
សកម្មភាពនៃការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាកាលពីពេលកន្លងមក។ រូបថត សហការី
ភ្នំពេញៈ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍បានឱ្យដឹងថា ការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ពីអាន់ណាឡូកទៅឌីជីថលនឹងផ្តល់ភាពសម្បូរបែបនៃប្រព័ន្ធផ្សព្វផ្សាយសម្រាប់ពលរដ្ឋទូទៅ ប៉ុន្តែក៏មានផលប៉ះពាល់មួយចំនួនដែលត្រូវដោះស្រាយផងដែរ។
លោក ផុស សុវណ្ណ បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃ ២២ មីនាថា ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ដែលកំពុងប្រើប្រាស់សព្វថ្ងៃហៅថា ទម្រង់អាន់ណាឡូក ហើយម៉ាស៊ីនផ្សាយដែលប្រើប្រាស់ជាទម្រង់នេះពិបាកក្នុងការពន្យល់ឱ្យបានច្បាស់ព្រោះជាលក្ខណៈបច្ចេកទេស។
ប៉ុន្តែការផ្លាស់ប្ដូរប្រព័ន្ធនេះទៅជាប្រព័ន្ធឌីជីថលនឹងផ្ដល់ព័ត៌មានកាន់តែសម្បូរបែបគ្រប់ពេលវេលា គ្រប់ទីកន្លែង លឿនរហ័ស ទាំងរូបភាព និងសំឡេងច្បាស់ ប្រកបដោយគុណភាព។
លោកបានបន្តថា៖ «ការផ្សាយទូរទស្សន៍នៅជាទម្រង់អាន់ណាឡូក មានន័យថា ១ ប៉ុស្តិ៍អាចផ្សាយបានតែ ១ កម្មវិធីទេ ឧទាហរណ៍ថា ទទក ប៉ុស្តិ៍លេខ ៧ អ៊ីចឹង មើលបានតែ ទទក១ ក្នុងទំហំ ១ ទេ ប៉ុន្តែពេលប្តូរទៅជាឌីជីថល ប៉ុស្តិ៍លេខ ៧ មួយហ្នឹង យើងអាចផ្សាយបាន ៤ ទៅ ៥ កម្មវិធីទៅតាមទំហំដែលយើងចង់បាន។ ឧបមាថាយើងចង់ផ្សាយឱ្យវាច្បាស់ភ្លឺថ្លាអ៊ីចឹងទៅយើងយកកម្រិតណា តែបើយើងចង់ផ្សាយគ្រាន់តែឱ្យមើលឃើញធម្មតាៗ យើងអាចកម្រិតណាមួយទៀតអ៊ីចឹងទៅ»។
យ៉ាងណាក្ដីលោក ផុសសុវណ្ណ បញ្ជាក់ថា ការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍បែបអាន់ណាឡូកទៅឌីជីថលមានផលប៉ះពាល់មួយចំនួនដែលត្រូវសិក្សា និងដោះស្រាយ ទី១ គឺបញ្ហាការប្រើប្រាស់ទូរទស្សន៍របស់ប្រជាពលរដ្ឋទូទៅ ទី២ ការសាងសង់ស្ថានីយ និងទី ៣ គឺបញ្ហាហ្វ្រេកង់នៅតាមតំបន់ព្រំដែន។
លោក សុវណ្ណ បានលើកឡើងថា ចំពោះបញ្ហាទី ១ ការប៉ះពាល់ដល់ការប្រើប្រាស់ទូរទស្សន៍របស់ពលរដ្ឋទូទៅនៅពេលប្តូរទៅជាប្រព័ន្ធឌីជីថល ដោយសារតែទូរទស្សន៍ដែលពលរដ្ឋប្រើប្រាស់សព្វថ្ងៃមានប្រព័ន្ធទទួលដើរដោយប្រព័ន្ធអាន់ណាឡូក ហេតុនេះមន្ត្រីជំនាញចាំបាច់ត្រូវរកវិធីសម្រួលដល់ការប្រើប្រាស់ឱ្យបានគ្រប់ប្រភេទទូរទស្សន៍។
លោកបានថ្លែងថា៖ «នៅពេលប្តូរទៅផ្សាយជាប្រព័ន្ធឌីជីថល យើងកំពុងគិតថា ត្រូវឱ្យគាត់បោះទូរទស្សន៍ចាស់ហ្នឹងចោល ហើយទិញថ្មីដាក់ចូល ឬក៏យើងដោះស្រាយថា អាទូរទស្សន៍ចាស់ហ្នឹងត្រូវថែមឧបករណ៍អីដើម្បីឱ្យគាត់អាចមើលបាន»។
បញ្ហាមួយទៀតគឺការសាងសង់ស្ថានីយទូរទស្សន៍ ដែលបញ្ហានេះត្រូវពិនិត្យទៅលើការប្រើប្រាស់ហ្វ្រេកង់តាមស្តង់ដាសមស្របតាមស្ថានភាពប្រទេសកម្ពុជា។ «ការបង្កើតស្ថានីយហ្នឹងចង់និយាយថា ការប្រើប្រាស់ហ្វ្រេកង់ អាយធីយូ គេកំណត់មកមានច្រើនម៉ូដែល យើងត្រូវសិក្សាមើលការប៉ះពាល់ខ្លាំង ឬខ្សោយយ៉ាងណា ទៅតាមស្ថានភាពប្រទេសយើង។
ចំណុចចុងក្រោយ ដែលត្រូវគិតគូរនៅពេលប្តូរទៅជាឌីជីថលគឺត្រូវសិក្សាឡើងវិញពីបញ្ហាហ្វ្រេកង់ដែលកម្ពុជាធ្លាប់ប្រើប្រាស់នៅតាមបណ្តាព្រំដែនក្នុងពេលកន្លងមកជាមួយបណ្តាប្រទេសជិតខាង។
លោកថា៖ «នៅតំបន់កណ្តាលមិនអីទេប៉ុន្តែអ្នកនៅខាងៗដូចជា កោះកុង ប៉ៃលិន បន្ទាយមានជ័យ ឬបាវិត ស្វាយរៀង តើយើងប្រើម៉េច? ព្រោះបើប្រើមិនស្រួល វាប៉ះពាល់ជាមួយគេ គេក៏មើលមិនឃើញ យើងក៏មើលមិនឃើញ ដំឡើងស្ថានីយអស់លុយទទេ អីចឹងយើងត្រូវចរចាគ្នាពីការប្រើប្រាស់ ហ្វ្រេកង់កុំឱ្យជាន់គ្នា»។
លោក ផុស សុវណ្ណ ឱ្យដឹងដែរថា តាមគម្រោង ក្រសួងគ្រោងធ្វើឱ្យបានរួចរាល់ក្នុងរយៈពេល ៣ ឆ្នាំដោយគិតចាប់ពីឆ្នាំ ២០២០ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានសកម្មភាពណាមួយត្រូវបានអនុវត្តនោះទេ ពោលគឺកំពុងស្ថិតក្នុងគម្រោងនៅឡើយ ដោយសារបញ្ហាកូវីដ១៩។
លោកថា៖ «គម្រោងផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍ពីអាន់ណាឡូកទៅជាប្រព័ន្ធឌីជីថលនេះយើងគ្រោងធ្វើឱ្យរួចរាល់នៅឆ្នាំ ២០២៣ ខាងមុខនេះ។ តាមគម្រោងត្រូវចំណាយថវិកាជិត ៣០០ លានដុល្លារ ប៉ុន្តែដំណាក់កាលដំបូងយើងគ្រោងគិតតែថ្នាលមួយសិនទេដែលគ្រោងចំណាយថវិកាប្រមាណជិត ១០០ លានដុល្លារ នៅគោលដៅ ២៨ ទីតាំងទូទាំងរាជធានី-ខេត្ត» ។
ក៏ប៉ុន្តែការផ្លាស់ប្តូរនេះ មិនមែនមានន័យថា ទូរទស្សន៍អាន់ណាឡូកទាំងអស់ ត្រូវបិទភ្លាមៗនោះទេ គឺបន្តដំណើរការទន្ទឹមជាមួយទូរទស្សន៍ឌីជីថលទៅតាមកម្រិតណាមួយផ្សេងទៀត។ នេះបើតាមការផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី ២២ មីនា៕