ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​បាន​ពន្យល់ថា ការនៅ​តែ​បន្ត​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ​ក្នុង​ចំនួន​កាន់តែច្រើន ជា​រៀងរាល់​ថ្ងៃ គឺ​ដោយសារ​តែ​មាន​ការធ្វើតេស្ត​រហ័ស​នៅ​តំបន់​ក្រហម ដែល​មាន​ការឆ្លង​ច្រើន។

ការពន្យល់​បែប​នេះ ខណៈ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ចម្ងល់ ថា​តើ​ហេតុអ្វី បាន​ជា​ចំនួន​នៃ​អ្នក​ឆ្លង​វីរុស​កូវីដ១៩ នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​រកឃើញ​មាន​ចំនួន​កាន់តែ​ច្រើន​ឡើងៗ​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ បើទោះបី​ជា​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​បិទ​ខ្ទប់​តំបន់​មួយចំនួន មិន​ឱ្យ​មាន​ប្រជាពលរដ្ឋ​ចេញ ពី​លំនៅឋាន​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ក៏ដោយ។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ប្រកាស​បិទខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ទីក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល រយៈពេល ១៤ ថ្ងៃ​ចាប់ពី​ថ្ងៃទី ១៥ ខែមេសា ដល់​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

បន្ទាប់មកទៀត រាជរដ្ឋាភិបាល​បាន​សម្រេច​បន្ត​ធ្វើការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​ដដែល​នេះ រយៈពេល ១ សប្តាហ៍​ទៀត រហូត​ដល់​ថ្ងៃទី ០៥ ខែឧសភា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូវីដ១៩ ប៉ុន្តែ​នៅតែ​បន្ត​មាន​ការឆ្លង​រាលដាល​ និង​មាន​រកឃើញ​អ្នក​ឆ្លង​ជាច្រើន​រយ​នាក់​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

ជាងនេះ​ទៅ​ទៀត អភិបាល​រាជធានី​ភ្នំពេញ​លោក​ ឃួង ស្រេង បាន​សម្រេច​កំណត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជា​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង​ក្នុង​អំឡុងពេល​នៃ​ការអនុវត្ត​វិធានការ​បិទ​ខ្ទប់​នេះ ហើយ​អ្នក​ដែល​រកឃើញ​មាន​ឆ្លង​ច្រើន ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ក្រហម និង​លឿងទុំ។

លោក ហុក គឹមចេង អគ្គនាយក​បច្ចេកទេស​សុខាភិបាល​នៃ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​អង្គារ ទី ០៤ ខែឧសភា​នេះ ថា ការដែល​ក្រសួង​នៅតែ​បន្ត​រកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូវីដ១៩​ក្នុង​ចំនួន​ច្រើន​ជា​បន្តបន្ទាប់​ដដែល​នេះ ដោយសារ​តែ [យើង] បាន​ធ្វើ​តេស្ត​រហ័ស​ក្នុង​ទីតាំង​ដែល​បាន​កំណត់ថា ជា​តំបន់​ក្រហម​ដែលជា​កន្លែង​មានការ​ឆ្លង​ច្រើន។

លោក​ថា ក្នុង​រយៈពេល​ជិត ៣ សប្តាហ៍​កន្លងមកនេះ ការខិតខំ​ប្រឹងប្រែង​ក្នុងការ​ធ្វើតេស្ត​រក​វីរុស កូវីដ១៩ ដែល​ធ្វើឱ្យ​ចំនួន​នៃ​ការរកឃើញ​អ្នក​ឆ្លង​មាន​ចំនួន​ច្រើន គឺ​ដោយសារ​ការប្រើ​ម៉ាស៊ីន​តេស្ត​រហ័ស​ទៅលើ​អ្នក​សង្ស័យថា មាន​ផ្ទុក​វីរុស​កូវីដ១៩។

លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​ដែល​រកឃើញ​មាន​វិជ្ជមាន​ច្រើន គឺ​នៅ​តំបន់​ក្រហម ឬ​តំបន់​មាន​ហានិភ័យ​ខ្ពស់ ដែល​មាន​ការឆ្លង​ច្រើន ហើយ​យើង​បានធ្វើ​តេស្ត​ច្រើន​ទៅដល់​អ្នក​ដែល​រស់នៅ​ទីនោះ ដែល​ធ្វើឱ្យ​យើង​រកឃើញ​មាន​ករណីនេះ​ច្រើន ហើយ​យើង​ក៏បាន​បិទ​ខ្ទប់​នៅតាម​ភូមិសាស្ត្រ​សំខាន់ៗ​ដែល​មាន​ការឆ្លង​ច្រើន​នោះ​ហើយ​ដែរ»។

លោក ហុក គឹមចេង បាន​ពន្យល់​បន្តថា៖ «អត្រា​នៃ​ការ​តេស្ត​រក​អ្នក​ឆ្លង​វីរុស​កូវីដ១៩ មាន​ពី ១០ ភាគរយ ឬ​លើស ១០ ភាគរយ​ទៅទៀត។ អ្វីដែល​យើង​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​នេះ គឺ​នៅក្នុង​តំបន់​ដែលមាន​ការឆ្លង​ពីមុនមក​ហ្នឹង ! ហើយ​យើង​នៅតែ​បន្ត​ និង​ជំរុញ​ការធ្វើ​តេស្ត​ស្រាវជ្រាវ រក​បន្តបន្ទាប់​ទៀត នៅក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​នេះ»។

មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​រូបនេះ​បាន​បញ្ជាក់​ទៀតថា បើ​គិត​ចាប់ពី​ពេល​នៃ​ការបិទ​ខ្ទប់​រហូត​មកដល់​ពេលនេះ មិនទាន់​មាន​រយៈពេល​វែង​ប៉ុន្មាន​នោះដែរ ក្នុង​ការរុករក​អ្នកមាន​វិជ្ជមាន វីរុស​កូវីដ១៩ ក្នុង​តំបន់​បិទខ្ទប់​ដែល​ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់​នេះ ហើយ​ការរកឃើញ​នូវ​ករណីនេះ ជា​បន្តបន្ទាប់​ទៀត​នៅ​កន្លែង​ទាំងនោះ។

គួរបញ្ជាក់​ផងដែរ​ថា នៅ​មុនពេល​ប៉ុន្មាន​ម៉ោង​នៃ​ការចេញ​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ប្រជាពលរដ្ឋ​នៅក្នុង​ទីក្រុង​ភ្នំពេញ​រាប់រយ​នាក់​បាន​សម្រុក​ទៅ​ទិញ​អីវ៉ាន់​ និង​ស្បៀងអាហារ​សម្រាប់​ត្រៀម​ទុក​នៅ​អំឡុងពេល​នៃ​ការបិទខ្ទប់​នេះ។

ការសម្រុក​នាំគ្នា​ទិញ​អីវ៉ាន់​ និង​ស្បៀងអាហារ​នៅតាម​ផ្សារ​នេះ បន្ទាប់ពី​មាន​សារ​សំឡេង​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​បែកធ្លាយ​ជា​សាធារណៈ​ថា នឹង​មាន​ការបិទខ្ទប់​នេះ និង​មានការ​ផ្សព្វផ្សាយ​នៅតាម​បណ្តាញ​សង្គម​នានា​រួម​នឹង​ការផ្សាយ​របស់​សារព័ត៌មាន​បរទេស និង​ក្នុងស្រុក​មួយចំនួន​ផងដែរ។

ជាមួយ​គ្នា​នេះដែរ មួយថ្ងៃ​បន្ទាប់មក​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ព្រមាន​ចាត់វិធានការ​ទៅដល់​អ្នក​ដែល​ធ្វើឱ្យ​មានការ​បែកធ្លាយ​នូវ​សារ​សំឡេង​នេះ។

ទាក់ទង​នឹង​ករណីនេះ លោក ហុក គឹមចេង បាន​បញ្ជាក់ថា ការឆ្លង​រីករាលដាល​ច្រើន​នេះ​​មិនមាន​ហេតុផល​ណាមួយ​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​នាពេល​កន្លងមក​នោះទេ ប៉ុន្តែ​ក្រសួង​បាន​រកឃើញ​ចង្កោម​នៃ​ការឆ្លង​ជាច្រើន​កន្លែង​មុនពេល​រាជរដ្ឋាភិបាល​បានចេញ​សេចក្តីសម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ និង​ទីក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស (គ.វ.ក-១៩) បាន​លើកឡើង​ថា បើ​បុគ្គលម្នាក់ៗ​មិន​បាន​អនុវត្ត​វិធានការ ៣ ការពារ និង ៣ កុំ ត្រឹមត្រូវ​ទេនោះ ការចម្លង​នៅតែ​មាន ហើយ​ខ្សែចម្លង​រឹតតែ​អូសបន្លាយ​ឆ្ងាយទៅៗ រហូត​ដល់​ថ្ងៃ​ណាមួយ​នឹង​ហួស​ពី​សមត្ថភាព​គ្រប់គ្រង​បាន​ហើយ។

លោកស្រី​បាន​បន្ថែមថា ៖ «នៅ​ឥណ្ឌា យើង​ឃើញ​ស្រាប់​ហើយៗ យើង​ក៏​មិន​ចង់​ជួប​ព្រឹត្តិការណ៍​បែប​នោះដែរ​មែន​ទេ? បើ​មែន ត្រូវតែ​រួមគ្នា​ឆ្លងកាត់​ការលំបាក​ពេលនេះ​ឱ្យបាន ហើយ​គ្មានអ្វី​ដែល​អាច​ការពារ​ខ្លួន​យើង​បាន​ក្រៅតែពី ៣ ការពារ ៣ កុំ ចាក់​វ៉ាក់សាំង និង​នៅផ្ទះ ប្រសិនបើ​មិនមាន​ការចាំបាច់​ទេនោះ ព្យាយាម​កុំ​ចេញ​ក្រៅ​ផ្ទះ»។

ទន្ទឹមនឹង​នេះដែរ មនុស្ស​ចំនួន ៩៣៨ នាក់​ត្រូវ​បាន​ក្រសួង​សុខាភិបាល ប្រកាស​រកឃើញ​មាន​ឆ្លង​វីរុស​កូវីដ១៩ នៅ​ថ្ងៃទី ០៤ ខែឧសភា​នេះ ខណៈ​ដែលមាន​អ្នកជា​សះស្បើយ​ចំនួន ៣៦១ នាក់ និង​មាន​អ្នកទទួល​មរណភាព​ ដោយសារ​ជំងឺ​កូវីដ១៩​បន្ថែម​ចំនួន ០១ នាក់​ទៀត៕