ភ្នំពេញៈ មន្ត្រីក្រសួងបរិស្ថានបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការប្រើប្រាស់ថង់ប្លាស្ទិកពីហាងទំនើបធំៗ (Superstore) ប្រហែល ៣០ ភាគរយ អាចត្រូវបានកាត់បន្ថយ ស្របពេលដែលអនុក្រឹត្យទាក់ទងនឹងការការពារបរិស្ថានកំពុងត្រូវបានដំណើរការរៀបចំ ខណៈស្ថាប័នខ្លះឈប់ប្រើថង់ប្លាស្ទិក។
លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពលរដ្ឋកម្ពុជាមានការយល់ដឹងកាន់តែច្រើនពីផលប៉ះពាល់ដោយការប្រើថង់ប្លាស្ទិក។ លោកថា នេះក៏ដោយសារមានការចូលរួមពីដៃគូអភិវឌ្ឍន៍និងអង្គការដៃគូផងដែរ។ ស្ថាប័នមួយចំនួនឈប់ប្រើប្រាស់ថង់ប្លាស្ទិកដូចជា កែវជ័រជាដើម បែរមកជាប្រើជំនួសវិញនូវបំពង់ដែលអាចប្រើហើយលាងបានវិញ។
លោក អ៊ាង សុផល្លែត បញ្ជាក់ថា៖ «ប្រជាជនយើងគាត់ឈប់ប្រើថង់ប្លាស្ទិកហើយ ភាគច្រើនគាត់យកថង់ពីផ្ទះទៅ ហើយទៅគាត់ដាក់ទំនិញគាត់ហើយគាត់យកមកវិញ ចុះឡើងៗ»។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា អនុក្រឹត្យថ្មីស្តីពីបំពង់បឺត និងប្រអប់ស្នោកំពុងត្រូវបានដំណើរការរៀបចំដើម្បីចូលរួមទប់ស្កាត់ការប្រើប្រាស់ ឬកាត់បន្ថយការប្រើប្រាស់ថង់ ប្លាស្ទិកនិងការប្រើប្រាស់សារធាតុដែលផលិតពីប្លាស្ទិកដែលប៉ះពាល់ដល់បរិស្ថាន។ ប៉ុន្តែលោកថា មិនទាន់អាចអត្ថាធិប្បាយបន្ថែមជុំវិញអនុក្រឹត្យថ្មីនេះទេ។
កាលពីថ្ងៃទី ១ ខែ សីហា លោក អ៊ាង សុផល្លែត បានដឹកនាំកិច្ច ប្រជុំក្រុមការងារគ្រប់គ្រងសំណល់ប្លាស្ទិកដោយមានការចូលរួមពីតំណាងអង្គការ UNDP និង World Bank ដើម្បីរកមធ្យោបាយជំរុញការអនុវត្ត 4R (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ កែច្នៃឡើងវិញ និងប្រើជំនួស) និងការអប់រំដើម្បីឱ្យមានការយល់ដឹងពីផលវិបាក និងផលប៉ះពាល់ពីការប្រើប្រាស់ថង់ប្លាស្ទិក។
លោក អ៊ាង សុផល្លែត បញ្ជាក់ថា៖ «គឺយើងរៀបចំទិវាថ្ងៃអុំទូកហ្នឹង ដើម្បីយើងរៀបចំជា Concert (ការប្រគំតន្ត្រី) ជាស្ប៉តដើម្បីយើងផ្សព្វផ្សាយឱ្យបានទូលំទូលាយ»។
បើតាមលោក អ៊ាង សុផល្លែត កិច្ចប្រជុំនេះ ក៏បានពិភាក្សាពីការស្វែងរកអ្វីមកជំនួសវិញផងដែរ នៅពេលបិទការប្រើប្រាស់អ្វីមួយដើម្បីអាចមានអ្វីផ្សេងទៀតយកមកប្រើប្រាស់ជំនួស។
កាលពីថ្ងៃទី ២ សីហា UNDP បានប្រកាសក្នុង Facebook ថា សំរាមប្លាស្ទិកបាន និងកំពុងបំពុលបរិស្ថានសម្លាប់សត្វព្រៃ សត្វសមុទ្រ និងបង្កឲ្យ មានផលប៉ះពាល់ដល់សុខភាពមនុស្សទៀតផង។ តាមរយៈជំនួយថវិការបស់ស្ថានទូតស៊ុយអែត UNDP កំពុងគំាទ្រក្រសួងបរិស្ថានក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
រាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ គឺជាទីក្រុងធំៗទាំង ៣ របស់កម្ពុជាដែលមានសំណល់ប្លាស្ទិកច្រើនជាងគេ។ នេះបើតាមការប្រកាសតាមហ្វេសប៊ុករបស់ UNDP កាលពីថ្ងៃទី ៣០ ខែ កក្កដា។ លោក ហេង យ៉ុនគូរ៉ា នាយកប្រតិបត្តិអង្គការកែច្នៃនិងអនាម័យសហគមន៍ (CSARO) បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា អង្គការលោកគាំទ្រអនុក្រឹត្យនេះ ព្រោះវាដល់ដំណាក់កាលហួសនិយាយហើយដែលកម្ពុជាប្រើបំពង់បឺត និងស្នោច្រើនធ្វើឱ្យប៉ះពាល់សុខភាពខ្លាំង។អង្គការលោកកំពុងផ្សព្វផ្សាយពីបញ្ហានេះឱ្យពលរដ្ឋបានយល់ដឹងពីផលប៉ះពាល់នេះ។
លោក យ៉ុនគូរ៉ា បញ្ជាក់ថា៖ «ប្រសិនបើរដ្ឋាភិបាលយើងមានបំណងបង្កើតអនុក្រឹត្យហ្នឹង យើងមិនចង់ថា បង្កើតហើយវាមានតែក្នុងការិយាល័យនោះទេ។ បង្កើតហើយត្រូវមានការផ្សព្វផ្សាយ ឱ្យទូលំទូលាយដល់សហគមន៍ដល់តំបន់ដាច់ស្រយាល»។
លោក ហេង យ៉ុនគូរ៉ា បន្តថា អង្គការលោកស្រាវជ្រាវឃើញថា មានទឹកប្រាក់ប្រមាណ ១០០ លានដុល្លារ ដែលកម្ពុជាទិញប្លាស្ទិកចូលក្នុង ១ ឆ្នាំៗ។ បំពង់បឺត និងស្នោគឺជាបញ្ហាប្រឈមខ្លាំងសម្រាប់មុខមាត់ប្រទេស កម្ពុជា។
លោកបានបញ្ជាក់ថា៖ «បំពង់បឺតហ្នឹងយើងឃើញហើយ ពេលប្រើហើយ វាទៅជាស្ទះលូ ហើយស្នោវាអណ្តែតតាមវាលស្រែ។ វាធ្វើបំពុលដី បំពុលអ៊ីចឹងទៅ ។ ប្រសិនបើទប់ស្កាត់បានលឿនកាលណា វាល្អសម្រាប់ប្រទេសយើង ហើយជនជាតិខ្មែរយើងក៏មានសុខភាពល្អលឿនដែរ»៕