំ​ហើយ ​សម្រាប់​ការ​បាត់​បង់​ EBA ដោយ​លោក​ថា ចំណូល​របស់​កម្ពុជា​កើន​ខ្ពស់។ ​ការ​ត្រៀម​ខ្លួន​រួម​មាន ​​ការ​ចូលរួម​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​​ធ្វើ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ផ្សេង​ៗ កាត់​បន្ថយ​ការ​ចំណាយ​របស់​ពាណិជ្ជករ​ជាដើម។

លោក​ថា៖ «EBA យើ​ង​ត្រៀម​ខ្លួន​បាត់​បង់ ប៉ុន្តែ​អ្វី​ដែល​យើ​ង​ថា​ វា​អយុត្តិធម៌​ គឺការ​យក​រឿង​នយោ​​​​​បាយ​មក​ពាក់​ព័ន្ធ ដែល​ធ្វើ​ឲ្យ​រឿង​នេះ​ដូច​ជា​ រលកស៊ូណាមិ។ ​នេះ​ជា​អ្វី​ដែល​យើង​មិន​សប្បាយ​ចិត្ត។ តែ​ទំនាក់​ទំនង​ជាមួយ​ EU និង​សមាជិក​នៃ​ EU នៅ​តែ​មាន​ទំនាក់​ទំនង​ល្អ។ យើង​អត់​មាន​ទោមនស្សទេ បាត់​ក៏​បាត់​ទៅ មិន​បាត់​ក៏​ហី​ទៅ អ្វី​ដែល​ជា​អាទិភាព​ គឺ​យើង​ពង្រឹង​សេដ្ឋកិច្ច​របស់​យើង»។​

លោក​​ថា៖ «បើ​ឲ្យយើង​ធ្វើ​អ្វីប៉ះ​ពា​ល់​ដល់​អធិបតេយ្យភាព​កម្ពុជា រំលោភ​លើ​សាល​ដីកាតុលាការ​កំពូល យើង​អត់​ធ្វើ ហើយ​បើ​ធ្វើ​ទៅ​នាំ​ឲ្យកម្ពុជា​មាន​អស្ថិរភាព​ហើយ​បាត់​បង់​សន្តិភាព​ដែល​មាន​តម្លៃខ្ពស់ យើង​អត់​ធ្វើ»។

លោក ឯម សុវណ្ណារ៉ា អ្នក​វិភាគ​នយោបាយ​យល់​ថា រដ្ឋាភិបាល​ មិន​បាន​ឆ្លើយ​តប​ច្រើន​ទៅលើ​ការ​ទាម​ទារ​របស់​ EU ទេ ដូច​ជា​ នៅ​លើ​សិទ្ធិ​ការងារ និង​បញ្ហា​នយោបាយ​ ខណៈ​ដែល​ខ្លួន​​ក៏​ចង់​រក្សា​ទុក​ EBA ដែរ។

លោក​ថា រដ្ឋា​ភិបាល​ នឹង​ធ្វើ​តាម​ EU ក្នុង​ករណី​ដែល​ខ្លួន​មិន​អាច​ទប់​ស្កាត់ឬ​រក​អ្វីមក​ជំនួស​បាន​​ពី​អត្ថ​​​ប្រយោជន៍​នៃ​ការបាត់​បង់​ EBA។ ប៉ុន្តែ​រដ្ឋាភិបាល​នឹង​មិន​ធ្វើ​តាម​ EU ទេ​ បើ​គណបក្ស​កាន់​អំណាច​គិត​ទៅ​លើ​ការ​បាត់​បង់​ប្រជាប្រិយ​ភាព​ធៀប​ទៅ​នឹង​បក្ស​ប្រឆាំង។

លោក​បាន​ថ្លែង​ថា៖ «ការ​ដក​វា​ពិត​ជា​មិន​អាច​ជួយ​លើក​ស្ទួយ​​លទ្ធិ​ប្រជាធិបតេយ្យនិង​សិទ្ធិ​មនុស្ស​បាន​ទេ​ ប៉ុន្តែ​​សហភាពអឺរ៉ុប​គេ​អត់​មាន​វិធានការ​អី​ផ្សេង​ ក្រៅ​ពី​រំឭកឬ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​តាម​គេ​ទេ ។ បើ​អត់​ទេ​​ ចំណាត់​ការ​សហភាព​អឺរ៉ុប​ គឺ​គេ​យក ​EBA ជា​ចំណាត់​ការ​បឋម»។

ប្រសិន​បើបាត់ EBA នោះ លោក សុវណ្ណារ៉ា​ថា បញ្ហា​រឿង​សិទ្ធិ​មនុស្ស ​វា​នឹង​កាន់​តែ​តាន​តឹង ហើយ​ពលរដ្ឋ​កម្ពុជា ​អាច​នឹង​ងាក​ទៅ​រក​ចរន្ត​នយោបាយ ​២ គឺ​មួយ​ចង់​បាន​ប្រជា​ធិបតេយ្យ ហើ​យ​មួយ​ទៀត​បន្ត​គាំទ្រ​រដ្ឋាភិបាល ហើយ​ព្រឹត្តិការ​ណ៍​ដែល​មិន​អាច​គិត​ទុក​មុន វា​​នឹង​កើត​មាន​ ក្នុង​អនាគត​វែង​ឆ្ងាយ​ទៀត។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោ​​បាយ​ម្នាក់​ទៀតយល់​ឃើញ​​ថា រហូត​មកទល់​ពេល​នេះ រដ្ឋាភិបាល​​មិន​បាន​ធ្វើ​ទៅ​​តាម​​​ការ​ចង់​បាន​របស់​ EU នោះ​​ទេ ហើយ​បាន​រក្សា​ជំហរ​របស់​ខ្លួន។​ លោក​ថា ​បញ្ហា​សិទ្ធិ​មនុស្ស​នៅកម្ពុជា​អាក្រក់​​ ដោយ​មិន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធនោះ​ទេ។

លោក​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​នឹង​ប្រសើ​រឡើង​ បើ​រដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស និ​ងរដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន។ លោក​ថា​ EBA គ្រាន់​តែ​ជា​ការ​លើក​ទឹកចិត្ត​ប៉ុណ្ណោះ។

លោក​ ព្រាប​ កុល ប្រធាន​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ ​ថ្លែង​ថា EU គោរព​​នីតិវិធី​ និង​បទដ្ឋាន​លើ​គោល ការណ៍​និង​ជំហរ​របស់​ខ្លួន។ EU ធ្វើ​ការ​វាយ​តម្លៃ​និង​ផ្ដល់​សារៈ​សំខាន់​លើ​សសរ​ស្ដម្ភ​ ៤ គឺ​សិទ្ធិ​នយោបាយ លំហ​​ចូលរួម​របស់​ពលរដ្ឋ សិទ្ធិ​​និង​លក្ខខណ្ឌ​ការងារ​និង​សិទ្ធិ​ដីធ្លី។

លោក​ថា៖​ «ការ​រីក​ចម្រើន​លើ​ចំណុច​ទាំង​នេះ​គឺវា​មា​នភាព​ចាំបាច់​ក្នុង​ការ​ចៀស​វាង​ការ​បាត់បង់ EBA»៕